ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ទណ្ឌិតជិតផុតទោស ត្រូវស្រង់ឈ្មោះ ទំនងស្ថិតក្នុងការពិចារណាដោះលែង
17, Jun 2021 , 6:59 pm        
រូបភាព
លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ (រូបពីគណនីហ្វេសប៊ករបស់លោក)
លោក នុត សវនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ (រូបពីគណនីហ្វេសប៊ករបស់លោក)
អ្នកទោស (ទណ្ឌិត) ដែលអនុវត្តទោសក្នុងពន្ធនាគារជិតចប់ឬជិតដល់កាលកំណត់ គឺជាគោលដៅនៃការស្រង់ឈ្មោះចូលទៅក្នុងបញ្ជី។ ឈ្មោះអ្នកទោសជិតផុតទោសទាំងនោះ ទំនងជាត្រូវតុលាការ យកទៅពិចារណា ក្នុងការដោះលែងដោយមានលក្ខខណ្ឌ ស្របពេលពន្ធនាគារ មានភាពចង្អៀតណែន ហើយពន្ធនាគារខ្លះ បានផ្ទុះជំងឺកូវីដ-១៩ថែមទៀត។



លោកឧត្តមសេនីយ៍ឯក នុត សវនា អគ្គនាយករងនិងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ផ្តល់ព័ត៌មានមានថា ពន្ធនាគាររាជធានី-ខេត្ត ដោយមានកិច្ចសហការជាមួយតុលាការរាជធានី-ខេត្ត បានដើរស្រង់ឈ្មោះអ្នកទោសជិតផុតទោសម្តងរួចមកហើយ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មកម្ល៉េះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោក បញ្ជាក់ថា៖«យើង បានធ្វើមួយសាហើយ បញ្ជីឈ្មោះអ្នកដែលជិតផុតទោសហ្នឹង ក្នុងលក្ខខណ្ឌមួយនៃការដាក់ឲ្យនៅក្រៅឃុំ...»។ 
 
យ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់ផ្នែកពន្ធនាគាររូបនេះ មិនទាន់ទទួលបាននិន្នន័យនោះទេថា អ្នកទោសជិតផុតទោសសរុប មានចំនួនប៉ុន្មាននាក់ ដែលត្រូវស្រង់ឈ្មោះ។ លោក បន្តថា អ្នកទោស ដែលត្រូវស្រង់ឈ្មោះ គឺជាអ្នកទោសជិតផុតទោសប៉ុណ្ណោះ ចំណែក អ្នកទោសប្រភេទផ្សេងទៀត ដូចជា អ្នកទោស ដែលអនុវត្តទោសបាន៥០ភាគរយ អ្នកទោស ដែលអនុវត្តទោសបាន១ភាគ៣ ឬ អ្នកទោស ដែលអនុវត្តទោសបាន២ភាគ៣ គឺចូលក្នុងវិធានការនៃការបន្ធូរបន្ថយទោសនិងការលើកលែងទោសពីអង្គព្រះមហាក្សត្រ។
 
អ្នកទោសជិតផុតទោស ដែលត្រូវស្រង់ឈ្មោះនោះ បើត្រូវបានដោះលែងមែន ពួកគេ នឹងត្រូវហៅថា អ្នកទោស ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ ហើយស្ថាប័ន ដែលមានសិទ្ធិសម្រេចដោះលែង គឺតុលាការ។ អ្នកទោស ដែលទទួលបានការដោះលែងដោយមានលក្ខខណ្ឌ គឺនៅតែមានឈ្មោះជាអ្នកទោស ហើយពួកគេ នឹងត្រូវបានអាជ្ញាធរ តាមឃ្លាំមើល ពេលចូលទៅរស់នៅក្នុងសង្គមវិញ។ ក្នុងករណីអាជ្ញាធរ សង្កេតឃើញថា ពួកគេ មិនអនុវត្តតាមលក្ខខណ្ឌ ដែលតុលាការកំណត់នោះទេ ពួកគេ ប្រឈមនឹងការចាប់បញ្ជូនយកទៅឃុំវិញ។  
 
បច្ចុប្បន្ន ក្រសួងយុត្តិធម៌ កំពុងរៀបចំវិធានការថ្មី១ ដើម្បីផ្តល់សិទ្ធិអំណាចឲ្យអាជ្ញាធរមានសមត្ថកិច្ច តាមឃ្លាំមើលអ្នកទោស ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ ពេលពួកគេ ចូលទៅរស់នៅក្នុងសង្គម។ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំមួយ ពិភាក្សាពីការចងក្រងវិធានថ្មីនេះ ដែលហៅថា សេចក្តីព្រាងប្រកាសស្តីពីបែបបទនៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និង ការបញ្ចូលទៅក្នុងសង្គមវិញ ចំពោះអ្នកទោស ដែលត្រូវដោះលែងដោយមានលក្ខខណ្ឌ។
 
គោលការណ៍ដោះលែងអ្នកទោស ដោយមានលក្ខខណ្ឌនេះ អាចចាត់ទុកជាគោលការណ៍១បន្ថែមទៀត ខណៈកម្ពុជា បានអនុវត្តរួចមកហើយ នូវគោលការណ៍បន្ធូរបន្ថយទោស និងដោះលែងអ្នកទោស ចំនួន៥ដង ក្នុង១ឆ្នាំ រួមមាន ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងពិធីបុណ្យវិសាខបូជា ក្នុងពិធីបុណ្យឯករាជ្យជាតិ ក្នុងពិធីបុណ្យអុំទូក និង ក្នុងទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍។
 
អ្នកទោស ដែលទទួលបានការបន្ធូរបន្ថយទោស និងអ្នកទោស ដែលត្រូវបានលើកលែងទោសដោយព្រះមហាក្សត្រ គឺខុសពីអ្នកទោស ដែលត្រូវបានតុលាការ ដោះលែងដោយមានលក្ខខណ្ឌ។ អ្នកទោស ដែលទទួលបានការបន្ធូរបន្ថយទោស ត្រូវបន្តជាប់ឃុំដដែល តែទោសជាប់ឃុំនោះ ត្រូវបានកាត់បន្ថយ។ អ្នកទោស ដែលទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ត្រូវបានដោះលែងពីការឃុំឃាំង ហើយលែងមានឈ្មោះជាអ្នកទោស ដែលត្រូវតុលាការ ឬអាជ្ញាធរតាមឃ្លាំមើលទៀតដែរ។
 
របាយការណ៍ពីលោក នុត សវនា បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២១ កម្ពុជា មានអ្នកជាប់ឃុំសរុបប្រមាណ៣,៨ម៉ឺននាក់ ដោយភាគច្រើនជាអ្នកជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ លោក អះអាងថា ឈានចូលឆ្នាំ២០២១នេះ ចំនួនអ្នកជាប់ឃុំ បានថយចុះ ដោយអ្នកថ្មី ដែលត្រូវបញ្ជូនទៅឃុំក្នុងពន្ធនាគារ មានចំនួនតិច ខណៈអ្នកជាប់ឃុំ ដែលបានចេញពីពន្ធនាគារ មានចំនួនច្រើន។ 
 
លោក បង្ហាញក្តីរំពឹងដូច្នេះថា៖«បើខាងក្រសួងយុត្តិធម៌គាត់ អាចអនុវត្តគោលការណ៍ថ្មីហ្នឹងបាន វា កាន់តែប្រសើរហើយ [ភាពចង្អៀតណែនក្នុងពន្ធនាគារ កាន់តែកាត់បន្ថយ]»។   
 
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ មានប្រសាសន៍ជាមួយសារព័ត៌ថ្មីៗ កាលពីថ្ងសទី១៥ ខែមិថុនា ថា អង្គការសង្គមស៊ីវិល តែងបារម្ភពីអ្នកជាប់ឃុំ ខណៈពន្ធនាគារ មានភាពចង្អៀតណែន ហើយពន្ធនាគារខ្លះ មានផ្ទុះជំជឺកូវីដ-១៩។ លោក បន្ថែមថា ដោយសារតែបារម្ភដូច្នេះហើយ ទើបកន្លងមក អង្គការសង្គមស៊ីវិល ស្នើឲ្យមានការដោះលែងអ្នកជាប់ឃុំខ្លះជាបណ្តោះអាសន្ន ដូចជា អ្នកជាប់ឃុំជិតផុតទោស អ្នកជាប់ឃុំជាស្រ្តីមានកូនតូចៗឬមានផ្ទៃពោះ អ្នកជាប់ឃុំជាចាស់ជរា អ្នកជាប់ឃុំមានជំងឺប្រចាំកាយ និង អ្នកជាប់ឃុំជាអនីតិជន (អាយុក្រោម១៨ឆ្នាំ) ជាដើម។ 
 
មន្រ្តីសង្គមស៊ីវិលរូបនេះ ស្នើដូច្នេះថា៖«ការដោះលែង ដោយមានលក្ខខណ្ឌក្តី ឬតាមមធ្យោបាយណាក្តី ត្រូវភ្ជាប់ដោយតម្លាភាព និងយុត្តិធម៌ ដោយគ្មានការរើសអើង»។
 
សេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១១ ខែមិថុនា បានឲ្យដឹងថា អ្នកជាប់ឃុំតាមពន្ធនាគាររាជធានី-ខេត្តមួយចំនួន៥ រួមមាន ពន្ធនាគារក្នុងរាជធានីភ្នំពេញ ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារខេត្តកំពង់ស្ពឺ និង ពន្ធនាគារខេត្តបន្ទាយមានជ័យ បានឆ្លងជំងឺកូវីដ-១៩។ ផ្អែកលើសេចក្តីប្រកាសព័ត៌មានដដែល អ្នកជាប់ឃុំ មានប្រមាណពី១០ ទៅ២០ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំសរុប នៅតាមបណ្តាពន្ធនាគាររាជធានី-ខេត្តទាំង៥នេះ ដែលបានឆ្លងជំងឺកូវីដ-១៩៕ 
 
 

Tag:
 ដោះលែងអ្នកទោសដោយមានលក្ខខណ្ឌ
  នុត សវនា
© រក្សាសិទ្ធិដោយ thmeythmey.com