ស្ថានទូតអាមេរិក បានបង្វែរថវិកាជំនួយចំនួន២១លានដុល្លារនៃគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់ដោយទីភ្នាក់ងារជំនួយអាមេរិក USAID ទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។
ស្ថានទូតអាមេរិកនៅភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៧ ខែមិថុនា ថា មូលហេតុនៃការបង្វែរថវិកានេះ ដោយសារការកាប់ឈើខុសច្បាប់ នៅតែមានក្នុងព្រៃឡង់ ហើយជម្រកសត្វព្រៃនៅទីនោះ ក៏នៅតែបន្តបាត់បង់ច្រើន ទោះបីអាមេរិកបានគាំទ្រថវិកាសរុប ១០០លានដុល្លារតាំងពីឆ្នាំ២០១៦មក ដើម្បីល្បាត និងរៀបចំប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏ដោយ។
«អាជ្ញាធរបានបន្តបំបិទសំឡេង ហើយធ្វើទុក្ខសហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូរបស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិរបស់គេ»។ នេះជាការអះអាងរបស់ស្ថានទូតអាមេរិក។
សម្រាប់ការបង្វែរថវិកានេះ គឺនឹងយកទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងាររបស់សហគមន៍មូលដ្ឋាន ដើម្បីឲ្យមានភាពប្រសើរជាងនេះ ជាពិសេសការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិជាប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក។ អាមេរិក សង្ឃឹមថា ថវិកាទាំងនេះ នឹងជួយសម្រួលជីវភាពពលរដ្ឋនៅសហគមន៍ដោយផ្ទាល់ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។
ស្ថានទូតអាមេរិក បញ្ជាក់ដូច្នេះ៖ «វាជាការគួរឲ្យស្តាយ ដែលស្ថានភាពកំពុងតែកាន់តែអាក្រក់ទៅ។ តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល។ ផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩ភាគរយ នៃគម្របព្រៃឈើនៅទីនោះ។ ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃនៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះឡើយ»។
ជុំវិញបញ្ហានេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ភាគីទាំង២ បានឯកភាពគ្នា បង្វែរថវិកាគម្រោងនេះ និងបន្តសហប្រតិបត្តិការផ្សេងទៀត ដែលបម្រើឱ្យប្រយោជន៍ប្រជាជនកម្ពុជា។ លោក នេត្រ ភត្រ្តា ក៏បានអរគុណចំពោះការចូលរួមចំណែករបស់គម្រោងព្រៃឡង់បៃតង ក្នុងការអភិរក្សធនធានធម្មជាតិនៅតំបន់ព្រៃឡង់។
លោក នេត្រ ភក្ត្រា បញ្ជាក់ប្រាប់ ThmeyThmey25 ដូច្នេះ៖ «បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងនៅតំបន់ការពារធម្មជាតិផ្សេងទៀតលែងកើតមានទៀតហើយ តែនៅមានបទល្មើសទ្រង់ទ្រាយតូចៗកើតឡើង។ នេះគឺជាក្តីព្រួយបារម្ភដែលនៅសេសសល់តិចតួចដែលក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធបាននិងកំពុងបន្តអនុវត្តច្បាប់ដោយការទទួលខុសត្រូវ»។
អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បន្តថា រដ្ឋាភិបាលកម្ពុជា មិនបានទទួលថវិកាពីគម្រោងនេះទេ ដោយសារក្រសួងបរិស្ថាន គ្រាន់តែជាដៃគូសហការជាមួយគម្រោងព្រៃឡង់បៃតង។ ការបញ្ចប់គម្រោងព្រៃឡង់បៃតងនេះ បានបង្ហាញថា ក្រសួងបរិស្ថាន មានការទទួលខុសត្រូវ និងមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងភាពជាម្ចាស់ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួន លើការការពារនិងអភិរក្សធនធានធម្មជាតិដោយឈរនៅលើមូលដ្ឋានច្បាប់ជាធរមាន។
«ដោយសារតែការការពារនិងអភិរក្សមានភាពល្អប្រសើរ កម្ពុជាបានទទួល ជោគជ័យលើការលក់ឥណទានកាបូន នៅលើទីផ្សារស្ម័គ្រចិត្តអន្តរជាតិ ស្ថានភាពជីវភាពពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចាប់ផ្តើមមានភាពល្អប្រសើរផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងជម្រើសថ្មីក្នុងមុខរបររបស់ខ្លួន»។ នេះជាបញ្ជាក់របស់លោក នេត្រ ភក្ត្រា។
របាយការណ៍របស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា រយៈពេល ៩ខែ ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បានបង្ក្រាបបទល្មើសធនធានធម្មចាតិ ចំនួន ៩៥៦ករណីនៅក្នុងដែនជម្រកសត្វព្រៃឡង់។ ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើស មន្ត្រីឧទ្យានុរក្ស បានរឹបអូសរណារយន្តចំនួន ៤៣៣គ្រឿង ,រថយន្ត៩គ្រឿង,គោយន្តចំនួន ១០៦គ្រឿង,ម៉ូតូចំនួន៤៦គ្រឿង, កាំភ្លើងកែច្នៃចំនួន១០៣ គ្រឿង, ដោះអន្ទាក់បានចំនួន ១ ៦៧៧អន្ទាក់ និងរឹបអូសឈើបានចំនួន៣០៣ ម៉ែត្រគូប។
សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៦ ដែលមានផ្ទៃដីសរុប ៤៣១,៦៨៣ ហិកតា។ ដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង៕