World Bank៖ សេដ្ឋកិច្ចកម្ពុជាងើបបណ្តើរៗឡើងវិញ ប៉ុន្តែស្ថិតក្នុងភាពផុយស្រួយ
ជាតិ
សេដ្ឋកិច្ច
World Bank៖ សេដ្ឋកិច្ចកម្ពុជាងើបបណ្តើរៗឡើងវិញ ប៉ុន្តែស្ថិតក្នុងភាពផុយស្រួយ
17, Jun 2021 , 8:59 pm        
រូបភាព
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញបន្តិចម្តងៗ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយក្នុងឆ្នាំ២០២០។  យ៉ាងណាក្តីការរើបឡើងវិញនេះ វាស្ថិតនៅក្នុងភាពផុយស្រួយនៅឡើយ ដោយសារតែវិធានការបិទខ្ទប់អាចត្រូវដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ នេះបើតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ក្រោមចំណងជើងថា «ដំណើរឆ្ពោះទៅការរើបឡើងវិញ» ដែលចេញផ្សាយដោយធនាគារពិភពលោក (World Bank)។

 
ស្របពេលដែលវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩នោះ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសម ព្រោះតែមានតម្រូវការខ្លាំងអម ដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជានិងចិន(CCFTA)។ ជាមួយគ្នានេះផ្នែកឧស្សាហកម្មផលិត ក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។
 
ធនាគារពិភពលោក បានបញ្ជាក់ថា អាជីវកម្មបោះដុំនិងលក់រាយបានប្រឹងរើបឡើងវិញយឺតៗ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ ,រីឯការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលកម្ពុជាឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសថែមទៀត។ ប៉ុន្តែផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវាកម្មដូចជា៖ ផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូននៅតែបន្តរងការប៉ះទង្គិចខ្លាំង ដោយសារការធ្លាក់ចុះនៃទេសចរក្នុងស្រុកនិងអន្តរជាតិ។
 
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលចេញផ្សាយដោយធនាគារពិភពលោក នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា ៖«ទៅមុខទៀតចក្ខុវិស័យសម្រាប់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង។ ក្នុងនោះ ទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះ អាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់មេរោគ[កូវីដ-១៩]និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងបង្ការ[ជំងឺនេះ]។  
 
របាយការណ៍ពីធនាគារពិភពលោក ក៏បានពិនិត្យមើលសេណារីយ៉ូអវិជ្ជមាននៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ «[ក្នុងករណីបើ]កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ  នោះ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ចតាមការព្យាករណ៍នឹងមានកំណើនតែ១ភាគរយប៉ុណ្ណោះក្នុងឆ្នាំ២០២១»។ នេះជាអ្វីដែលធនាគារពិភពលោក បានលើកឡើង។
 
តាមរយៈរបាយការណ៍នេះ ធនាគារពិភពលោក បានផ្តល់អនុសាសន៍ដល់កម្ពុជា គួរតែចាត់វិធានការភ្លាមៗ ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំងទន្ទឹមគ្នា នឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ និងការស្លាប់ឱ្យមានប្រសិទ្ធភាពបន្តទៀត។ ធនាគារពិភពលោក បានបន្តថា កម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មម ដែលរដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញនិងកំណើន ដោយកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គម និងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ 
 
ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុនោះ រដ្ឋាភិបាលត្រូវបន្តតាមដានឱ្យបានដិតដល់ លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និងការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង។  លោកស្រីអ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថា៖«ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោក ដោយសារតែកូវីដ-១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង៣លាននាក់រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់»។
 
បើតាមការលើកឡើងរបស់លោកស្រីអ៊ិនហ្គូណា ដូប្រាចា ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយកម្ពុជាប្រយុទ្ធនឹងមេរោគកូវីដ-១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។
 
របាយការណ៍ពីអ្នកជំនាញសេដ្ឋកិច្ចរបស់ធនាគារពិភពលោកបាន ផ្តល់អនុសាសន៍នូវគោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់ទ្រទ្រង់ដល់ការរើបឡើងវិញ។ ក្នុងនោះរួមមាន៖ការដាក់ចេញវិធានការជំនួយផ្នែកសង្គម នៅក្រោយដំណាក់កាលរាតត្បាតជំងឺ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កន្ត្រាក់ណាមួយ តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់របស់កម្មវិធីIDPoor, ការរៀបចំបង្កើតមូលដ្ឋានទិន្នន័យមួយសម្រាប់ជន ដែលគួរទទួលបានការគាំទ្រពីកម្មវិធីសង្គម និងការធ្វើយ៉ាងណាឱ្យមានតួអង្គច្រើន សម្រាប់ចែកចាយប្រាក់ឧបត្ថម្ភសង្គមដល់ជនក្រីក្រ៕  
 
 
 

Tag:
 World Bank
© រក្សាសិទ្ធិដោយ thmeythmey.com