COVID-19
អន្តរជាតិ
អ្នកជំនាញចិន៖ ការស៊ើបអង្កេតលើប្រភពដើមជំងឺកូវីដ-១៩ គួរតែផ្តោតលើអាមេរិកម្ដង
17, Jun 2021 , 10:29 pm        
រូបភាព
លោក Zeng Guang អ្នកជំនាញជំងឺឆ្លងរបស់ចិន។ រូបថត Global Times
លោក Zeng Guang អ្នកជំនាញជំងឺឆ្លងរបស់ចិន។ រូបថត Global Times
អ្នកជំនាញជំងឺឆ្លងចិន បានជំរុញឱ្យការស៊ើបអង្កេតប្រភពដើមនៃជំងឺឆ្លងកូវីដ-១៩ គួរតែផ្តោតនៅអាមេរិកវិញ ព្រោះនៅដំណាក់ដំបូង ប្រទេសមួយនេះ មានសភាពយឺត ក្នុងការធ្វើតេស្តលើប្រជាជន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិន Global Times នៅថ្ងៃទី១៧ ខែមិថុនា។

 
ការស៊ើបអង្កេតលើប្រភពដើមនៃជំងឺកូវីដ-១៩ ហាក់នៅមានភាពចម្រូងចម្រាសខ្លាំងរវាងអាមេរិក និងចិន បើទោះអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់រួចហើយថា ជំងឺឆ្លងមួយនេះ កើតចេញពីសត្វប្រចៀវ និងចម្លងទៅសត្វមួយទៀត មុននឹងឆ្លងមកមនុស្ស។ 
 
ថ្លែងនៅក្នុងសារព័ត៌មាន Global Times លោក Zeng Guang ប្រធានអ្នកជំនាញជំងឺឆ្លងនៅមជ្ឈមណ្ឌលទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងចិន បានសង្កត់ធ្ងន់ថា ការយកចិត្តទុកដាក់លើដើមកំណើតកូវីដ-១៩ គួរតែប្តូរទៅអាមេរិកវិញ ដែលនៅដំណាក់កាលដំបូងបានធ្វើតេស្តលើប្រជាជនយឺត និងជាប្រទេសសម្បូរដោយមន្ទីរពិសោធន៍។ អ្នកជំនាញរូបនេះ ក៏បានអំពាវនាវឱ្យផ្តោតលើអាវុធជីវសាស្រ្តផងដែរ។ 
 
«រាល់អាវុធជីវសាស្រ្ត ទាក់ទិននឹងកូវីដ-១៩ ដែលអាមេរិកមាន គួរតែជាកម្មវត្ថុនៃការស៊ើបអង្កេត»។ លោក Zeng Guang បានលើកឡើងបែបនេះ។ 
 
នៅសប្តាហ៍នេះ វិទ្យាស្ថានជាតិសុខាភិបាលអាមេរិក (NIH) បានបញ្ចេញការសិក្សាមួយ ដែលបង្ហាញថា យ៉ាងហោចណាស់មនុស្ស ៧នាក់ នៅក្នុងរដ្ឋចំនួន៥ របស់អាមេរិក បានឆ្លងជំងឺកូវីដ-១៩ នៅប៉ុន្មានសប្តាហ៍មុន អាជ្ញាធរប្រកាសពីករណីឆ្លងជាលើកដំបូង។ 
 
ទាក់ទិននឹងការសិក្សាមួយនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានកត់សម្គាល់ថា វាពិតប្រាកដណាស់ ការផ្ទុះឡើងនៃកូវីដ-១៩ មានប្រភពដើមជាច្រើន ហើយប្រទេសផ្សេងទៀត គួរតែសហការជាមួយអង្គការសុខភាពពិភពលោក។ 
 
ប្រភពដើមនៃកូវីដ-១៩ បានក្លាយជារឿងរ៉ាវនៃភាពតានតឹងមួយរវាងចិន អាមេរិក ដែលផ្តោតលើវិទ្យាស្ថានសិក្សាវីរុសនៅក្នុងទីក្រុងវូហាន។ ចិន បានបដិសេធជាច្រើនលើកថា កូរ៉ូណាវីរុស មិនបានធ្លាយចេញពីមន្ទីរពិសោធន៍មួយនោះឡើយ។ 
 
កន្លងមក ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានបញ្ជាឱ្យមន្រ្តីរបស់ខ្លួនស៊ើបអង្កេតពីដើមកំណើតកូវីដ-១៩ និងប្រាប់លោកវិញ ក្នុងរយៈពេល ៩០ថ្ងៃ។ ការស៊ើបអង្កេតនោះ នឹងពិនិត្យលើប្រភពចម្លងមកពីសត្វប្រច្រៀវ និងចេញពីមន្ទីរពិសោធន៍។ 
 
គិតត្រឹមរសៀលថ្ងៃទី១៧ ខែមិថុនា តួលេខសរុបនៃករណីឆ្លងជំងឺកូវីដ-១៩ របស់ពិភពលោក បានកើនឡើងដល់ជាង ១៧៧លានករណី និងអ្នកស្លាប់មានចំនួនជាង ៣,៨លាននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ១៦២លាននាក់៕ 
 

Tag:
 ចិន
  អាមេរិក
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com