ជាតិ
រកឃើញអាល់កុលក្លែងក្លាយជាង១០០លីត្រក្នុងផ្សារ-ឱសថដ្ឋាននៅព្រៃវែង និងកោះកុង (Front)ការចុះពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ តាមបណ្ដាផ្សារ ឱសថដ្ឋាន និងម៉ាត របស់មន្ត្រីសាខា ក.ប.ប នៅថ្ងៃទី១៧មិថុនា ឆ្នាំ២០២១។ រូបភាពពីហ្វេសប៊ុកផេក ក.ប.ប។
×
ដោយ៖ ស៊ុល រ៉វី
ភ្នំពេញ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១៦ ខែមិថុនា បានរឹបអូសអាល់កុលក្លែងក្លាយចំនួន ១១៨លីត្រ ពីបណ្ដាផ្សារ ឱសថដ្ឋាន និងម៉ាត ក្នុងខេត្តព្រៃវែង និងខេត្តកោះកុង។ បច្ចុប្បន្នអាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានមន្ត្រីយកទៅរក្សាទុក ដើម្បីដោះស្រាយតាមនីតិវិធី។
មន្ត្រីជំនាញខេត្តកោះកុង បានរកឃើញអាល់កុលក្លែងក្លាយចំនួន ៣៦លីត្រ។ រីឯ ក្នុងខេត្តព្រៃវែង មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយ ៨២លីត្រ។ យោងតាម ក.ប.ប អាល់កុលក្លែងក្លាយខាងលើនេះ ត្រូវបានរកឃើញ ពេលចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានទំនិញក្លែងក្លាយ នៅតាមបណ្ដាផ្សារ ឱសថដ្ឋាន និងម៉ាត ក្នុងខេត្តកោះកុង កណ្ដាល និងខេត្តព្រៃវែង។
ដោយឡែក ខេត្តកណ្ដាលពុំបានរកឃើញអាល់កុលក្លែងក្លាយនោះឡើយ។ ប៉ុន្តែមន្ត្រីជំនាញសាខា ក.ប.ប បានដកយកសំណាកចំនួន ៣៥សំណាក ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋាន ក.ប.ប វិភាគរកសារធាតុមេតាណុលបន្តទៀត។
គួរបញ្ជាក់ផងដែរ សារធាតុគីមីមេតាណុល ប្រើប្រាស់ជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែគ្មានប្រសិទ្ធភាពប៉ុណ្ណោះទេ តែវាបណ្ដាលឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន ធ្វើឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឱ្យស្លាប់ ប្រសិនបើយកទៅលាយនឹងស្រា ហើយទទួលទានលើសកម្រិត៕
Tag:
អាល់កុល
កោះកុង
ព្រៃវែង
កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com