​កូវីដ-១៩នៅ៧ខេត្ត៖ កោះកុង៦៥នាក់, កំពង់ចាម៥៩នាក់,​ កំពតនិងបាត់ដំបងមាន២០នាក់​រៀងខ្លួន
COVID-19
ជាតិ
​កូវីដ-១៩នៅ៧ខេត្ត៖ កោះកុង៦៥នាក់, កំពង់ចាម៥៩នាក់,​ កំពតនិងបាត់ដំបងមាន២០នាក់​រៀងខ្លួន
18, Jun 2021 , 6:29 pm        
រូបភាព
ខេត្តកំពង់ធំបានរកឃើញអ្នកឆ្លងថ្មី ចំនួន ៥៣នាក់នៅថ្ងៃទី១៧ មិថុនា ដែលជាចំនួនឆ្លងប្រចាំថ្ងៃច្រើនបំផុតសម្រាប់ខេត្ត។ ទន្ទឹមនឹងនេះ ក៏មានអ្នកជំងឺ ១នាក់បានស្លាប់ គឺជាស្ត្រីវ័យ ៥៦ឆ្នាំ។ ចំណែកខេត្តព្រៃវែង ក៏មិនទាន់​ធូរស្រាលនៅឡើយ! ករណីឆ្លងថ្មី មាន ៤១នាក់បន្ថែម ខណៈមានអ្នកស្លាប់១នាក់ទៀត ជាបុរស វ័យ ៦៦ឆ្នាំ។ ដោយឡែកករណីឆ្លងថ្មី នៅខេត្តសៀមរាប បានបន្តហក់ឡើងវិញ ដោយរកឃើញ ២៦នាក់បន្ថែម បន្ទាប់ពីបានកត់ត្រាចំនួនឆ្លងថ្មីត្រឹមតែ២នាក់ កាលពីម្សិលម្ង៉ៃ។

 
កំពង់ធំ៖ ឆ្លងថ្មី ៥៣នាក់ និងមានស្លាប់១នាក់បន្ថែម
 
ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ-១៩ បន្ថែមដល់ទៅ៥៣នាក់ដែលជាចំនួនច្រើនបំផុតប្រចាំថ្ងៃសម្រាប់ខេត្តនេះ។ លើសពីនេះទៀត ក៏មានអ្នកជំងឺ១នាក់ទៀត បានស្លាប់បាត់ដំបងជីវិតផងដែរ។ តាមរដ្ឋបាលខេត្តក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៣នាក់នោះ មានពលរដ្ឋរស់នៅស្រុកប្រាសាទបាល្ល័ង, ស្រុកស្ទោង, ស្រុកតាំងគោក, ស្រុកបារាយណ៍, ស្រុកសន្ទុក, ស្រុកសណ្តាន់ និងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។  ចំណែកអ្នកជំងឺម្នាក់ដែលបាត់បង់ជីវិត គឺជាស្ត្រីវ័យ៦៥ឆ្នាំ។ 
 
ក្រៅពីនេះ ក៏មានអ្នកជំងឺចំនួន១៦នាក់បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១៧ មិថុនា ខេត្តកំពង់ធំ មានករណីកូវីដ-១៩ សរុប៥៤៩នាក់ ក្នុងនោះ២៨៧នាក់បានជាសះស្បើយ ៣នាក់ និងអ្នកជំងឺ ២៥៩នាក់ទៀត កំពុងព្យាបាល។  
 
ព្រៃវែង៖ មាន ៤១ទៀត និងស្លាប់១នាក់
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ៤១នាក់នោះ មាន១២នាក់ស្រុកព្រះស្តេច, ១១នាក់នៅស្រុកពាមជរ ខណៈស្រុកបាភ្នំ និងស្រុកស្វាយអន្ទរមាន ៤នាក់រៀងខ្លួន។ ​ស្រុកពាមរក៍ ​មេសាង មាន ៣នាក់រៀងខ្លួន ហើយក្រុងព្រៃវែង និងស្រុកពារាំង រកឃើញ ២នាក់រៀងខ្លួនដែរ។ ចំណែកអ្នកដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩នោះ គឺជាបុរសវ័យ ៦៦ឆ្នាំ រស់នៅភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ បច្ចុប្បន្ន ខេត្តព្រៃវែង ​រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន​ ១១០៨នាក់ ក្នុងនោះ៥២១នាក់បានសះស្បើយ ១២នាក់ស្លាប់ និងអ្នកជំងឺ ៥៧៥នាក់ទៀតកំពុងសម្រាកព្យាបាល។
 
សៀមរាប៖ ករណីថ្មី២៦នាក់ និងសះស្បើយ ១៨នាក់
 
​ក្នុងចំណោមករណីថ្មីទាំង២៦នាក់នោះភាគច្រើនជាអ្នកស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ក្រៅពីនេះជាពលរដ្ឋនៅក្រុងសៀមរាប ​ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានអ្នកជំងឺម្នាក់ មានអាយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤នាក់ ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយពួកគេជាអ្នកស្រុកក្រឡាញ់ និងស្រុកអង្គរជុំ។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានអ្នកជំងឺចំនួន ១៨នាក់បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១៧ មិថុនា ខេត្តសៀមរាប មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣៤នាក់ ក្នុងនោះសះស្បើយ១៣៦នាក់ ស្លាប់៤នាក់ និងអ្នកជំងឺ ៣៩៤នាក់ទៀតកំពុងព្យាបាល។ 
 
ខេត្តកោះកុង មានអ្នកវិជ្ជមានកូវីដ-១៩ បន្ថែម៦៥នាក់ទៀត ភាគច្រើនជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលគិរី។ ​ខេត្តកំពង់ចាម ក៏មានអ្នកឆ្លងថ្មីច្រើនដែរ គឺដល់ទៅ៥៩នាក់ ខណៈនៅខេត្តកំពត និងបាត់ដំបង មានករណីថ្មីជាង២០នាក់រៀងខ្លួន។ ខេត្តកែប មណ្ឌលគិរី និងរតនគិរី មានអ្នកវិជ្ជមានសរុប២៦នាក់។
 
កោះកុង៖ មាន៦៥នាក់ទៀត ដោយជាង៣០នាក់ជាអ្នករស់នៅឃុំប៉ាក់ខ្លង
 
ក្នុងចំណោមអ្នកវិជ្ជមានទាំង ៦៥នាក់នោះ មានជាង៣០នាក់ជាពលរដ្ឋដែលរស់នៅឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា, ជាង២០នាក់ជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ, ជាង១០នាក់ជាពលរដ្ឋនៅឃុំតាតៃក្រោម នៃស្រុកកោះកុង និងឃុំស្រែអំបិល នៃស្រុកស្រែអំបិល។ ជាមួយគ្នានេះ ក៏មានអ្នកជំងឺចំនួន ៣នាក់បន្ថែមទៀត បានជាសះស្បើយផងដែរ។ 
 
កំពង់ចាម៖ មាន៥៩នាក់ទៀត! នៅស្រុកកងមាសមានអ្នកឆ្លងច្រើនជាងគេ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៥៩នាក់នោះ សុទ្ធតែជាអ្នកដែលបាប៉ះពាល់នឹងកម្មកររោងចក្រ ដែលមានវិជ្ជមានកូវីដ-១៩ កន្លងមក។ ក្នុងចំណោមអ្នកឆ្លងថ្មីនោះ នៅស្រុកកងមាស មានអ្នកឆ្លងដល់ទៅ ២៨នាក់,  ១១នាក់នៅស្រុកបាធាយ, ១០នាក់នៅស្រុកស្រីសន្ធរ, ៧នានក់នៅក្រុងកំពង់ចាម និង១នាក់នៅស្រុកកោះសូទិន។ អ្នកជំងឺ២នាក់ ជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ។ ​
 
កំពត៖ករណីថ្មី២៧នាក់ ភាគច្រើនជាបុគ្គលិកកាស៊ីណូ
 
មនុស្ស២៧នាក់មានតេស្តវិជ្ជមានកូវីដ-១៩ នៅក្នុងខេត្តកំពត ដែលភាគច្រើនជាបុគ្គលិកកាស៊ីណូ។ ក្រៅពីនេះ ជាកម្មកររោងចក្រ, កសិករ, គ្រូបង្រៀន , សិស្ស ,កុមារ និងអាជីវករ។ តាមរដ្ឋបាលខេត្ត ក្នុងចំណោមអ្នកវិជ្ជមានថ្មីទាំង ២៧នាក់ មាន៥នាក់ជាពលរដ្ឋនៅស្រុកកំពង់ត្រាច, ៤នាក់នៅស្រុកឈូក, ៦នាក់នៅស្រុកទឹកឈូ, ២នាក់នៅស្រុកដងទង់, និង២នាក់នៅក្រុងកំពតតែម្តង។ ក្រៅពីនេះជាពលរដ្ឋនៅខេត្តផ្សេង ដោយ១នាក់នៅស្រុកដំណាក់ចង្អើរ ខេត្តកែប, ៣នាក់នៅតាកែវ, ២នាក់នៅត្បូងឃ្មុំ, ១នាក់នៅព្រះសីហនុ និង១នាក់ទៀតនៅខេត្តស្វាយរៀង។ បច្ចុប្បន្ន ខេត្តកំពត មានអ្នកកើតកូវីដ-១៩ សរុប ៩៦៨នាក់ ក្នុងនោះ៤២២នាក់បានជាសះស្បើយ ស្លាប់៨នាក់ និង៥៣៨នាក់ទៀត កំពុងសម្រាកព្យាបាល​។ 
 
បាត់ដំបង៖ មាន២៣នាក់ និង៣៤នាក់ជាសះស្បើយ
 
ក្នុងចំណោមករណីថ្មីទាំង២៣នាក់នោះមាន ៥នាក់ជាពលករខ្មែរត្រឡប់មកពីប្រទេសថៃ។  អ្នកដែលទើបតេស្តវិជ្ជមានកូវីដ-១៩ ទាំងនេះ គឺជាអ្នករស់នៅស្រុកកំរៀង,សង្កែ, បាណន់ ,សំពៅលូន និងក្រុងបាត់ដំបង។ នៅថ្ងៃទី១៧ មិថុនា​  ក៏ អ្នកជំងឺចំនួន ៣៤នាក់​ បន្ថែមដែរ បានជាសះស្បើយ។ បច្ចុប្បន្ន ខេត្តបាតដំបមានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៩១នាក់ ក្នុងនោះ២៩៨នាក់បានជាសះស្បើយ ៣នាក់ស្លាប់ និង២៩០នាក់ទៀត បន្តការព្យាបាល។
 
កែប៖ រកឃើញ១៥នាក់បន្ថែម ភាគច្រើនជាកម្មកររោងចក្រ
 
ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ១៥នាក់ មាន១២នាក់ហើយជាកម្មកររោងចក្រ។ ក្រៅពីនេះ មាន២នាក់ជាសិស្ស និង១នាក់ជាកសិករ។ អ្នកវិជ្ជមានចំនួន ១១នាក់ ជាពលរដ្ឋរស់នៅ, និងសង្កាត់កែប, សង្កាត់អូរក្រសារ និងសង្កាត់ព្រៃធំ ក្រុងកែប។ ចំណែក៤នាក់ជាទៀត ជាពលរដ្ឋរស់នៅឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
 
មណ្ឌលគិរី៖ មាន៧នាក់បន្ថែមភាគច្រើនជាអ្នកក្រុងសែនមនោរម្យ
 
អ្នកវិជ្ជមានទាំង៧នាក់នោះ មាន៤នាក់ជាពលរដ្ឋរស់នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ ២នាក់ទៀតនៅឃុំស្រែខ្ទុម ស្រុកកែវសីមា និង១នាក់ជាអ្នកដំណើរពីរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១៧ មិថុនាខេត្តមណ្ឌលគិរីរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៥៨នាក់ ក្នុងនោះ៣នាក់ជាសះស្បើយ ១នាក់ស្លាប់ និង៥៤នាក់ទៀតកំពុងសម្រាកព្យាបាល។ 
 
រតនគិរី៖ មាន៤នាក់ដែលសុទ្ធតែជាកុមារ
 
កុមារចំនួន៤នាក់ដែលមានអាយុចន្លោះ៨ឆ្នាំដល់១៤ឆ្នាំមានតេស្តវិជ្ជមានកូវីដ-១៩ ​នៅពេលធ្វើតេស្តលើកទី២។ តាមរដ្ឋបាលខេត្ត កុមារទាំង ៤នាក់នេះ កំពុងសម្រាកព្យាបាលនៅវិទ្យាល័យត្រពាំងក្រហម ដែលស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។ 
 
​ករណី​ទូទាំងប្រទេស៖ ករណី​ថ្មី​៧៩៩នាក់​​, សះស្បើយ ៩១០នាក់ និង​ស្លាប់​១៤​នាក់​ទៀត
 
ក្រសួងសុខាភិបាល​ បានប្រកាស​​​ថា មាន​មនុស្ស ៧៩៩​នាក់​ទៀត​ មាន​​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ក្នុងនោះ​៩៧​នាក់​ជា​ករណី​នាំចូល​។ អ្នកជំងឺ​ចំនួន ៩១០នាក់​បន្ថែម​ បានជា​សះស្បើយ និង​១៤នាក់​ទៀត​បាន​ស្លាប់​។ បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប ៤១ ៥៨១​នាក់ ក្នុងនោះ ១៦១៧នាក់ ​ជា​ករណី​នាំចូល​។ អ្នក​សះស្បើយ​សរុប​មាន ៣៥ ៩៤០នាក់ និង​ស្លាប់ ៣៩៤​នាក់​៕
 
 
 
 

Tag:
 កំពង់ធំ
  ព្រៃវែង
 សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com