អន្តរជាតិ
ឧត្តមសេនីយ៍អាមេរិក៖ ចិននឹងមិនវាយតៃវ៉ាន់នៅពេលខ្លីខាងមុខឡើយ ព្រោះសមត្ថភាពមិនទាន់ដល់
18, Jun 2021 , 11:59 am        
រូបភាព
ប្រធានសេនាធិការកងទ័ពអាមេរិក ឧត្តមសេនីយ៍ Mark Milley ។ រូបថត AFP
ប្រធានសេនាធិការកងទ័ពអាមេរិក ឧត្តមសេនីយ៍ Mark Milley ។ រូបថត AFP
ដោយ៖ ជា ពេជ្រដាឡែន

ឧត្តមសេនីយ៍ជាន់ខ្ពស់អាមេរិក លោក Mark Milley នៅថ្ងៃទី១៧ ខែមិថុនា និយាយថា មានភាគរយទាបដែលចិនអាចទាញយកតៃវ៉ាន់ទៅគ្រប់គ្រងតាមរយៈការប្រើប្រាស់យោធា។ លោក Milley អះអាងថា នៅពេលបច្ចុប្បន្ន ចិនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការយកកោះតៃវ៉ាន់បាននៅរយៈពេលខ្លីខាងមុខឡើយ ហើយចិនត្រូវការពេលយូរទៅមុខបន្តទៀតដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។


បើទោះជាចិនបង្កើនសកម្មភាពយោធានៅក្បែរកោះតៃវ៉ាន់ក្ដី យោធាអាមេរិកជឿថា ចិននៅមិនទាន់អាចប្រើប្រាស់កម្លាំងយោធាដើម្បីវាយដណ្ដើមកោះនេះនៅអនាគតដ៏ខ្លីឡើយ ដោយសារយោធាចិនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើសង្រ្គាមពេលខ្លី។ ប្រធានសេនាធិការចម្រុះកងទ័ពអាមេរិក ឧត្តមសេនីយ៍ Mark Milley ប្រាប់កិច្ចប្រជុំសភានៅថ្ងៃទី១៧ ខែមិថុនា ថា ចិនត្រូវដុសខាត់សមត្ថភាពថែមទៀត។
 
នៅថ្ងៃទី ១៥ ខែមិថុនា យន្តហោះចម្បាំងចិន២៨គ្រឿង បានទន្ទ្រានដែនកំណត់ការពារអាកាសតៃវ៉ាន់ (ADIZ) ដែលធ្វើឱ្យមានការព្រួយបារម្ភពីកោះតៃវ៉ាន់ផ្ទាល់ និង សមាជិកសភាអាមេរិកមួយចំនួនផង ដែរ។ ក៏ប៉ុន្តែ មន្ត្រីយោធាអាមេរិកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuter ថា សកម្មភាពបែបនេះ មិនបង្កឱ្យមានការបារម្ភអ្វីច្រើនពេកនោះទេ។
 
«ការវាយតម្លៃរបស់ខ្ញុំទាក់ទងសមត្ថភាពចិន ខ្ញុំគិតថា ចិនត្រូវចំណាយពេលអភិវឌ្ឍសមត្ថភាពជាក់ស្ដែង និងមិន និងគ្មានការលេងសើចដើម្បីធ្វើប្រតិបត្តិការយោធាដណ្តើមយកកោះតៃវ៉ាន់ទាំងមូល ប្រសិនជា ពួកគេចង់ធ្វើបែបនេះមែន»។ លោក Milley បាននិយាយបែបនេះក្នុងសវនាការសភា អាមេរិក។ លោក ក៏ទទួលស្គាល់ថា តៃវ៉ាន់នៅតែស្ថិតនៅស្នូលសំខាន់នៃប្រយោជន៍ចិន តែការប្រើ យោធាយកកោះតៃវ៉ាន់នៅពេលខ្លី មានភាគរយតិចតួច។
 
សូមបញ្ជាក់ថា អាមេរិក ជាបង្អែកដ៏សំខាន់បំផុតក្នុងឆាកអន្តរជាតិ និងជាប្រភពចម្បងក្នុងការផ្គត់ផ្គង់ សព្វាវុធ ទោះបីជាអាមេរិកគ្មានទំនាក់ទំនងការទូតជាផ្លូវការជាមួយតៃវ៉ាន់ក៏ដោយ។ កន្លងមក អាមេរិក នៅតែជ្រោមជ្រែងជួយតៃវ៉ាន់ទប់ទល់និងអំណាចចិន។ ក្នុងសប្ដាហ៍នេះ តំណាងរាស្ត្រអាមេរិកនឹងដាក់ ច្បាប់ដើម្បីជំរុញការគាំទ្ររបស់អាមេរិកចំពោះកោះតៃវ៉ាន់។ បន្ថែមពីនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន ក៏បានប្រមូលការគាំទ្រពីសម្ព័ន្ធយោធា NATO ប្រឆាំងនឹងការគំរាមរបស់ចិនផងដែរ។ 
ចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួន ហើយហៅទំនាក់ទំនងណាមួយរវាងបរទេស និងកោះតៃវ៉ាន់ ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន៕ 
 
 

Tag:
 អាមេរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com