ជាតិ
សិល្បះ
សិល្បករចម្រៀងអាយ៉ៃលោក ម៉ក់ កាណេន ហៅតាសាឡាត់ ទទួលមរណភាពក្នុងជន្មាយុ៧៩ឆ្នាំ
18, Jun 2021 , 12:09 pm        
រូបភាព
រូបផ្ដល់ឱ្យដោយអ្នកស្រី នូ សុភី ត្រូវជាភរិយាសព
រូបផ្ដល់ឱ្យដោយអ្នកស្រី នូ សុភី ត្រូវជាភរិយាសព
ភ្នំពេញ៖ សិល្បករចម្រៀងអាយ៉ៃជើងចាស់លោក ម៉ក់ កាណេន ដែលមានឈ្មោះក្នុងសិល្បៈថា នាយសាឡាត់ បានទទួលមរណភាព កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ។ តាមពិតទៅនាយសាឡាត់ គឺមានឈ្មោះពីរ ប្រើប្រាស់ក្នុងវិស័យសិល្បៈ គឺឈ្មោះ ម៉ក់ កាណេន និង ទឹង វ៉ាន់។ នេះបើតាមអ្នកស្រី នូ សុភី ដែលត្រូវជាភរិយាសព។


អ្នកស្រី នូ សុភី បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា សពកំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកស្រីបន្ថែមថា សពទំនងនឹងត្រូវបូជានៅថ្ងៃស្អែក នៅវត្តអង្គតាម៉ិញ។
 
អ្នកស្រី នូ សុភី បញ្ជាក់ដូច្នេះ៖«គាត់មានជំងឺតម្រោងនោម និងជំងឺសួត តាំងពីប្រហែល២០ឆ្នាំមកហើយ តែគាត់ទើបឈឺធ្ងន់ប្រហែលជាមួយខែចុងក្រោយនេះ។ យើងមិនទាន់ពិភាក្សាគ្នាច្បាស់ពីការធ្វើពិធីបូជាទេ គ្រាន់តែដឹងថាប្រហែលជាបូជានៅថ្ងៃស្អែន»។ 
 
លោក ម៉ក់ កាណេន ដែលមានឈ្មោះក្នុងសិល្បៈថា នាយសាឡាត់ គឺជាសិល្បករអាយៃ តាំងពីសម័យសង្គមរាស្ត្រនិយម ហើយបន្តរហូតដល់បច្ចុប្បន្ន ដោយបន្ថែមអាជីពកំប្លែងមួយទៀត។ លោក ម៉ក់ កាណេន មានដើមកំណើតនៅក្នុងភូមិទង ឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។ លោកជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ ដែលមានស្រី៣នាក់ ក្នុងគ្រួសារកសិករ។ ក្នុងចំណោមបងប្អូនទាំងអស់ គឺមានតែលោកម្នាក់ប៉ុណ្ណោះ ដែលមានឧបនិស្ស័យខាងសិល្បៈ៕

Tag:
 សិល្បៈ
  អាយ៉ៃ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com