ជាតិ
សង្គមជាតិ
កម្ពុជា ស្នើទូតវៀតណាមជួយសហការ ដើម្បីបញ្ជូនវៀតណាមខុសច្បាប់ត្រឡប់ទៅវិញឲ្យបានឆាប់
18, Jun 2021 , 2:34 pm        
រូបភាព
ជំនួបរវាងលោក គៀត ច័ន្ទថារិទ្ធ (ស្តាំដៃ) និង លោក Vu Quang Minh នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១
ជំនួបរវាងលោក គៀត ច័ន្ទថារិទ្ធ (ស្តាំដៃ) និង លោក Vu Quang Minh នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១
ក្នុងជំនួបផ្ទាល់មុខ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានស្នើទៅលោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ឲ្យបន្តជំរុញកិច្ចសហប្រតិបត្តិការ ធ្វើយ៉ាងណាបំពេញបែបបទ ដើម្បីបញ្ជូនជនជាតិវៀតណាមខុសច្បាប់ ទៅវៀតណាមវិញ «ឲ្យបានឆាប់»។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានផ្សាយលើទំព័រហ្វេសប៊ុក របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា។   

 
ទន្ទឹមនឹងការស្នើសុំឲ្យលោកឯកអគ្គរដ្ឋទូត ជួយជំរុញកិច្ចសហប្រតិបត្តិការ បញ្ជូនជនជាតិវៀតណាមខុសច្បាប់ចេញពីកម្ពុជា លោក គៀត ច័ន្ទថារិទ្ធ បានជម្រាបទៅលោកឯកអគ្គរដ្ឋទូតថា ការងារគ្រប់គ្រងជនបរទេស និងការអនុវត្តច្បាប់អន្តោប្រវេសន៍នៅកម្ពុជា គឺមិនមានការរើសអើងឡើយ។ 
 
លោក កែវ វណ្ណថន អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លើកឡើងថា ជនជាតិណាក៏ដោយ ឲ្យតែចូលកម្ពុជាខុសច្បាប់ អាជ្ញាធរកម្ពុជា មានសិទ្ធិចាប់បណ្តេញចេញតែម្តង ដោយមិនបាច់ស្នើសុំទៅស្ថានទូតបរទេសឡើយ។ ប៉ុន្តែ លោក អះអាងថា ក្នុងករណីជនបរទេសខុសច្បាប់ណា មិនមានលិខិតឆ្លងដែន (ប៉ាស្ពរ) អាជ្ញាធរ មិនអាចបញ្ជូនជនបរទេសនោះ ចេញបានឡើយ ដូច្នេះ អាជ្ញាធរកម្ពុជា ត្រូវស្នើទៅស្ថានទូតនៃជនបរទេសនោះ ដើម្បីជួយផ្តល់ឯកសារធ្វើដំណើរជំនួសលិខិតឆ្លងដែន។ បន្ទាប់ពីជនបរទេសខុសច្បាប់នោះ ទទួលបានឯកសារធ្វើដំណើរពីស្ថានទូតរបស់ខ្លួនហើយ ទើបអាជ្ញាធរ រៀបចំបញ្ជូនចេញពីកម្ពុជា។

ការស្នើរបស់លោក គៀត ច័ន្ទថារិទ្ធ ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាម ត្រូវលោក កែវ វណ្ណថន ពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«[ឯកឧត្តម គៀត ច័ន្ទថារិទ្ធ] គាត់ ស្នើម្សិលមិញ ចង់និយាយថា អ្នក ដែលយើងចាប់បានហើយ សូមឲ្យទូតវៀតណាម សហការក្នុងការចេញលិខិតធ្វើដំណើរជំនួសលិខិតឆ្លងដែន ព្រោះពួកគាត់ អត់មានលិខិតឆ្លងដែន នឹងមានន័យថាខុសច្បាប់។ ចាប់បានហើយ យើងទុកនៅស្នាក់ការ យើង ត្រៀមបណ្តេញចេញ អ៊ីចឹងសូមឲ្យទូតវៀតណាមសហការផ្តល់ឯកសារធ្វើដំណើរ ដើម្បីបណ្តេញពួកគាត់ចេញឲ្យបានឆាប់»។

មន្រ្តីនាំពាក្យផ្នែកអន្តោប្រវេសន៍រូបនេះ បន្តថា៖«[ឯកអគ្គរដ្ឋទូតវៀតណាម] គាត់ នឹងពិនិត្យហើយ។ គាត់ ត្រូវពិនិត្យមើលសិន ថាជាជនបរទេសរបស់គាត់មែនឬអត់។ បើពិនិត្យទៅជាជនជាតិវៀតណាម  គាត់នឹងចេញ [ឯកសារធ្វើដំណើរ] ឲ្យ»។

បើតាមសំណេរលើទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកអគ្គរដ្ឋទូតវៀតណាម បានអរគុណអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ចំពោះការប្រឹងប្រែងគ្រប់គ្រងជនបរទេស ជាពិសេសប្រជាជនវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដូចជា ការងារជំរឿនស្ថិតិជនបរទេស ការទទួលពាក្យស្នើសុំ ការផ្តល់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍ដល់ជនបរទេស និង ការអនុវត្តច្បាប់អន្តោប្រវេសន៍ ជាដើម។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងអំពីបញ្ហាប្រឈមពាក់ព័ន្ធនឹងសិទ្ធិ និងប្រសិទ្ធភាពនៃការប្រើប្រាស់បណ្ណស្នាក់នៅអចិន្រ្តៃយ៍របស់ប្រជាជនវៀតណាម នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
 
លោក គៀត ច័ន្ទថារិទ្ធ ឆ្លើយតបថា ពាក់ព័ន្ធនឹងបញ្ហាប្រឈមទាំងនេះ អាជ្ញាធរកម្ពុជា នឹងសម្របសម្រួលបន្ថែមទៀត លើការងារផ្សព្វផ្សាយអំពីសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្រ្តៃយ៍សម្រាប់ជនបរទេសរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យមានការយល់ដឹង និងការអនុវត្តត្រឹមត្រូវឈរលើមូលដ្ឋានច្បាប់។ ភ្ជាប់ជាមួយនឹងរឿងជនជាតិវៀតណាមខុសច្បាប់រស់នៅក្នុងប្រទេសកម្ពុជា លោក គៀត ច័ន្ទថារិទ្ធ បានអរគុណវិញចំពោះបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលបានផ្តល់ជំនួយជាសម្ភារទប់ស្កាត់ជំងឺកូវីដ-១៩ ដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបានអរគុណក្រសួងនគរបាលវៀតណាម ដែលបានផ្តល់វគ្គបណ្តុះបណ្តាលជំនាញអន្តោប្រវេសន៍ ដល់មន្រ្តីនគរបាលអន្តោប្រវេសន៍កម្ពុជានាពេលកន្លងមក។ 
 
ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១នេះ អាជ្ញាធររាជធានីភ្នំពេញ បានចេញបញ្ជាឲ្យអ្នករស់នៅនិងប្រកបរបរនេសាទលើផ្ទៃទន្លេចតុមុខក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាកចេញឲ្យអស់ ក្រោមហេតុផលថា ដើម្បីការពារសោភ័ណភាពបរិស្ថាន។ អ្នកទាំងនោះ ដែលភាគច្រើនជាជនជាតិវៀតណាម បានចាប់ផ្តើមរុះរើលំនៅឋានលើផ្ទៃទឹក បែចិញ្ចឹមត្រី និង ឧបករណ៍រកត្រី ចេញពីទន្លេចតុមុខតាមបទបញ្ជា ខណៈអ្នកខ្លះ សុំពន្យារពេល ដោយយប្រាប់អាជ្ញាធរថា ពួកគេ មិនទាន់អាចរៀបចំខ្លួនទាន់ពេលវេលា ក្នុងការចាកចេញ។ 
 
របាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២១ អាជ្ញាធរ បានបណ្តេញជនបរទេសខុសច្បាប់ជាង១,៨ម៉ឺននាក់ ចេញពីកម្ពុជា។ បើតាមលោក កែវ វណ្ណថន ក្នុងចំណោមជនបទេសខុសច្បាប់ជាង១,៨ម៉ឺននាក់នោះ ភាគច្រើនគឺជាជនជាតិវៀតណាមនិងចិន៕  
 
 
 

Tag:
 វៀតណាមខុសច្បាប់
  បរទេសខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com