កីឡាអន្តរជាតិ
អន្តរជាតិ
Copa America៖ ចំណោម១០ក្រុម មាន៤ក្រុមរកឃើញកីឡាករឆ្លងកូវីដ-១៩
18, Jun 2021 , 2:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់បូលីវី និងស៊ីលីបានប្រកាសពីការធ្វើតេស្តចេញលទ្ធផលវិជ្ជមានកូវីដ-១៩លើកីឡាករ និងបុគ្គលិកច្រើននាក់នៅថ្ងៃទី១៧ ខែមិថុនា។ មកទល់ពេលនេះ មាន៤ក្រុមក្នុងចំណោម១០ក្រុមដែលត្រូវប្រប្រជែង Copa America ត្រូវបានរកឃើញឆ្លងជំងឺរាតត្បាតនេះ។


វេណេហ្ស៊ុយអេឡា និងកូឡុំប៊ី មានអ្នកឆ្លងកូវីដ-១៩រួចហើយ ក្រោយក្រុមទាំងពីរប្រកួតគ្នានៅជំនួបបើកឆាកពូល B ដោយលទ្ធផលសូន្យស្មើ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា។ Copa America ដែលប្តូរទៅធ្វើនៅប្រេស៊ីលពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ស្របពេលប្រទេសនេះ រងផលប៉ះពាល់ខ្លាំងដោយសារកូវីដ-១៩។
 
ស៊ីលី ប្រកាសថាសមាជិកគណៈប្រតិភូម្នាក់របស់ខ្លួនវិជ្ជមានកូវីដ-១៩ ប៉ុន្តែក្រុមមិនទាន់បានបញ្ជាក់ថាតើមានកីឡាករឆ្លងឬអត់នោះទេ ដោយត្រូវរង់ចាំការធ្វើតេស្តបន្តបន្ទាប់ទៀត។ ស៊ីលីដែលប្រកួតបើកឆាកស្មើអាហ្សង់ទី ១-១ នឹងត្រូវប៉ះបូលីវីនៅក្នុងការប្រកួតលើកទី២ពូល A  នៅព្រឹកថ្ងៃទី១៩។
 
ចំណែកបូលីវី ក្រោយចាញ់ប៉ារ៉ាហ្គាយ ៣-១ នាការប្រកួតដំបូង មានកីឡាករពីរូបឆ្លងកូវីដ-១៩ ដែលរួមមាន Oscar Ribera និង Jaume Cuellar។ មុន Ribera និង Cuellar បូលីវីធ្លាប់មានកីឡាករ៣រូបរួចមកហើយឆ្លងជំងឺនេះ។
 
ប្រេស៊ីលដែលទើបយកឈ្នះប៉េរូ ៤-០ នៅជំនួបទី២ពូល B មិនទាន់ប្រកាសពីការណីឆ្លងលើកូនក្រុមនិងបុគ្គលិកខ្លួនឡើយ។ យ៉ាងណាក៏ដោយប្រេស៊ីលដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះពីអាសហ្សង់ទីន និងកូឡុំប៊ី ធ្លាប់លេងតទល់ជាមួយវេណេហ្ស៊ុយអេឡាដែលមានអ្នកឆ្លងរួចមកហើយ។
 
ដោយឡែក សហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (CONMEBOL) បានទទួលរងការរិះគន់ពីសំណាក់កីឡាករ។ ពួកគេ ចោទថាស្ថាប័នមួយនេះរៀបចំការប្រកួតដោយមើលឃើញតែលុយ តែមិនយកចិត្តទុកដាក់លើកីឡាករទេ។
 
ក្រោយការប្រកួតពីរលើក ម្ចាស់ការពារជើងឯកប្រេស៊ីលឈរលេខ១ពូល B បណ្តោះអាន្នដោយរកបាន៦ពិន្ទុពេញ តាមពីក្រោយដោយកូឡុំប៊ីដែលប្រកួតឈ្នះ១ស្មើ១មាន៤ពិន្ទុ ខណៈវេណេហ្ស៊ុយអេឡានៅលេខ៣មាន១ពិន្ទុ។ អេក្វាទ័រ និងប៉េរូ​ ដែលប្រកួត១លើកដូចគ្នាឈរនៅលេខរៀងបន្តបន្ទាប់ដោយគ្មានពីន្ទុរាប់នៅឡើយ៕
 

Tag:
 Copa America
© រក្សាសិទ្ធិដោយ thmeythmey.com