COVID-19
ជាតិ
លោក ក្រុស សារ៉ាត់៖ សៀមរាបរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលតា ២ករណីហើយ
18, Jun 2021 , 3:02 pm        
រូបភាព
ដោយ: ថ្មីៗ
«កូវីដ-១៩ ប្រភេទឥណ្ឌាបំប្លែងខ្លួន២ករណី បានមកដល់ខេត្តសៀមរាបហើយ។ សូមមេត្តាប្រុង ប្រយ័ត្នជានិច្ច»។ នេះជាសារក្រើនរំលឹករបស់លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបតាមរយៈគណនីហ្វេសប៊ុករបស់ខ្លួន។

 

លោក ក្រុស សារ៉ាត់ បានប្រាប់សារព័ត៌មានThmeythmey បន្ថែមថា អ្នកជំងឺ​កូ​វីដ-​១៩ ប្រភេទ​ឥណ្ឌា ដែល​រកឃើញ​នៅ​ថ្ងៃទី​១៨ ខែមិថុនានេះ គឺជា​ពលករ​ស្ដ្រី​មកពី​ប្រទេស​ថៃ ដែលពួកគេ​​បាន​មកដល់​ខេត្តសៀមរាប ពីថ្ងៃ​ទី​៦ ដល់ទី​៧ ខែមិថុនា និង​បាន​តេស្ដ​ឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​៩ មិថុនា​។  ដោយសារ​ជា​ករណី​ពិសេស រាល់​សំណាក​ពលករ​មកពី​ថៃ ដែល​តេស្ដ​ឃើញ​វិជ្ជមាន ត្រូវបញ្ជូន​ទៅពិនិត្យ​បន្ថែម​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​។ នេះបើតាមលោក ក្រុស សារ៉ាត់ ដោយលោកបានបន្ថែមថា​៖« យើង​បញ្ជូន​សំណាក​ទៅ​ថ្ងៃទី​៩ រហូត​ថ្ងៃទី​១៨ ទើប​លទ្ធផល​ចេញ​»​។ លោក​សង្កេតឃើញថា អ្នកជំងឺ​ពុំមាន​រោគសញ្ញា ឬ​អាការ​អ្វី​នោះទេ ហើយ​ពុំទាន់​មានការ​បញ្ជាក់ថា អ្នកមាន​មេរោគ​ថ្មី​នេះ អាច​ចម្លង​ទៅ​អ្នក​ដទៃទៀត​ដែរ​។ លោក ក្រុស សារ៉ាត់​បញ្ជាក់ថា​៖« ក្នុង​បន្ទប់​អ្នក​វិជ្ជមាន​៧​នាក់ ដែល​យើង​ដាក់​រួមគ្នា លទ្ធផល​មាន​មេរោគ​ឥណ្ឌា​នេះ តែ​២​នាក់​ទេ តែ​ខ្ញុំ​បាន​យក​សំណាក​អ្នក​ទាំង​៥​នាក់ ទៅ​តេស្ដ​បញ្ជាក់​ម្ដងទៀត បើ​យប់​នេះ​លទ្ធផល​ចេញមក​អវិជ្ជមាន គឺ​មានន័យថា អត់​មាន​ហានិភ័យ​ទេ​»​។​
 
​យ៉ាងណាក៏ដោយ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​កុំ​មើលស្រាល​ចំពោះ​មេរោគ​ប្រលែង​ថ្មី​នេះ ព្រោះ​វា​មាន​ហានិភ័យ​នៃ​ការឆ្លង​លឿន​ជាង​មេរោគ​ធម្មតា​។ 



សូមជម្រាបថា តាមរបាយការណ៍នៅថ្ងៃនេះ សៀមរាបរកឃើញករណីថ្មី២៦នាក់ និងសះស្បើយ ១៨នាក់។ ក្នុងចំណោមករណីថ្មីទាំង២៦នាក់នោះភាគច្រើនជាអ្នកស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ក្រៅពីនេះជាពលរដ្ឋនៅក្រុងសៀមរាប ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានអ្នកជំងឺម្នាក់ មានអាយដ្ឋាននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ៤នាក់ ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយពួកគេជាអ្នកស្រុកក្រឡាញ់ និងស្រុកអង្គរជុំ។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានអ្នកជំងឺចំនួន ១៨នាក់បានជាសះស្បើយផងដែរ។ គិតត្រឹមថ្ងៃទី១៧ មិថុនា ខេត្តសៀមរាប មានករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥៣៤នាក់ ក្នុងនោះសះស្បើយ១៣៦នាក់ ស្លាប់៤នាក់ និងអ្នកជំងឺ ៣៩៤នាក់ទៀតកំពុងព្យាបាល៕


© រក្សាសិទ្ធិដោយ thmeythmey.com