COVID-19
ជាតិ
ឯកអគ្គរដ្ឋទូតបារាំងថា កម្ពុជាមានយុទ្ធសាស្រ្តជាក់លាក់ប្រយុទ្ធប្រឆាំងកូវីដ-១៩
18, Jun 2021 , 7:59 pm        
រូបភាព
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ ក្នុងជំនួបចុងក្រោយជាមួយ  សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកស្រីបញ្ចប់អណត្តិជាឯកអគ្គរាជទូតបារំាងប្រចាំកម្ពុជា_
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ ក្នុងជំនួបចុងក្រោយជាមួយ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក្នុងឱកាសដែលលោកស្រីបញ្ចប់អណត្តិជាឯកអគ្គរាជទូតបារំាងប្រចាំកម្ពុជា_
ដោយ:
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា លោកស្រី អេវ៉ា ង្វៀន ប៊ិញ  (Eva Nguyen Binh) បានវាយតម្លៃខ្ពស់លើកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលស្គាល់ថាកម្ពុជាមានយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

 
«កម្ពុជាគឺជាប្រទេសដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍។ លើសពីនោះទៅទៀត ក៏មានការគ្រប់គ្រងយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចំងាយ១២០០ គីឡូម៉ែត្រនោះទេ»។ ឯកអគ្គរដ្ឋទូតបារាំងរូបនេះ លើកឡើងបែបនេះនៅចំពោះមុខសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ១៨ ខែមិថុនា ក្នុងឱកាសដែលលោកស្រីត្រូវចប់បេសកកម្មការទូតនៅកម្ពុជា។ 
 
ត្រង់ចំណុចនេះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានអះអាងថា នេះជាមូលហេតុធ្វើឲ្យរដ្ឋាភិបាលបារាំង ក៏ដូចជា វិស័យឯកជនបារាំង នៅបន្តចូលរួមចំណែកជាមួយកម្ពុជាដើម្បីជំរុញការអភិវឌ្ឍកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។
 
បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូតបារាំងដដែលនេះ ក៏បានកត់សម្គាល់ឃើញថា រយៈពេល៤ឆ្នាំក្នុងបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា លោកស្រីបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី  និងមន្ត្រីកម្ពុជាគ្រប់លំដាប់ថ្នាក់ ដែលរាល់កិច្ចពិភាក្សាទាំងអស់បានបង្ហាញពីភាពត្រង់ទៅត្រង់មក មានភាពបើកចំហ និងភាពស្មោះត្រង់។ 
 
ក្នុងន័យនេះ លោកស្រីពន្យល់ថា ទាំងនេះជាកត្តាសំខាន់ធ្វើឲ្យបេសកកម្មការទូតរបស់លោកស្រីមកកាន់កម្ពុជា បានទទួលជោគជ័យតាមការកំណត់  នោះគឺការពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
 
ទន្ទឹមនឹងសាទរចំពោះរដ្ឋាភិបាលកម្ពុជាដែលបានទទួលជោគជ័យក្នុងការចាក់វ៉ាក់សាំង លោកស្រីអេវ៉ា ង្វៀន ប៊ិញ ជំនួសមុខឲ្យរដ្ឋាភិបាលបារាំង ប្តេជ្ដាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ជាពិសេសលើវិស័យសុខាភិបាល  ការអភិវឌ្ឍធនធានមនុស្ស  វិស័យវប្បធម៌ និងការថែរក្សាសន្តិភាពនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។
 
 
ជាការឆ្លើយតប  សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រី អេវ៉ា ង្វៀន ប៊ិញ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការបំពេញបេសកកម្មការទូតនៅក្នុងកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ 
 
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលបានជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលក្នុងនោះមានវិទ្យាស្ថានប៉ាស្ទ័របានដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ។ 
 
«យុទ្ធសាស្ត្ររបស់កម្ពុជាគឺផ្ដល់វ៉ាក់សាំងជូនដល់គ្រប់គ្នាទាំងអស់ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ ដែលនេះជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។  សម្តេច ហ៊ុន សែន បានរៀបរាប់បែបនេះទៅអ្នកស្រីឯកអគ្គរដ្ឋទូតបារាំង។ 
 
បន្ថែមពីលើនេះ មេដឹកនាំកម្ពុជា ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំងដែលតែងតែផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស វិស័យវេជ្ជសាស្ត្រ ដែលបានជួយដល់ការពង្រឹងសមត្ថភាពគ្រូពេទ្យកម្ពុជា និងផ្ដល់ជាជំនួយហិរញ្ញប្បទានក្នុងការអភិវឌ្ឍន៍កម្ពុជាផងដែរ។
 
សូមបញ្ជាក់ថា លោកស្រី អេវ៉ា ង្វៀន ប៊ិញ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយបានចូលកាន់តំណែងនៅកម្ពុជា អំឡុងខែកក្កដា ឆ្នាំ២០១៧។ លោកស្រី មានឪពុកជនជាតិវៀតណាម និងម្ដាយជនជាតិបារាំង ហើយមុនចូលកាន់តំណែងនៅកម្ពុជា លោកស្រី ធ្លាប់ជាមន្ត្រីទូតនៃស្ថានទូតបារាំងប្រចាំទីក្រុងហាណូយ ប្រទេសវៀតណាម៕
 

Tag:
 បារំាង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com