កីឡាអន្តរជាតិ
អន្តរជាតិ
Nadal ដកខ្លួនពី Wimbledon និងអូឡាំពិកតូក្យូ ព្រោះចង់បន្តអាជីពវាយកូនបាល់ឱ្យបានយូរ
18, Jun 2021 , 8:29 pm        
រូបភាព
 
អ្នកគាំទ្រកីឡាវាយកូនបាល់ជុំវិញពិភពលោក សោកស្តាយដែល Rafael Nadal ម្ចាស់ពាន Grand Slam ២០ សម័យ ប្រកាសមិនចូលរួមក្នុងព្រឹត្តិការណ៍ Wimbledon ឆ្នាំ២០២១ និងការប្រកួតកីឡាអូឡាំពិកក្រុងតូក្យូ។ Nadal សម្រេចចិត្តដកខ្លួនដោយសារចង់បន្តអាជីពឱ្យបានយូរអង្វែងទៀត។

កំពូលកីឡាករវាយកូនបាល់សញ្ជាតិអេស្ប៉ាញ និងជាម្ចាស់មេដាយមាសអូឡាំពិក២លើក (២០០៨, ២០១៦) បានបង្ហោះនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់ខ្លួនជុំវិញការដកខ្លួនពីព្រឹត្តិការណ៍ធំៗដល់ទៅ២នៅឆ្នាំនេះថា៖ «នេះមិនមែនជាការសម្រេចចិត្តដោយងាយស្រួលទេ។ នេះដោយសារស្ថានភាពរាងកាយរបស់ខ្ញុំ ហើយក្រោយពិភាក្សាជាមួយក្រុមរបស់ខ្ញុំ ខ្ញុំច្បាស់ក្នុងចិត្តថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ»។
 
Nadal ដែលសព្វថ្ងៃមានវ័យ៣៥ឆ្នាំ សង្កត់ធ្ងន់ថាការសម្រេចដកខ្លួនពីព្រឹត្តិការណ៍ពីរខាងលើនេះ ពីព្រោះរូបគេចង់បន្តអាជីពកីឡាវាយកូនបាល់ទៅមុខទៀត។ កំពូលអ្នកវាយកូនបាល់លំដាប់លេខ៣ពិភពលោករូបនេះ ត្រូវការសម្រាកមួយរយៈ ដោយមិនអាចចូលរួមប្រកួតប្រជែងក្នុងកម្រិតពានកំពូលៗបណ្តោះអាសន្ន ក្រោយធ្លាក់ចេញពី French Open វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងមានរបួស ក្រោមថ្វីដៃម្ចាស់ជើងឯក Novak Djokovic។
 
ការប្រកាសរបស់ Nadal បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួន និងនៅជុំវិញពិភពលោកផ្សេងទៀតមានការភ្ញាក់ផ្អើល និងនាំគ្នាបង្ហោះពីអារម្មណ៍សោកស្តាយពេញបណ្តាញសង្គម។
អ្នកគាំទ្រមួយចំនួនអះអាងថា អវត្តមាន Nadal នៅ Wimbledon ស្ទើមិនគួរឱ្យជឿ និងមិនអាចទទួលយកបាន។ អ្នកនិយមកីឡាវាយកូនបាល់ផ្សេងទៀតដែលមិនមែនជាអ្នកគាំទ្រ Nadal ក៏បង្ហាញអារម្មណ៍សោកស្តាយដែរ។ ពួគេសរសេរថា៖ «យើងប្រហែលលែងឃើញ Nadal នៅលើតារាងវាលស្មៅទៀតហើយ។ ទេខ្ញុំមិនសោកស្តាយទេ ប៉ុន្តែខ្ញុំវង្វេងស្មារតីអស់ហើយ»៕
 

Tag:
 Rafael Nadal
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com