ជាតិ
ក.ប.ប ចាប់ផ្ដើមយុទ្ធនាការ ត្រួតពិនិត្យ​ការផលិតស្រាស ទូទាំងប្រទេស
18, Jun 2021 , 8:59 pm        
រូបភាព
ក្រុមមន្ត្រីជំនាញសាខា ក.ប.ប ស្ទឹងត្រែង ចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស តាមផ្ទះក្នុងក្រុងស្ទឹងត្រែង នាពេលកន្លងមក។ រូបភាព ក.ប.ប។ (1)
ក្រុមមន្ត្រីជំនាញសាខា ក.ប.ប ស្ទឹងត្រែង ចុះត្រួតពិនិត្យសិប្បកម្មផលិតស្រាស តាមផ្ទះក្នុងក្រុងស្ទឹងត្រែង នាពេលកន្លងមក។ រូបភាព ក.ប.ប។ (1)
ដោយ៖ ស៊ុល រ៉វី​

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ចាប់ផ្ដើមយុទ្ធនាការចុះត្រួតពិនិត្យការ​ផលិត នៅទូទាំងប្រទេស ប៉ុន្តែពីនៅរយៈពេល២ខែចុងក្រោយនេះ មានពលរដ្ឋខ្មែរប្រមាណ៣៥នាក់បានស្លាប់ដោយសារការពុលស្រាស ស្រាថ្នាំ។


យុទ្ធនាការចុះត្រួតពិនិត្យការ​ផលិតស្រាស ស្រាថ្នាំទាំងលក្ខណៈគ្រួសារ និងសិប្បកម្ម នៅទូទាំងប្រទេស បានចាប់ផ្តើមហើយ ​នៅ​ក្នុងខែមិថុនានេះ។ លោក ផាន អូន ​​ អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ​​ បានប្រាប់សារព័ត៌មាន Thmeythmey25 ថា យុទ្ធនាការនេះផ្តោតលើការស្វែងរក​សារធាតុមេតាណុល នៅក្នុងស្រា ព្រមទាំងការអប់រំពីផលប៉ះពាល់នៃសារធាតុមេតាណុលនេះ។ លោក ផាន អូន បន្ថែមដូច្នេះ៖ «គ្រាន់តែចុះប្រមូលព័ត៌មាន ថាតើការផលិតស្រាស ស្រាថ្នាំ នៅមានការប្រើសារធាតុមេតាណុលទេ? ហើយយើងក៏មិនទាន់រកឃើញនៅឡើយនោះទេ​។ បើសិនជាយើងរកឃើញ នោះនឹង​បិទខ្ទប់កន្លែងផលិតលក់នោះឱ្យទាន់ពេលវេលា»។
 
គិតត្រឹមថ្ងៃទី១៧ មិថុនា មន្ត្រីជំនាញ នៃក.ប.ប បានចុះពិនិត្យទីតាំងបិតស្រា ក្នុងរាជធានី-ខេត្ត​ចំនួន ១១ហើយ ប៉ុន្តែមិនមានរកឃើញទីតាំងបិតស្រា ឬទីតាំងលក់ណា មានប្រើប្រាស់សារធាតុមេតាណុលនោះឡើយ។ ទោះជាយ៉ាងនេះក្តី លោក ផាន អូន  អះអាងថា ក្នុងមួយខេត្តៗ មន្ត្រីជំនាញទើបតែបានយកសំណាកស្រា នៅទីតាំងលក់ និងកន្លែងផលិត ពី៥-៩ ទីតាំងប៉ុណ្ណោះ មកពិនិត្យរកសារធាតុមេតាណុលនោះ។
 
តាមអគ្គនាយក  ក.ប.ប ក្រៅពីពិនិត្យគុណភាពនៃការផលិតស្រាហើយនោះ មន្ត្រីជំនាញ ក៏នឹងបន្តយុទ្ធនាការអប់រំ ផ្សព្វផ្សាយ ពីប៉ះពាល់នៃការប្រើប្រាស់សារធាតុមេតាណុល ក្នុងការផលិតស្រា ទៅដល់អ្នកផលិត និងអ្នកលក់ស្រាផងដែរ។
 
សូម​បញ្ជាក់ថា ក្នុងខែឧសភា និងដើមខែមិថុនា ឆ្នាំ២០២១នេះ នៅកម្ពុជាមានមនុស្សចំនួន៣៥នាក់ហើយ ដែលបានស្លាប់ដោយសារពុលស្រាស និងស្រាថ្នាំ នៅខេត្តចំនួន៣។ ករណីដំបូងកើតឡើងនៅស្រុកល្វាឯម ខេត្តកណ្តាល មានមនុស្ស១៤នាក់បានស្លាប់។ បន្ទាប់មកនៅស្រុកកំពង់ត្រាច ខេត្តកំពត មានមនុស្សចំនួន១០នាក់បានស្លាប់។ ករណីស្លាប់ចុងក្រោយនៅស្រុកក្រគរ ខេត្តពោធិ៍សាត់បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់។
 
ដើម្បីចៀងវាងគ្រោះថ្នាក់ដល់សុភាព ឬអាយុជីវិតបែបនេះ លោក ផាន អូន អំពាវនាវដល់ពលរដ្ឋឱ្យ​ប្រយ័ត្នប្រយែងចំពោះការ​ទទួលទានស្រាស ស្រាថ្នាំ ដោយត្រូវដឹងពីប្រភពផលិត និងផលិតផលមានម៉ាកសញ្ញាត្រឹមត្រូវ។ ​លោក ក៏ទ​ទូចឱ្យអ្នកផលិត ត្រូវប្រើប្រាស់នូវវត្ថុធាតុដើមដែលមានប្រភពច្បាស់លាស់យកមកផលិតស្រា៕
 
 
 
 
 
 
 

Tag:
 ThmeyThmey25
  ពុលស្រា
  ក.ប.ប
  ផាន អូន
© រក្សាសិទ្ធិដោយ thmeythmey.com