អន្តរជាតិ
លោកគីម ជុងអ៊ុន៖ កូរ៉េខាងជើង ត្រូវត្រៀមសម្រាប់ការចរចាផងនិងការប្រឈមមុខផងជាមួយអាមេរិក
18, Jun 2021 , 5:59 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព៖ KCNA
 ដោយ ចាន់ ស៊ីណា
 
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា កូរ៉េខាងជើង ចាំបាច់ត្រូវត្រៀមខ្លួនទាំងកិច្ចពិភាក្សា ទាំងការប្រឈមមុខជាមួយអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន KCNA នៅថ្ងៃទី១៨ ខែមិថុនា។ ការលើកឡើងរបស់លោកគីមបែបនេះ ធ្វើឡើងស្របពេលរដ្ឋបាលអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បង្ហាញជំហរចង់ចរចាជាថ្មីលើកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។

 
ក្នុងកិច្ចប្រជុំពេញអង្គថ្ងៃទីបីនៃគណៈមជ្ឈិមបក្សពលករកូរ៉េខាងជើង ដែលធ្វើឡើងនៅថ្ងៃទី១៧ ខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់ចេញយុទ្ធសាស្រ្តទំនាក់ទំនងរបស់លោកជាមួយអាមេរិក និងវិភាគពីគោលនយោបាយការបរទេសរដ្ឋបាលក្រុងវ៉ាស៊ីតោនថ្មី មកលើក្រុងព្យុងយ៉ាង។ ទាក់ទិននឹងបញ្ហានេះ លោក គីម បានជំរុញឱ្យកូរ៉េខាងជើង ត្រូវតែត្រៀមខ្លួនជាមុន ទាំងការចរចា និងការប្រឈមមុខជាមួយអាមេរិក។ 
 
«កូរ៉េខាងជើងត្រូវត្រៀមទាំងកិច្ចពិភាក្សា និងការប្រឈមមុខ ជាពិសេសត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ដើម្បីប្រឈមមុខ ក្នុងការការពារសេចក្តីថ្លៃថ្នូរដ្ឋ និងធានាឱ្យបានបរិយាកាសប្រកបដោយសន្តិភាព»។ មេដឹកនាំកូរ៉េខាងជើង បានលើកឡើងបែបនេះ។  ជាមួយគ្នាដែរ លោកគីម បានអំពាវនាវឱ្យមានកិច្ចខំប្រឹងប្រែង និងដោះស្រាយយ៉ាងឆាប់រហ័សទៅនឹងស្ថានភាពដែលកំពុងផ្លាស់ប្តូរ និងចូលរួមក្នុងការគ្រប់គ្រងស្ថានភាពនៅឧបទ្វីបកូរ៉េ។
 
កន្លងមក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ចេញគោលនយោបាយថ្មីមួយ នៅចំពោះមុខក្រុងព្យុងយ៉ាង។ គោលនយោបាយនោះ ​ត្រូវបានអាមេរិកហៅថា ជា​ការអនុវត្ត​វិធីសាស្ត្រ​បែប​ជាក់ស្តែង។ យ៉ាងណាមិញ គោលនយោបាយមួយនេះ ត្រូវបានកូរ៉េខាងជើង ចាត់ទុកជា «គោលនយោបាយបង្កសត្រូវ»។ មិនតែប៉ុណ្ណោះ ក្រុងព្យុងយ៉ាង ក៏បានឌឺដងផងដែរថា  វាគឺជាការយល់ច្រឡំដ៏ធំ ដែលអាមេរិក អាចដោះស្រាយការគំរាមកំហែងពីកូរ៉េខាងជើងបាន តាមរយៈការទូត និងការព្រមានរបស់ខ្លួន។ 
 
គួររំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅអាមេរិករបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងខែឧសភាកន្លងមក  លោក បៃឌិន បានប្រាប់លោក មូន ចេអ៊ីន ថា លោកនឹងមិនជួបជាមួយលោកគីម ទេ លុះត្រាតែមានផែនការច្បាស់លាស់ ក្នុងការចរចាលើកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរ។ លើសពីនេះ លោក បៃឌិន បានរិះគន់យ៉ាងខ្លាំងជុំវិញទំនាក់ទំនងរបស់លោក ត្រាំ និងលោក គីមផងដែរ ដោយមេដឹកនាំអាមេរិករូបនេះ បានអះអាងថា លោកនឹងមិនដើរតាមអ្វីដែលលោកត្រាំបានធ្វើជាមួយកូរ៉េខាងជើងនោះទេ៕
 

Tag:
 កូរ៉េខាងជើង
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com