ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល កំពុងតាមដានលើការស្លាប់បុរសម្នាក់​ ដែលមន្ទីរពេទ្យរដ្ឋមិនទទួលព្យាបាល
18, Jun 2021 , 5:20 pm        
រូបភាព
 ទីកន្លែងស្លាប់របស់ សព ឈ្មោះ ហាក់ ប៊ុនលី ជាកម្មករ ដែលម៉ូតូកង់បី ទុកចោលនៅចំណតរថយន្តនៅមន្ទីររ៉ូយ៉ាល់រតនៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្រោយមន្ទីរសាធារណៈនានាមិនព្រមទទួលព្យាបាល។ រូបថត៖ ពីហ្វេសប៊ុក
ទីកន្លែងស្លាប់របស់ សព ឈ្មោះ ហាក់ ប៊ុនលី ជាកម្មករ ដែលម៉ូតូកង់បី ទុកចោលនៅចំណតរថយន្តនៅមន្ទីររ៉ូយ៉ាល់រតនៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្រោយមន្ទីរសាធារណៈនានាមិនព្រមទទួលព្យាបាល។ រូបថត៖ ពីហ្វេសប៊ុក
ក្រសួងសុខាភិបាល កំពុងតាមដានលើករណីស្លាប់របស់បុរសវ័យប្រមាណ៦០ឆ្នាំម្នាក់​ ដែលមន្ទីរពេទ្យរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ មិនព្រមទទួលមកព្យាបាល។ នេះជាការលើកឡើង របស់លោកវេជ្ជបណ្ឌិត ង៉ូវ កាង ​រដ្ឋលេខាធិការក្រសួងសុខាភិបាល។ លោក បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey តាមទូរសព្ទ នាព្រឹកថ្ងៃទី១៨មិថុនានេះថា ក្រសួងសុខាភិបាល កំពុងសួរនាំទៅតាមទីតាំងមន្ទីរពេទ្យនីមួយៗ ដែលមានជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់បុរសម្នាក់នោះ។​

 
កាលពីរសៀលថ្ងៃទី១៦មិថុនា ឆ្នាំ២០២១ មានបុរសម្នាក់ ដែលគេស្គាល់ឈ្មោះថា ហាក់ ប៊ុន​លី ជាកម្មករសំណង់មួយកន្លែង ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានស្លាប់នៅត្រង់ចំណតរថយន្តក្រុង តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ស្វែងរកការព្យាបាលពីគ្រូពេទ្យ នៅតាមមន្ទីរពេទ្យរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញ ប៉ុន្តែគ្មានមន្ទីរពេទ្យណា ទទួលយកមកព្យាបាល។ 
 
បើតាមការចែករំលែកតៗគ្នា នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មុននឹងស្លាប់បុរសម្នាក់នេះ មានអាការមិនសូវស្រួលខ្លួនខ្លាំង ហើយក៏ត្រូវបានគេដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ប៉ុន្តែក្រុមគ្រូពេទ្យនៅទីនោះ មិនទទួលព្យាបាល បន្ទាប់មកទៀតបុរសដែលជាអ្នកជំងឺដដែលនោះ ក៏ត្រូវម៉ូតូកង់បី ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈទៀត ដោយមន្ទីរពេទ្យនេះ ក៏មិនទទួលយកបុរសមកព្យាបាល​ដែរ​។​ 
 
ធ្វើដំណើរតាមម៉ូតូកង់បី ​ចេញពីមន្ទីរពេទ្យមួយ ទៅមន្ទីរពេទ្យមួយទៀត ដោយគ្មានគ្រូពេទ្យទទួលយកមកព្យាបាល​ អ្នកជំងឺម្នាក់នោះ ក៏បានស្លាប់ នៅលើម៉ូតូកង់បី ហើយម្ចាស់ម៉ូតូកង់បីនោះ ក៏បានទុកសពបុរសនោះ នៅត្រង់ចំណតរថយន្តក្រុង ក្បែរមន្ទីពេទ្យរ៉ូយាល់រតនៈ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី។ 
 
​លោក ង៉ូវ កាង ​រដ្ឋលេខាធិការក្រសួងសុខាភិបាល ក៏ទទួលបានដឹណឹងដែលពាក់ព័ន្ធនឹងមន្ទីរពេទ្យរដ្ឋមួយចំនួន មិនព្រមទទួលយកជំងឺខាងលើ មកព្យាបាល​រហូត ទុកឱ្យបានបុរសម្នាក់នេះ​​បាត់បង់ជីវិតនៅតាមផ្លូវនេះ​ដែរ។ លោកមានប្រសាសន៍ដូច្នេះ៖ «ករណីហ្នឹង ខ្ញុំទទួលបានព័ត៌មាន ដែរ។ ពេលនេះខ្ញុំកំពុងតែសួរ ទៅតាមទីតាំងមន្ទីរពេទ្យនីមួយៗ ដែលមានជាប់ពាក់ព័ន្ធនឹងករណីហ្នឹង!​ តើវាពិត ដូចអ្វីដែលគេបានលើកឡើងមែនឬទេ? យើងនឹងសួរឱ្យបានច្បាស់សិន ពីមូលហេតុអ្វី បានមិនទទួលអ្នកជំងឺនោះមកព្យាបាល? ឬក៏អ្នកជំងឺនោះ មិនបានចូលទៅដល់កន្លែងពិគ្រោះជំងឺ ដើម្បីបានការព្យាបាលពីគ្រូពេទ្យ ឬណាម៉េច យើងសួរនាំឱ្យច្បាស់សិន»។
 
បើតាមលោក វេជ្ជបណ្ឌិត ង៉ូវ កាង ជាធម្មតា បើមានអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋនីមួយៗ គ្រូពេទ្យ តែងតែសួរនាំស្ថានភាពជំងឺ និងត្រូវទទួលអ្នកជំងឺមកព្យាបាល។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ​សារព័ត៌មាន ThmeyThmey មិនអាចសុំការអត្ថាធិប្បាយពីលោកវេជ្ជបណ្ឌិត ងី ម៉េង ប្រធានមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងលោកវេជ្ជបណ្ឌិត តាំង សុគុន ប្រធានមន្ទីរពេទ្យព្រះកុសុមៈ បានឡើយ ដោយទូរសព្ទហៅចូល ប៉ុន្តែគ្មានអ្នកទទួល​៕ 
 

Tag:
 សុខភាព
  មន្ទីរពេទ្យរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com