ជាតិ
វៀតណាមផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ១២០កន្លែង ដល់និស្សិតកម្ពុជា
19, Jun 2021 , 8:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សាចំនួន២០កន្លែង និងថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង របស់ប្រទេសវៀតណាម សម្រាប់និស្សិតកម្ពុជា។ 



តាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ បេក្ខជនដែលចង់ដាក់ស្នើសុំប្រឡងអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា ត្រូវមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៤០ឆ្នាំ ដោយគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ និងជានិស្សិតដែលបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្រពីប្រទេសវៀតណាម។ ចំពោះអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រវិញ បេក្ខជនត្រូវតែមានសញ្ជាតិខ្មែរ មានអាយុមិនលើសពី៣០ឆ្នាំ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
 
បេក្ខជនត្រូវទៅយកពាក្យសុំអាហារូករណ៍នេះ នៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ ដែលមានទីតាំងនៅអាគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ 
 
សម្រាប់ថ្នាក់ក្រោយឧត្តមសិក្សាគឺមិនហួសថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។ ចំណែកថ្នាក់បរិញ្ញាបត្រ គឺមិនឲ្យហួសថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។ 
 
ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លើវិញ្ញាសាវប្បធម៌ទូទៅ និងគណិតវិទ្យា ហើយក្រសួងអប់រំនឹងជូនដំណឹងពីទីតាំងប្រឡង នៅពេលក្រោយ៕ 
 
 

Tag:
 អាហារូបករណ៍
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com