ជាតិ
សេដ្ឋកិច្ច
សិង្ហបុរី ប្ដេជ្ញាជួយស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ
19, Jun 2021 , 9:29 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី បន្តគាំទ្រកិច្ចសហការជាមួយកម្ពុជាក្នុងការស្ដារឡើងវិញនូវវិស័យទេសចរណ៍ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។  ការប្តេជ្ញាជួយស្តារវិស័យទេសចរណ៍កម្ពុជាឡើងវិញនេះពីសំណាក់សិង្ហបុរីនេះ គឺត្រូវបានលើកឡើងដោយលោកស្រី យូ ឡេឆេង (Teo Lay Cheng) ជាឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា នៅចំពោះមុខលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

 
ក្នុងឱកាសជួបពិភាក្សាជាមួយលោកស្រី  យូ ឡេឆេង នៅទីស្តីការក្រសួងទេសចរណ៍ នាថ្ងៃទី១៧មិថុនា ឆ្នាំ២០២១ លោក ថោង ខុន  បានលើកឡើងអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី ដែលធ្វើឱ្យកំណើនទេសចរទៅមកនៃប្រទេសទាំងពីរមានកំណើន នៅមុនពេលផ្ទុះជំងឺកូវីដ-១៩។ រហូតដល់ជំងឺកូវីដ-១៩នេះ បានរាតត្បាតពេញសកលលោក ក៏បានធ្វើឱ្យកំណើនទេសចរអន្តរជាតិនៅកម្ពុជាបានធ្លាក់ចុះយ៉ាងកំហុគ។
 
លោករដ្ឋមន្ត្រីទេសចរណ៍ បន្តប្រាប់លោកស្រី យូ ឡេឆេង ថា ដើម្បីឆ្លើយតបនឹងវិបត្តិវិស័យទេសចរណ៍ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញ «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩»។ នេះបើយោងតាមការផ្សាយរបស់ក្រសួងទេសចរណ៍ ដោយបានស្រង់សម្តីរបស់លោក ថោង ខុន ដូច្នេះ៖«ការដាក់ចេញផែនទីចង្អុលផ្លូវនេះ គឺដើម្បីធ្វើជាត្រីវិស័យក្នុងការស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ជាតិកម្ពុជាឡើងវិញ ហើយកម្ពុជាក៏ត្រូវការកិច្ចសហប្រតិបត្តិការពីបណ្ដាប្រទេសជាដៃគូ ដោយក្នុងនោះក៏មានភាគីសិង្ហបុរី ផងដែរ»។


លោកស្រី យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជា កំពុងជួបពិភាក្សាការងារ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ រូបថត៖ MTC 

ជាមួយគ្នានេះ លោកស្រី ត្យូ ឡេឆេង បានបង្ហាញការគាំទ្រនិងពេញចិត្តចំពោះកិច្ចសហប្រតិបត្តិជាមួយកម្ពុជាក្នុងការស្តារវិស័យទេសចរណ៍នៅកម្ពុជាឡើងវិញ។ ឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មីប្រចាំនៅកម្ពុជារូបនេះ មានប្រសាសន៍ដូច្នេះ៖ «រដ្ឋាភិបាលសាធារណរដ្ឋសិង្ហបុរី ក៏ដូចជាស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជា នៅតែគាំទ្រកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍ ក្នុងការអនុវត្តផែនការស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ និងនៅតែបន្តកិច្ចសហប្រតិបត្តិការផ្សេងទៀតជាមួយមិត្តកម្ពុជា ផងដែរ»។
 
បើតាមការលើកឡើងរបស់លោកស្រី ឡេឆេង នៅពេលដែលវិបត្តិជំងឺកូវីដ-១៩ បានធូរស្រាលទៅវិញ ប្រទេសសិង្ហបុរីនឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការបើកឱ្យមានចលនាទេសចរទៅមកនៃប្រទេសទាំងពីរ ដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាលនៃប្រទេសរៀងៗខ្លួន។ 
 
លោកស្រី ត្យូ ឡេឆេង ក៏បានស្នើសុំកិច្ចសហការពីលោក ថោង ខុន ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ឬព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ នៅក្នុងពេលសមស្របណាមួយដែលស្របនឹងវិធានសុវត្ថិភាពរបស់ ក្រសួងសុខាភិបាល ក្នុងគោលដៅរួមចំណែកស្ដារនិងលើកស្ទួយវិស័យទេសចរណ៍នៃប្រទេសមិត្តទាំងពីរឡើងវិញ ផងដែរ។
 
របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ កម្ពុជាទទួលភ្ញៀវទេសចរអន្តរជាតិបានត្រឹម៧០,៩០១នាក់ប៉ុណ្ណោះ។ ចំនួននេះគឺធ្លាក់ចុះរហូតដល់ ៩៣,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០ កម្ពុជាទទួលបានភ្ញៀវទេស ជាង១,១៥លាននាក់។ 
 
សូមជម្រាបផងដែរថា មុននឹងពិភពលោកផ្ទុះឡើងនូវវិបត្តិកូវីដ-១៩ កាលឆ្នាំ២០១៩កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៦,៦លាននាក់។ រហូតចូលមកដល់នៃវិបត្តិកូវីដ-១៩នេះ ក្នុង២០២០ កម្ពុជា ទទួលភ្ញៀងអន្តរជាតិបានត្រឹមជាង១,៣លាននាក់ ប៉ុណ្ណោះ៕
 

Tag:
 ទេសចរណ៍
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com