ជាតិ
ជាង៥ខែកន្លងមក ព្រៃវែងនាំស្រូវចេញ១លានតោន និងស្វាយ១១ម៉ឺនតោនទៅវៀតណាម
18, Jun 2021 , 9:59 pm        
រូបភាព
ដោយ:
គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ខេត្តព្រៃវែង បាននាំចេញស្រូវ សរុប ១ ០១១ ៨០៨តោន ទៅកាន់ប្រទេសវៀតណាម។ ក្រៅពីស្រូវ ខេត្តព្រៃវែង ក៏បាននាំចេញផ្លែស្វាយ សរុប ១១ម៉ឺនតោន ទៅកាន់ប្រទេសជិតខាងមួយនេះផងដែរ។

 
 លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានបញ្ជាក់ថា ស្រូវដែលនាំចេញទៅវៀតណាម មាន២ប្រភេទ។ ក្នុងនោះស្រូវប្រភេទ IR504 អាចលក់បានតម្លៃ ៩៦០រៀល ក្នុងមួយគីឡូក្រាម។ រីឯ ស្រូវប្រភេទ OM5451 លក់បានតម្លៃ ៩៤០រៀល ក្នុងមួយគីឡូក្រាម។ ដោយឡែកផ្លែស្វាយ ដែលនាំទៅវៀតណាម ទទួលបានតម្លៃ ៥០០រៀល ក្នុងមួយគីឡូក្រាម។
 
តម្លៃស្រូវទាំង២ប្រភេទ ដែលខេត្តព្រៃវែង នាំចេញទៅប្រទេសវៀតណាម ដែលបង្ហាញដោយលោក អ៊ុក សំណាង ហាក់ប្រសើរជាងរយៈពេល ២ខែកន្លងមក។ 


 
កាលពីចុងខែមេសាកន្លងមក លោកប្រធានមន្ទីរកសិកម្មរូបនេះ បានបង្ហាញថា ដែលនាំទៅវៀតណាមប្រភេទ IR504 អាចលក់បានតម្លៃ ៩៥០រៀល ក្នុងមួយគីឡូក្រាម។ ចំណែក ស្រូវប្រភេទ OM5451 លក់បានតម្លៃ ៩១០រៀល ក្នុងមួយគីឡូក្រាម។
 
បើតាមលោក អ៊ុក សំណាង ការងារបង្កបង្កើនផលរដូវវស្សា ក្នុងខេត្តព្រៃវែង គិតត្រឹមថ្ងៃទី១៤ ខែមិថុនា សម្រេចបាន ៧២ភាគរយហើយ។ ក្នុងនោះស្រូវស្រាល សម្រេចបានចំនួន ៧០ ៨៦៣ហិកតា,ស្រូវកណ្ដាល ចំនួន ៨៧ ៥៣៤ហិកតា និងស្រូវធ្ងន់ ចំនួន ២១ ៧០៨ ហិកតា។ ក្រៅពីការធ្វើស្រែ កសិករខេត្តព្រៃវែងនិយមដាំដុះ បន្លែគ្រប់ប្រភេទ ដូចជា ដំណាំពោត ដំឡូងជ្វា ម្ទេស ឪឡឹក ពោតក្រហម ដំឡូងមី សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ឈូក ជាដើម៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com