COVID-19
អន្តរជាតិ
អាមេរិក នឹងបញ្ចប់ការបែងចែកវ៉ាក់សាំងកូវីដ-១៩ ៨០លានដូស ដែលត្រូវដឹកទៅបរទេសឆាប់ៗ
18, Jun 2021 , 10:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ៖ចាន់ ស៊ីណា

សេតវិមាននឹងបញ្ចប់ការបែងចែកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៨០ លាននដូសរបស់ខ្លួន នៅប៉ុន្មានថ្ងៃខាងមុខ ស្របពេលប្រទេសជាច្រើន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលវ៉ាក់សាំង។ នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់អាមេរិក នៅថ្ងៃទី១៧ ខែមិថុនា។

 
រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅដើមខែមិថុនា បានប្រកាសពីផែនការបែងចែកវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ២៥ លានដូស។ មិនតែប៉ុណ្ណោះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥៥លានដូសបន្ថែមទៀត នឹងត្រូវបែងចែកត្រឹមបំណាច់ខែមិថុនា។ 
 
ទាក់ទិននឹងបញ្ហានេះ មន្រ្តីជាន់ខ្ពស់អាមេរិក បានបញ្ជាក់ថា វ៉ាក់សាំងជាច្រើន ត្រូវបានដឹកជញ្ជូនទៅប្រទេសមួយចំនួនរួចហើយ។ លោក Jeff Zients អ្នកសម្របសម្រួលការឆ្លើយតបរបស់សេតវិមាននឹងជំងឺកូវីដ-១៩ បានអះអាងថា អាមេរិក ត្រូវដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅកាណាដានៅថ្ងៃទី១៧ ខែមិថុនា និងវ៉ាក់សាំង មួយចំនួនទៀត នឹងដឹកទៅប្រេស៊ីលនៅប៉ុន្មានសប្តាហ៍ខាងមុខ។ កាណាដា រំពឹងថា វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនModerna ប្រហែល ១ លានដូស នឹងដឹកចេញពីអាមេរិកនៅថ្ងៃទី១៧ ខែមិថុនា។
 
មួយរយៈចុងក្រោយនេះ អាមេរិក ត្រៀមដឹកវ៉ាក់សាំងទៅបរទេសយ៉ាងខ្លាំង ស្របពេលយុទ្ធនាការចាក់វ៉ាក់ឱ្យប្រជាជនខ្លួនមានដំណើរយ៉ាងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ នៅសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក៏បានប្រកាសពីការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ចំនួន ៥០០លានដូស ដើម្បីបរិច្ចាគឱ្យប្រទេសក្រីក្រនៅឆ្នាំ ២០២១ និងឆ្នាំ ២០២២ ផងដែរ។
 
មកទល់ពេលនេះ ប្រជាជនអាមេរិកជាង ១៧៥លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ហើយប្រមាណជា ៦៥ ភាគរយដែលជាមនុស្សពេញវ័យ បានទទួលវ៉ាក់សាំងមួយដូស។ ដោយសារប្រជាជនអាមេរិកជាច្រើន បានទទួលវ៉ាក់សាំងបែបនេះ លោក Zients បានកត់សម្គាល់ថា ករណីឆ្លង និងស្លាប់ បានធ្លាក់ចុះជាង ៩០ ភាគរយ ចាប់តាំងពីចុងខែមករា ហើយនេះជាកម្រិតឆ្លង និងស្លាប់ទាបបំផុត បើគិតចាប់ផ្ទុះជំងឺកូវីដ-១៩ ។ 
 
អាមេរិក នៅថ្ងៃទី១៧ ខែមិថុនា បានរាយការណ៍ ករណីឆ្លងកូវីដ-១៩ ចំនួន ១១២៣០ ករណី និងស្លាប់ចំនួន ២៩១នាក់។ តួលេខឆ្លងសរុបនៃករណីឆ្លងកូវីដ-១៩ មានចំនួនជាង ៣៤លានករណី និងអ្នកស្លាប់មានជាង ៦១ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ២៨លាននាក់។ 
 
យ៉ាងណាមិញ មន្រ្តីជាន់ខ្ពស់អាមេរិក រូបនេះ ក៏បានបង្ហាញពីក្តីបារម្ភមួយចំនួនផងដែរ ទាក់ទិននឹងកម្មវិធីចាក់វ៉ាក់សាំង។ បើតាមលោក Zients អត្រាចាក់វ៉ាក់សាំង មានកម្រិតទាបនៅឡើយ នៅក្នុងសហគមន៍អាមេរិកមួយចំនួន។ ក្នុងន័យនេះ លោក Zients បានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ អាចនឹងកើនឡើងវិញ ស្របពេលកូរ៉ូណាវីរុសបំប្លែងខ្លួននៅឥណ្ឌា (ដែលតា) កំពុងតែរីកសាយនៅអាមេរិក។
 
គួររំលឹកថា អាមេរិកបានបរិច្ចាកវ៉ាក់សាំងរបស់ខ្លួនជាច្រើនលានដូសទៅឱ្យបណ្តាប្រទេសជុំវិញពិភពលោករួចមកហើយដូចជាឥណ្ឌា មិចស៊ិក តៃវ៉ាន់ និងបណ្តាប្រទេសជាច្រើនទៀត៕
 

Tag:
 អាមេរិក
  វ៉ាក់សាំង
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com