ជាតិ
ក្រសួងកសិកម្ម កំពុងអនុវត្តគម្រោងដំណោះស្រាយជំងឺលើដំឡូងមី នៅខេត្តចំនួន១៤
19, Jun 2021 , 2:02 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្នុងមួយឆ្នាំៗ កម្ពុជា អាចទទួលបានប្រាក់ចំណូលប្រមាណ ៣,៥លានដុល្លារ ទៅ៤លានដុល្លារ ពីការនាំចេញដំឡូងមីស្រស់ ម្សៅដំឡូងមី និងចំណិតដំឡូងមីក្រៀម បន្ថែមលើការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្ម។ ដោយសារតែដំណាំសក្តានុពលនេះ តែងប្រឈមនឹងជំងឺកញ្ចុំស្លឹក និងជំងឺវីរុសម៉ូសាអ៊ិក ហើយដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងក្រសួងកសិកម្ម កំពុងអនុវត្តគម្រោងមួយឈ្មោះថា «ដំណោះស្រាយប្រកបដោយចីរភាព លើជំងឺដំណាំដំឡូងមី នៅតំបន់អាស៊ីអាគ្នេយ៍»។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៣ ក្រោមការគាំទ្រហិរញ្ញវត្ថុ ពីមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក (CIAT) នៅប្រទេស។  នៅកម្ពុជា ខេត្តចំនួន ១៤ ត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងនេះ។



របាយការណ៍របស់នាយកដ្ឋានកសិកម្មបានបង្ហាញថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចទទួល បានប្រាក់ចំណូលប្រមាណ ៣,៥លានដុល្លារ ទៅ៤លានដុល្លារ ពីការនាំចេញដំឡូងមីស្រស់ និង ដំឡូងមីក្រៀម។ ដ្បិតដំណាំដំឡូងមី ជាដំណាំសក្ដានុពលសម្រាប់នាំចេញ បច្ចុប្បន្ន នៅមាន បញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដូចជាបញ្ហាជំងឺកញ្ចុំស្លឹក និងជំងឺវីរុសម៉ូសាអ៊ិក។
ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះជូនកសិករ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើស រើសខេត្តចំនួន១៤ ដើម្បីអនុវត្តគម្រោង «ដំណោះស្រាយប្រកបដោយចីរភាព លើជំងឺដំណាំដំឡូងមី នៅតំបន់អាស៊ីអាគ្នេយ៍»។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ដោយចាប់ផ្ដើមពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៣។


 
ផលិតកម្មខ្នាតតូចអាជីវកម្ម អ្នកកែច្នៃ និងអ្នកធ្វើគោលនយោបាយ ត្រូវបានរំពឹងទុកថា នឹង ទទួលបានផលប្រយោជន៍ពីគម្រោងនេះ។ នេះបើតាមការបង្ហោះហ្វេសប៊ុក របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដោយលោកបន្តថាខេត្តទាំង១៤ ដែលក្រសួង បានអនុវត្តមានដូចជា ខេត្ត កំពង់ចាម,បាត់ដំបង,បន្ទាយមានជ័យ,ក្រចេះ,ឧត្តរមានជ័យ,ត្បូងឃ្មុំ,កំពង់ធំ,ប៉ៃលិន,សៀមរាប,ព្រះវិហារ,ពោធិ៍សាត់,រតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ 
 
សកម្មភាពសំខាន់ៗ ដែលក្រុមការងារគម្រោងបានស្រាវជ្រាវ តាមរយៈការធ្វើពិសោធន៍ចន្លោះគុម្ព  ពេលវេលាដាំដុះ ពេលវេលាប្រមូលផល និងការដាំពង្រីកពូជគ្មានជំងឺ CMD ក្នុងផ្ទះប្លាស្ទិក។ ធ្វើបច្ចុប្បន្នភាពផែនទី ស្តីពីការរីករាលដាលជំងឺទាំងពីរ និងប្រជាកររុយស។ ចុះអង្កេត តាមដាន ប្រមូលសំណាកជំងឺទាំងពីរ និងរុយស។ វាយតម្លៃបច្ចេកវិទ្យាថ្មី សម្រាប់ធ្វើរោគវិនិច្ឆ័យរហ័ស លើសំណាកជំងឺទាំងពីរ ជាមួយកម្មវិធីជាក់លាក់នៅក្នុងប្រព័ន្ធគ្រាប់ពូជ។
 
លទ្ធផលកន្លងមក របស់ក្រុមការងារស្រាវជ្រាវនៃគម្រោង បានចុះអង្តេតតាមដាន ជំងឺម៉ូសាអ៊ិក(CMD) ជំងឺកញ្ចុំស្លឹក(CWBD) និងរុយស។ រៀបចំពិធីសារសម្រាប់ចុះប្រមូលទិន្នន័យ និងបានកំណត់ទីតាំងចំនួន ១៥០ទីតាំងសម្រាប់ សកម្មភាពចុះអង្តេតតាមដានជំងឺទាំងពីរ និងរុយសពីខេត្តគោលដៅ និងបានធ្វើបច្ចុប្បន្នភាពសម្រាប់បញ្ជូលទិន្នន័យចំនួន៤៤ទីតាំង។
 
តាមរយៈនៃការពិសោធន៍នៅឆ្នាំទី១ គម្រោងបានសន្និដ្ឋានថា ការលូតលាស់ ទិន្នផល និងកម្រិតជាតិម្សៅរបស់ដំឡូងមី គឺអាស្រ័យលើដង់ស៊ីតេដាំ និងការប្រើប្រាស់ជីបានត្រឹមត្រូវ។ ទិន្នផលខ្ពស់អាស្រ័យលើបច្ចេកទេសមុននិងក្រោយពេលពេលដាំ ដូចជាការជ្រើសពូជ, ការរៀបចំដី, ការថែទាំនិងការប្រើប្រាស់ជី។
 
ជាទូទៅ ការដាំដុះដំណាំដំឡូងមី ដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ នឹងទទួលបានទិន្នផលខ្ពស់ពី ៣៤-៥០តោន ក្នុងមួយហិកតា(ក្នុងលក្ខខណ្ឌដីក្រហម ចម្ការលើ)។ ប៉ុន្តែការដាំដុះ តាមទម្លាប់របស់កសិករ ដោយមិនបានជ្រើសរើសពូជត្រឹមត្រូវ និងមិនបានថែទាំឲ្យបានល្អ ទោះក្នុង លក្ខខណ្ឌដី និងការប្រើប្រាស់ពូជដូចគ្នាក៏ដោយ តែទិន្នផលដែលទទួលបានត្រឹម ២០-២៣តោនប៉ុណ្ណោះ ក្នុងមួយហិកតា។
 
បើតាមរបាយការណ៍របស់នាយកដ្ឋានកសិកម្ម នៅឆ្នាំ២០២០ កម្ពុជាមានផ្ទៃដីដាំដុះដំឡូងមីចំនួន ៦៦៣ ៩២៩ហិកតា ហើយទិន្នផលដែលទទួលបានជាមធ្យមចំនួន ២០.៥៥តោន ក្នុងមួយហិកតា និង ទទួល បានផលចំនួន ១២ ៦៨០ ៩៨៧តោន៕
 
 
 

Tag:
 ដំឡូងមី
© រក្សាសិទ្ធិដោយ thmeythmey.com