ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម៖ វិស័យវារីវប្បកម្មយើងបច្ចុប្បន្ន គឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក
19, Jun 2021 , 4:39 pm        
រូបភាព
លោក វេង​ សាខុន រដ្ឋមន្ត្រីកសិកម្ម
លោក វេង​ សាខុន រដ្ឋមន្ត្រីកសិកម្ម
រយៈពេល៦ឆ្នាំចុងក្រោយ គឺចាប់ពីឆ្នាំ២០១៥ដល់២០២០ វិស័យវារីប្បកម្មរបស់កម្ពុជា មានវឌ្ឍនភាព និងសន្ទុះគួរឱ្យកត់សម្គាល់។ លោក វេង សាខុន រដ្ឋនមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ដ្បិតថាវិស័យវារីវប្បកម្មក្នុងរយៈពេលនេះ មានភាពរីកចម្រើនក៏ពិតមែន ប៉ុន្តែ ការធ្វើវារីវប្បកម្មរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្នគឺស្ថិតនៅរាយប៉ាយ ខ្វះទុន និង ខ្វះប្រភពទឹក ពិសេសការចិញ្ចឹមត្រី ក៏មិនបានដាក់ចេញការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាឲ្យបានល្អដែរ។

 
តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកវេង សាខុន បានបង្ហាញពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មកម្ពុជា ក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៩មិថុនា ថា ឆ្នាំ ២០១៥ កម្ពុជាទទួលបានទិន្នផលពីវិស័យវារីវប្បកម្មចំនួន១៤៣ ១៤១តោន។ ឆ្នាំ២០១៦ ទទួលបាន ១៧២ ៥០០តោន, ឆ្នាំ២០១៧ ទទួលបាន ២០៧ ៤៤៣តោន។ ឆ្នាំ២០១៨ ទទួលបាន ២៥៤ ០៤៨តោន និងឆ្នាំ២០១៩ កម្ពុជាទទួលបាន ៣០៧ ៤០៨តោន។  លោក វេង សាខុន បានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥-២០១៩ ទិន្នផលដែលកម្ពុជាទទួលបានពីវិស័យវារីវប្បកម្ម គឺមានកំណើនមធ្យម២០,៦ភាគរយក្នុងមួយឆ្នាំ។
 
ដោយឡែក ក្នុងឆ្នាំ២០២០ ទិន្នផលត្រីដែលកម្ពុជាបានពីវិស័យវារីប្បវកម្ម គឺបានកើនទៅដល់៤០០,៤០០តោន។ ចំនួននេះ បានកើនឡើងក្នុងអត្រា៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩។ ទោះជាវិស័យវារីវប្បកម្មរបស់កម្ពុជាមានកំណើនល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំក៏ពិតមែន ប៉ុន្តែលទ្ធភាពនៃការប្រកួតប្រជែងទីផ្សារក្នុងស្រុកជាមួយនឹងផលិតផលជលជលនានាដែលនាំចូលពីបរទេស ពិសេសពីប្រទេសវៀតណាមនោះ គឺនៅតែលំបាកសម្រាប់កម្ពុជា ទាំងបច្ចេកទេស, ទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់វិស័យវារីវប្បកម្ម, ទាំងចំណេះដឹងរបស់កសិករ ដែលប្រកបមុខរបរជាវារីវប្បករ ឬជាអ្នកចិញ្ចឹមត្រី និងទាំងដើមទុនជាដើម...។
 
«ការធ្វើវារីវប្បកម្មរបស់យើងនាពេលបច្ចុប្បន្ន គឺស្ថិតនៅរាយប៉ាយ ខ្វះទុន ខ្វះប្រភពទឹក។  [ហើយ]ការចិញ្ចឹមនោះ មិនបានដាក់ចេញនូវការចិញ្ចឹមជាលក្ខណៈបណ្តាក់តគ្នាបានល្អនោះទេ»។ លោក វេង សាខុនមានប្រសាសន៍ដូច្នេះ ដោយបានបន្ថែមថា៖« ហើយ ការប្រមូលផលជួបការលំបាក ដោយត្រូវប្រើពេលយូរចេញពីខេត្តមួយទៅខេត្តមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងការដឹកជញ្ជូនទៅកាន់ទីផ្សារចែកចាយ»។ 
 
បើតាមលោក វេង សាខុន បញ្ហាប្រឈមដែលក្រសួងកសិកម្មកំពុងពិនិត្យ និងដោះស្រាយជាលក្ខណៈអន្តរក្រសួង រួមជាមួយស្ថាប័នជំនាញនៅលើវិស័យវារីវប្បកម្មនោះ មាន៖១.គោលនយោបាយនៃការត្រួតពិនិត្យនិងការបង់ពន្ធនៃការនាំចូល។ ២. ការគ្រប់គ្រងទីផ្សារ និងការធ្វើពាណិជ្ជកម្មក្នុងនិងក្រៅស្រុក ៣. ការគ្រប់គ្រងធនធានទឹក រួមទាំងព្រែក ស្ទឹង បឹងបួរ និងបឹងទន្លេសាប ហើយនឹងផ្គត់ផ្គង់ទឹកក្នុងការធ្វើវារីវប្បកម្ម ៤. ការជួយគាំទ្រ និងការលើកទឹកចិត្តក្នុងការកែឆ្នៃផលិតផលជលផល និងចំណី ប្រកបដោយការប្រគួតប្រជែងជាមួយប្រទេសជិតខាង ៥. ការផ្តល់ឥណទាន និងទីចំណុចទី៦. ការជួយគាំទ្រពីអាជ្ញាធរដែនដល់ការជួយគាំទ្រសកម្មភាពនានានៅនឹងមូលដ្ឋាន។ 
 
លើសពីនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានរៀបចំនូវវិធានការគោលនយោបាយជំរុញវារីវប្បកម្មឆ្នាំ២០២១-២០២៣ ក្នុងគោលបំណងបងើ្កនផលិតភាពវារីវប្បកម្មឱ្យមានការប្រកួតប្រជែង បរិយាប័ន្ន និងនិរន្តរភាព។ នេះបើការលើកឡើងរបស់លោក រដ្ឋមន្ត្រីកសិកម្ម។  
 
ជាមួយនឹងគ្នានេះលោក វេង សាខុន បានបញ្ជាក់ថា ការបាត់បង់ធនធានធម្មជាតិ(ត្រីធម្មជាតិ)កន្លងមក គឺជាលក្ខណៈសត្យានុមត្តិ មិនមែនក្រសួងមិនបានធ្វើនិងដោះស្រាយនោះទេ ព្រោះអ្វីៗបានផ្តើមចេញពីដំណើរនៃការរីកលូតលាស់នៃវិស័យសេដ្ឋកិច្ចជាតិ សង្គម កំណើនទីក្រុងនិងប្រជាជន ការកកស្ទះដីល្បាប់តាមបណ្តាផ្លូវទឹក និងបណ្តាព្រែកនានា នៅតាមដងទន្លេជាដើម៕ 
 

Tag:
 វារីវប្បកម្ម
  ត្រី
  លោក វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com