ជាតិ
សង្គមជាតិ
សុខភាព
អូស្ត្រាលី ប្រកាសបន្តគាំទ្រកម្ពុជា ក្នុងការផ្គត់ផ្គង់ទឹកស្អាតនៅតាមជនបទ
19, Jun 2021 , 8:29 pm        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសគាំទ្រដល់កម្ពុជាដើម្បីកែលម្អបណ្តាញផ្គត់ផ្គង់ទឹកស្អាតនៅតាមតំបន់ជនបទ។ ការប្រកាសគាំទ្រនេះគឺធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវថ្មីមួយរបស់ខ្លួនបានបង្ហាញថាកម្ពុជាមានតែ៤៧ភាគរយនៃភូមិទាំងអស់ ដែលមានបណ្តាញទឹកស្អាតនៅត្រឹមឆ្នាំ២០២០។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី ស្តីពីការស្រាវជ្រាវរបស់ស្ថានទូតអូស្ត្រាលីដើម្បីបង្កើនការវិនិយោគនិងនវានុវត្តន៍ ក្នុងវិស័យទឹកស្អាតដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា។

 
ការសិក្សា អំពីការបង្កើនការវិនិយោគ និងនវានុវត្តន៍ក្នុងវិស័យទឹកស្អាតនៅកម្ពុជានេះបានធ្វើឡើងដោយកម្មវិធីរបស់អូស្ត្រាលីឈ្មោះ «វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ(3i)» ក្នុងទំហំទឹកប្រាក់៤៩លានដុល្លារអូស្ត្រាលី (ប្រមាណ៣៧,៧លានដុល្លារអាមេរិក)។ ការសិក្សានេះបានបង្ហាញពីកាលានុវត្តភាពសំខាន់ៗនានា ដើម្បីពង្រីកការផ្គត់ផ្គង់ទឹកស្អាត ក្រោមកិច្ចសហការនិងភាពជាដៃគូ រវាងស្ថាប័នសាធារណៈ និងឯកជននៅកម្ពុជា។
 
លោក LukeArnold ភារធារីស្ថានទូតអូស្រា្តលីប្រចាំកម្ពុជា មានប្រសាសន៍ថាអត្រា៤៧ភាគរយ ដែលពលរដ្ឋកម្ពុជារស់នៅជនបទ មានបណ្តាញទឹកស្អាតប្រើប្រាស់នេះនឹងកើនឡើងយ៉ាងឆាប់រហ័ស តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងស្ថាប័នសាធារណៈនិងឯកជន  ដើម្បីបង្កើនការវិនិយោគនិងនវានុវត្តន៍ និងវិនិយោគិនឯកជនសម្រាប់ផ្គត់ផ្គង់ទឹកស្អាត។ 
 
លោក LukeArnold បានបញ្ជាក់ថា អូស្ត្រាលី នឹងបន្តធ្វើការយ៉ាងជិតសិទ្ធជាមួយកម្ពុជាដើម្បីអភវិឌ្ឍវិស័យទឹកស្អាតបន្ថែមទៀត។ ការបន្តគាំទ្រនេះ ក៏ព្រោះតែរដ្ឋាភិបាលប្រទេសអូស្ត្រាលីមើល ឃើញថា ផលប៉ះពាល់ដោយផ្ទាល់ទៅលើសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អាចកើតមានឡើងនៅពេលដែលពលរដ្ឋមិនមានទឹកស្អាតប្រើប្រាស់នៅផ្ទះ។ 
 
«ការរួមចំណែករបស់ស្ថានទូតអូស្ត្រាលី ទៅលើបណ្តាញទឹកស្អាតកម្ពុជា មានសង្គតិភាពទៅនឹងកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់អូស្ត្រាលីនៅកម្ពុជា រួមទាំងការផ្តល់អាទិភាព ដល់គម្រោងមួយចំនួនដែលត្រូវបានគាំទ្រថវិកាប្រកបដោយចីរភាពនិងដែលផ្តល់នូវផលប្រយោជន៍ពិតប្រាកដសម្រាប់ពលរដ្ឋនៅកម្ពុជា»។ លោក Luke Arnold មានប្រសាសន៍ដូច្នេះ។ 
 
 
ជាមួយនឹងគ្នានេះ លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា រដ្ឋាភិបាលគ្រោងផ្តល់ទឹកស្អាត១០០ភាគរយដល់ពលរដ្ឋនៅទីប្រជុំជននៅត្រឹមឆ្នាំ ២០២៥ហើយផ្តល់ទឹកស្អាតដល់ប្រជាជនកម្ពុជាទាំងអស់ នៅត្រឹមឆ្នាំ២០៣០។

រដ្ឋមន្ត្រីឧស្សាហកម្មរូបនេះ ក៏បានបង្ហាញការស្វាគមន៍ និងចាត់ទុកថាប្រព័ន្ធទិន្នន័យកម្មវិធី 3i បានចូលរួមអភិវឌ្ឍជាមួយអគ្គនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតរបស់ក្រសួង។
 
លោក ចម ប្រសិទ្ធ មានប្រសាសន៍ដូច្នេះ៖ «ខ្ញុំជឿជាក់ថាយើងកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវ ដើម្បីសម្រេចបាននូវគោលដៅនេះ។ខ្ញុំសូមថ្លែងអំណរគុណដល់អូស្ត្រាលី ចំពោះជំនួយ និងការងារទាំងអស់ដែលបានផ្តល់មកកាន់ក្រសួង»។
 
តាមរយៈកម្មវិធី 3i អូស្ត្រាលីបានអនុម័តនិងវិនិយោគថវិកាជាង ១៩,៨ លានដុល្លារអូស្ត្រាលី(ប្រមាណ១៥លានដុល្លារអាមេរិក)ដល់ប្រតិបត្តិករទឹកឯកជនចំនួនជិត៨០ដើម្បីបង្កើតនិងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដល់គ្រួសារជនបទ។ បន្ថែមពីនេះស្ថានទូតអូស្ត្រាលី ក៏បានអះអាងដែរថា នៅពេលដែលកម្មវិធីនេះបញ្ចប់ពលរដ្ឋកម្ពុជាជាង១លាននាក់ នឹងមានទឹកស្អាតប្រើប្រាស់ដោយសារកម្មវិធី3i។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី៕
 
 

Tag:
 ទឹកស្អាត
  ជនបទ
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com