COVID-19
ជាតិ
ផ្ទុះការឆ្លងកូវីដ-១៩ ក្នុងក្រុងបានលុង ខេត្តរតនគិរី រហូតដល់៦១នាក់
19, Jun 2021 , 4:57 pm        
រូបភាព
ប្រជាពលរដ្ឋនៅក្រុងបានលុង ខេត្តរតនគិរី កំពុងតម្រង់ជួរ ដើម្បីយកសំណាក់នៅតេស្តរកកូវីដ-១៩ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី នាថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។
ប្រជាពលរដ្ឋនៅក្រុងបានលុង ខេត្តរតនគិរី កំពុងតម្រង់ជួរ ដើម្បីយកសំណាក់នៅតេស្តរកកូវីដ-១៩ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី នាថ្ងៃទី១៩មិថុនា ឆ្នាំ២០២១។
ភ្នំពេញ៖ នៅមូលដ្ឋាននៃក្រុងបានលុង ខេត្តរតនគិរី មានផ្ទុះករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ ដោយរកឃើញវិជ្ជមានកូវីដ-១៩លើមនុស្សរហូតដល់ ៦១នាក់ នាថ្ងៃទី១៩មិថុនា។ នេះជា លើកឡើងរបស់លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី ដោយបានបញ្ជាក់ថា ការផ្ទុះនៃការឆ្លងកូវីដ-១៩នេះ គឺមានជាប់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធ២នាក់ ដែលមានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង។

 
លោក ញ៉ែម សំអឿន បានបន្តប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងបាលុង នាថ្ងៃទី១៩មិថុនានេះ គឺជាការផ្ទុះឡើងនូវការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលកន្លងមក ការរកឃើញវិជ្ជមានកូវីដ-១៩នៅខេត្តរតនគិរី គឺសុទ្ធសឹងជាករណីនាំចូលពីបណ្តាខេត្តដទៃ។ 
 
បើតាមលោកអភិបាលរងខេត្តរតនគិរីរូបនេះ ក្រៅពីមនុស្ស៦១នាក់ ដែលមានវិជ្ជមានកូវីដ-១៩នោះ ក៏នៅមានមនុស្សជាច្រើននាក់ទៀតនៅជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ-១៩ ដោយកំពុងរង់ចាំធ្វើតេស្ត។ លោក ញ៉ែម សំអឿន បាននិយាយដូច្នេះ៖«យើងអត់អាចប្រាក់ថាប៉ុន្មាននាក់ច្បាស់ទេ ប៉ុន្តែប្រហែលជិតរយនាក់ដែរ ដែលគាត់កំពុងរង់ចាំយកសំណាក»។
 
ខណៈ មានមនុស្ស៦១នាក់វិជ្ជមានកូវីដ-១៩ និងមនុស្សជាច្រើកំពុងរង់ចាំយកសំណាក់ធ្វើតេស្តរកកូវីដ-១៩នោះ មន្ត្រីជំនាញរបស់ខេត្តរតនគិរី ក៏កំពុងស្រាវជ្រាវរកពាក់ព័ន្ធផ្សេងៗជាមួយជំងឺកូវីដ-១៩ទាំងនេះផងដែរ។  លោក ញ៉ែម សំអឿន បញ្ជាក់ថា ការរកឃើញកូវីដ-១៩លើមនុស្សចំនួន៦១ នៅក្នុងសហគមន៍នេះ បានធ្វើឱ្យខេត្តរតនគិរី កើននូវអ្នកជំងឺកូវីដ-១៩ រហូត៩៨នាក់។ 
 
ចំណែកលោក ថង សាវុន អភិបាលខេត្តរតនគិរី លោកបានអំពាវនាវដល់ប្រជាជនគ្រប់រូប ប្រសិនបើមិនមានការអ្វីចាំបាច់ទេ សូមកុំទាន់ធ្វើដំណើរ។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីផងដែរ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានពីការធ្វើដំណើរឆ្លងកាត់ខេត្ត ដើម្បីឱ្យអាជ្ញាធរអាចទប់ស្កាត់ការរីករាលដាលជំងឺបានទាន់ពេល។
 
«អ្នកខ្លះគាត់ផ្ដល់ព័ត៌មានឱ្យយើងមិនបានពេញលេញទេ ថាគាត់ទៅកន្លែងណាខ្លះ។ ហើយអ្នកខ្លះទៀត គាត់មិនបានសហការផ្ដល់ព័ត៌មានត្រឹមត្រូវច្បាស់លាស់ ពាក់ព័ន្ធនឹងការធ្វើដំណើររបស់គាត់ចូលមកខេត្ត ឬក៏ចំណុចដែលគាត់ចេញដំណើរ នេះជាហេតុដែលយើងមានការលំបាកស្រាវជ្រាវ»។ នេះជាការបន្ថែមរបស់លោក ថង សាវុន អភិបាលខេត្តរតនគិរី។
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៤២,០៥២នាក់។ ជាសះស្បើយសរុប ៦,៨៦៨ នាក់។ ស្លាប់សរុប៤១៤នាក់៕
 

Tag:
 រតនគិរី
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com