ជាតិ
សេដ្ឋកិច្ច
កម្ពុជា រកចំណូលបានជាង១១លានដុល្លារ ពីការលក់ស្លាកលេខពិសេស
19, Jun 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជាទទួលបានចំណូល៤៦ពាន់លានរៀល(ប្រមាណ១១លានដុល្លារ)  ពីការលក់ស្លាកលេខពិសេស ឬផ្លាកលេខផ្ទាល់ខ្លួន។ នេះបើតាមលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានបញ្ជាក់ថា ចំណូលដែលកម្ពុជាទទួលបាននេះ គឺបានពីការលក់ស្លាកពិសេសក្នុងចំនួន៥,៧០០ស្លាក ដោយគិតចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកដល់ខែមិថុនា ឆ្នាំ២០២១។

 
ក្នុងឱកាសជួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នាថ្ងៃទី១៨មិថុនា ឆ្នាំ២០២១ លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាន ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។ ក្នុងនោះ រដ្ឋមន្ត្រីសាធារណការរូបនេះ មានប្រសាសន៍ថា៖«លេខពិសេសផ្ទាល់ខ្លួន ដែលមានQR Code លក់បានចំនួន៥,៧០០ស្លាក ទទួលបានថវិកា៤៦ពាន់លានរៀល ចូលថវិកាជាតិ»។
 
លោក ស៊ុន ចាន់ថុល បានបន្តរៀបរាប់ថា ស្លាកលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺជាស្លាកលេខដែលអាចដាក់ឈ្មោះជាអក្សរឡាតាំង ឬជាលេខ ដោយមិនលើសពី៨ខ្ទង់ ដោយនៅផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ ថា Cambodia។ ចំពោះម្ចាស់យានយន្តក៏អាចរក្សាទុកស្លាកលេខនេះបាន នៅពេលផ្ទេរកម្មសិទ្ធិរថយន្ត សម្រាប់ទុកប្រើជាមួយរថយន្តថ្មី ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ។ 
 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន ការបង្កើតឲ្យមានលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ប្រជាពលរដ្ឋ និងរកចំណូលជូនរដ្ឋ។ ស្លាកលេខនេះមានតម្លៃចាប់ពី ២លានរៀល រហូតដល់ ១,០០០លានរៀល ប៉ុន្តែសម្រាប់ការដេញថ្លៃស្លាកលេខពិសេស អាចនឹងមានតម្លៃខ្ពស់ជាងនេះទៅទៀត។ តម្លៃស្លាកលេខទាប ឬខ្ពស់ អាស្រ័យទៅតាមប្រភេទលេខ ឬតួអក្សរ៕
 

Tag:
 ក្រសួងសាធារណការ និងដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com