កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ប៉ូឡូញតាមស្មើអេស្ប៉ាញ ១-១ ក្រោយអាល្លឺំម៉ង់ឈ្នះព័រទុយហ្គាល់ ៤-២
20, Jun 2021 , 8:00 am        
រូបភាព
ដោយ: រួបរួម
ក្រុមទាំងអស់ក្នុងពូល E និងពូល F នៃពានរង្វាន់ Euro 2020 ត្រូវបន្តប្រកួតប្រជែងដ៏ខ្លាំងក្លានៅជំនួបលើកទី៣ ដោយកៅអីវគ្គ១៦ក្រុមចុងក្រោយសម្រាប់ពូលទាំងពីរនេះ  នៅទំនេរនៅឡើយ។ ក្នុងពូល E ប៉ូឡូញតាមស្មើអេស្ប៉ាញ ១-១ បន្ទាប់ពីអាល្លឺម៉ង់ស្តារការខកចិត្តក្នុងពូល F តាមរយៈការបំបាក់ម្ចាស់ការពារជើងឯកព័រទុយហ្គាល់ ៤-២។

 
នាជំនួបនៅកីឡដ្ឋាន Estadio de La Cartuja ក្រុមម្ចាស់ផ្ទះអេស្ប៉ាញ នាំមុខបាន១គ្រាប់មុននៅនាទី២៥ ដែលសម្រេចបានដោយ Alvaro Morata ហើយ Robert Lewandowski វាយបកតាមស្មើវិញសម្រាប់ប៉ូឡូញនៅនាទី៥៤។
 
 


ក្នុងការប្រកួតនេះ ប្រធានក្រុម និងជាខ្សែការពារអេស្ប៉ាញ Jordi Alba ជាកីឡាករឆ្នើមប្រចាំការប្រកួត Star of The Match។
 
លទ្ធផលស្មើនេះ ធ្វើឲ្យជំនួបពូល E ត្រូវកាត់សេចក្តីនៅការប្រកួតលើកទី៣នៅថ្ងៃទី២៣ ខែមិថុនា ដោយប៉ូឡូញត្រូវប៉ះស៊ុយអែត ខណៈអេស្ប៉ាញជួបស្លូវ៉ាគី។ បច្ចុប្បន្ន ស៊ុយអែតមាន៤ពិន្ទុ ស្លូវ៉ាគីមាន៣ពិន្ទុ អេស្ប៉ាញមាន២ពិន្ទុ និងប៉ូឡូញមាន១ពិន្ទុ។
 
សម្រាប់ពូល F ឯណោះវិញ ម្ចាស់ផ្ទះអាល្លឺម៉ង់រកបាន៣ពិន្ទុដំបូង ក្រោយបំបាក់ម្ចាស់ការពារតំណែងជើងឯកព័រទុយហ្គាល់ ៤-២ ក្រោយពេលដែលបារាំងបានត្រឹមតាមស្មើហុងគ្រី ១-១។
 
Cristiano Ronaldo រកគ្រាប់បាល់ដំបូងសម្រាប់ព័រទុយហ្គាល់នៅត្រឹមនាទី១៥ ប៉ុន្តែខ្សែការពារព័រទុយហ្គាល់ Roben Dias និង Rapahael Guerreiro បានភ្លាត់ស្នៀតធ្វើឲ្យបាល់ចូលទីខ្លួនឯងជាបន្តបន្ទាប់មុនបញ្ចប់តង់ទីមួយ។ ឈានដល់តង់ទីពីរ អាល្លឺម៉ង់ បង្កើនការនាំមុខពីរគ្រាប់ពីសំណាក់ Kai Havertz និង Robin Gosens ក្រោយ Diogo Jota វាយបកពីក្រោយ១គ្រាប់សម្រាប់ព័រទុយហ្គាល់។
 
ខ្សែបម្រើអាល្លឺម៉ង់ Robin Gosens ជាកីឡាករឆ្នើមប្រចាំការប្រកួត Star of the Match។
 
 


ជ័យជម្នះ ៤-២ នាំអាល្លឺម៉ង់បាន៣ពិន្ទុដំបូង នាំអាល្លឺម៉ង់មាន៣ពិន្ទុស្មើព័រទុយហ្គាល់ក្នុងពូល F ខណៈបារាំងឈរលើកំពូលតារាងដោយមាន៤ពិន្ទុ រីឯហុងគ្រីមាន១ពិន្ទុ។ ការប្រកួតបន្ទាប់នាថ្ងៃទី២៤ ខែមិថុនា អាល្លឺម៉ង់ប៉ះហុងគ្រី រីឯព័រទុយហ្គាល់តទល់ជាមួយបារាំង៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com