COVID-19
អន្តរជាតិ
ចិន ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យប្រជាជនលើសមួយពាន់លានដូសហើយ
20, Jun 2021 , 4:59 pm        
រូបភាព
ចិន បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានច្រើនជាងមួយពាន់លានដូសហើយ។ នេះបើតាមការប្រកាសគណៈកម្មការសុខាភិបាលចិនរសៀលនៅថ្ងៃទី២០ ខែមិថុនា។ តួលេខនេះ ស្មើនឹងជាងមួយភាគបីនៃវ៉ាក់សាំងដែលត្រូវបានចាក់ទូទាំងពិភពលោក។

 
ជាការបោះជំហានដ៏សំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ វ៉ាក់សាំងចំនួនច្រើនជាងមួយពាន់លានដូស ត្រូវបានចាក់នៅទូទាំងប្រទេសចិន។ នេះបើតាមទិន្នន័យរបស់គណៈកម្មការសុខាភិបាលរបស់ចិន។ ប៉ុន្តែគេមិនមានតួលេខប្រជាជនចិនដែលទទួលបានវ៉ាក់សាំងនៅឡើយទេ។ 
 
បើតាមទិន្នន័យរបស់ AFP វ៉ាក់សាំងជាងមួយពាន់លានដូសនេះ ស្មើនឹងជាងមួយភាគបីនៃចំនួនវ៉ាក់សាំងដែលត្រូវបានចាក់លើពិភពលោក។ គិតត្រឹមថ្ងៃទី១៩ ខែមិថុនា ការចាក់វ៉ាក់សាំងទូទាំងពិភពលោកមានលើស២,៥ពាន់លានដូសហើយ។
 
យុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិន ចាប់ផ្ដើមយឺតៗ មុនកើនល្បឿននៅពីរបីខែចុងក្រោយនេះ។ ការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អ ជាមូលហេតុមួយដែលប្រជាជនចិនស្ទាក់ស្ទើរក្នុងការទទួលវ៉ាក់សាំង។ ដើម្បីជំរុញល្បឿន អាជ្ញាធរចិន ប្រើវិធីសាស្រ្តត្រជាក់ផងក្ដៅផង ដើម្បីអូសទាញប្រជាជនទៅទទួលវ៉ាក់សាំង។ ចិនដាក់គោលដៅចាក់វ៉ាក់សាំងដល់ប្រជាជន៤០ភាគរយនៃចំនួនសរុបទាំង១,៤ពាន់លាននាក់នៅត្រឹមដំណាច់ខែមិថុនានេះ។
 
វ៉ាក់សាំងចំនួន៤ប្រភេទ ត្រូវបានអនុញ្ញាតឱ្យប្រើដោយមានលក្ខខណ្ឌនៅចិន ខណៈមិនទាន់មានវ៉ាក់សាំងលោកខាងលិចណាមួយត្រូវបានចិនអនុញ្ញាតឱ្យប្រើនៅឡើយទេ។ ចិនប្រើប្រាស់វ៉ាក់សាំងរបស់ ក្រុមហ៊ុន Sinovac និង Sinopharm ដែលត្រូវចាក់ពីរដូស និងវ៉ាក់សាំងរបស់ CanSino ដែលចាក់តែមួយដូស៕  
 
 
 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com