ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ដឹង “ត្រកួន” ល្អអ្វីខ្លះចំពោះសុខភាព?
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ឧស្សាហ៍ញ៊ាំ ប៉ុន្តែតិចអត់ដឹង “ត្រកួន” ល្អអ្វីខ្លះចំពោះសុខភាព?
20, Jun 2021 , 6:59 pm        
រូបភាព
ត្រកួន គឺជាបន្លែមួយប្រភេទដែលមានរសជាតិឆ្ញាញ់ តម្លៃថោក និងងាយស្រួលរក ហើយថែមទាំងអាចយកទៅធ្វើជាអន្លក់ ឬម្ហូបស្ងោរ ឆា បានច្រើនមុខទៀតផង។ ភាគច្រើននៃពួកយើងស្គាល់ត្រកួនច្បាស់ ហើយក៏ចូលចិត្តទទួលទានវាដែរ ប៉ុន្តែប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា បន្លែនេះអាចផ្ដល់អត្ថប្រយោជន៍គួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពតាមរយៈវីតាមីន និងសារធាតុចាំបាច់សម្រាប់រាងកាយជាច្រើនដែលវាមានផ្ទុក។ ខាងក្រោមវេបសាយ Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ល្អៗនៃការទទួលទានត្រកួន ៖

 
១. ជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម
 
នេះក៏ព្រោះតែបន្លែនេះមានផ្ទុកសម្បូរទៅដោយជាតិដែក។ រាងកាយត្រូវការសារធាតុចិញ្ចឹមនេះដើម្បីបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។
 
២. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ
 
ត្រកួន គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលមានន័យថា បន្លែនេះមានអត្ថប្រយោជន៍បំផុតដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។
 
៣. ព្យាបាលអាការៈពិបាករំលាយនិងទល់លាមក
 
ត្រកួនមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលជួយសម្រួលដល់ការរំលាយអាហារផ្ដល់ភាពធូរស្បើយដល់បញ្ហាផ្សេងៗដែលពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ។ លក្ខណៈសម្បត្តិបន្ទន់លាមក ឬ laxative ក្នុងត្រកួនអាចផ្ដល់អត្ថប្រយោជន៍ណាស់សម្រាប់អ្នកដែលជួបប្រទះបញ្ហាពិបាករំលាយអាហារនិងទល់លាមក។
 
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
 
នេះក៏ព្រោះតែត្រកួនមានផ្ទុកវីតាមីន A និងវីតាមីន C ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene ដែលកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយទប់ស្កាត់កូឡេស្តេរ៉ូលមិនឱ្យតោងជាប់នឹងជញ្ជាំងសសៃឈាម។ ជាលទ្ធផលអ្នកនឹងចៀសផុតពីបញ្ហាស្ទះសសៃឈាម, គាំងបេះដូង ឬដាច់សសៃឈាមក្នុងខួរក្បាល។ បន្លែនេះក៏មានផ្ទុកជាតិម៉ាញ៉េស្យូម ដែលជាជាតិរ៉ែមួយកាត់បន្ថយសម្ពាធឈាម និងការពារប្រឆាំងជំងឺបេះដូង។
 
៥. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
 
នេះក៏ព្រោះតែត្រកួនមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនប្រភេទដែលធ្វើបន្លែនេះក្លាយជាជម្រើសនៃអាហារដ៏ល្អសម្រាប់កាត់បន្ថយហានិភ័យនៃជំងឺមហារីក។ អុកស៊ីតកម្មទាំងនេះជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ និងបញ្ឈប់ការរីកលូតលាស់កោសិកាមហារីក។
 
៦. អត្ថប្រយោជន៍ប្រឆាំងដំណើរការនៃភាពចាស់តាមវ័យ
 
បន្លែបៃតងដូចជាត្រកួនមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញលើកោសិកាក្នុងរាងកាយ។ ជាលទ្ធផលកោសិកាស្បែកមានភាពធន់ទ្រាំពីការបំផ្លាញពីពន្លឺព្រះអាទិត្យនិងកាត់បន្ថយស្នាមជ្រួញ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com