អន្តរជាតិ
អាមេរិក នឹងផ្អាកនាំចូលសត្វឆ្កែបណ្ដោះអាសន្ន ព្រោះបារម្ភការរីករាលដាលជំងឺឆ្កែឆ្កួត
20, Jun 2021 , 8:59 pm        
រូបភាព
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឹឆ្លងអាមេរិក (CDC) នៅថ្ងៃទី១៤ ខែមិថុនា បានប្រកាសថា អាមេរិក នឹងផ្អាកនាំចូលសត្វឆ្កែបណ្ដោះអាសន្នពីបណ្តាប្រទេសជាង១០០ ដែលមានអត្រាឆ្លងជំងឺឆ្កែឆ្កួតរីកសាយខ្លាំង។ នេះបើតាមការចុះផ្សាយរបស់ទំព័រសុខភាពទូរទស្សន៍ CNN។

 
បន្ទាប់ពីរកឃើញករណីឆ្កែនាំចូលកើតជំងឺឆ្កែឆ្កួត ៣ករណី និងស្របពេលពិភពលោក កំពុងផ្ទុះជំងឺឆ្លងកូវីដ-១៩ ផងនោះ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឹឆ្លងអាមេរិក បានប្រញាប់ចាត់វិធានការភ្លាមៗ ក្នុងការផ្អាកនាំចូលសត្វឆ្កែបណ្ដោះអាសន្ន ដោយសារតែបារម្ភពីការរាលដាលនៃជំងឺឆ្កែឆ្កួត។ 
 
ម្យ៉ាងវិញទៀត អាមេរិកនៅខ្វះខាតកន្លែងត្រួតពិនិត្យ និងកន្លែងដាក់សត្វឆ្កែនាំចូលនៅដាច់ដោយឡែក។ ជាទូទៅ សត្វឆ្កែដែលទើបយកមកពីប្រទេសដទៃ ត្រូវដាក់នៅដោយឡែក និងរង់ចាំការត្រួតពិនិត្យសុខភាព ដើម្បីបញ្ជាក់ពីជំងឺឆ្កែឆ្កួតជាមុនសិន។ 
 
«សត្វឆ្កែទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យចូលមកអាមេរិកឡើយ ជាពិសេស ឆ្កែមកពីបណ្តាប្រទេសមានហានិភ័យឆ្លងជំងឺឆ្កែឆ្កួតខ្ពស់។ វិធានការនេះចាំបាច់បំផុត ដើម្បីធានាសុខភាព និងសុវត្ថិភាពរបស់សត្វឆ្កែ ក៏ដូចជាការពារសុខភាពសាធារណៈ ប្រឆាំងនឹងការរីកសាយឡើងវិញនៃជំងឹឆ្កែឆ្កួត»។ CDC បានអះអាងបែបនេះ ដោយបន្តថា វិធានការផ្អាកនាំចូលសត្វឆ្កែ នឹងត្រូវអនុវត្តក្នុងរយៈពេលមួយប៉ុណ្ណោះ។ 
 
វិធានការខាងលើ នឹងអនុវត្តលើសត្វឆ្កែនាំចូលទាំងអស់ ដូចជាកូនឆ្កែ, សត្វឆ្កែជួយជនបាត់បង់កាយសម្បទា និងសត្វឆ្កែ ដែលចេញពីប្រទេស និងចូលមកប្រទេសវិញ។ ចំណាត់ការបែបនេះ បានធ្វើឱ្យមានការបារម្ភ និងប៉ះពាល់ ដល់សត្វឆ្កែដែលបំពេញបេសកកម្មនៅក្រៅប្រទេស ដូចជានៅអាហ្វហ្កានីស្ថាន និងអ្នកនាំសត្វចិញ្ចឹមមួយនេះ ចូលមកប្រទេសវិញ។ ប៉ុន្តែសត្វឆ្កែ ដែលបំពេញបេសកកម្មនៅក្រៅប្រទេស អាចអនុញ្ញាត ចូលក្នុងប្រទេសបាន ទាល់តែមានបណ្ណចាក់វ៉ាក់សាំង និងការតេស្តលើប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺឆ្កែឆ្កួត។ 
 
ជំងឹឆ្កែឆ្កួតអាចឆ្លងពីឆ្កែមកមនុស្សបានយ៉ាងងាយស្រួល។ ជាធម្មតា មនុស្សអាចឆ្លងជំងឺនេះបាន ដោយសារឆ្កែខាំ និងឆ្លងវីរុសរស់នៅក្នុងទឹកមាត់ឆ្កែ។ មិនតែប៉ុណ្ណោះ វាក៏អាចឆ្លងនៅពេលទឹកមាត់ឆ្កែឆ្កួតប៉ះជាមួយសារធាតុរាវរបស់មនុស្សផងដែរ។ 
 
អ្នកឆ្លងជំងឹនេះ ស្ទើតែទាំងអស់បានបាត់បង់ជីវិត ព្រោះទម្រាំចេញរោគសញ្ញា អ្នកជំងឺធ្លាក់ខ្លួនឈឺស្ទើរជិតស្លាប់ទៅហើយ។ បើតាមការប៉ាន់ស្មានរបស់អង្គការសុខភាពពិភពលោក (WHO) ជំងឹឆ្កែឆ្កួតបានសម្លាប់មនុស្ស៥៩ម៉ឺននាក់ជារៀងរាល់ឆ្នាំនៅក្នុងប្រទេសចំនួន ១៥០ ដោយ៩៥ភាគរយនៃករណីស្លាប់ មាននៅក្នុងតំបន់អាហ្រ្វិក និងអាស៊ី។ 
 
មកទល់ពេលនេះ ជំងឺឆ្កែឆ្កួតនៅមិនទាន់មានវិធីព្យាបាលនៅឡើយទេ និងមានតែវ៉ាក់សាំងសម្រាប់បង្ការប៉ុណ្ណោះ។ វាពិតជាសំខាន់ ក្នុងការចាត់វិធានការផ្អាកនាំចូល ឆ្កែពីប្រទេសដទៃ ដើម្បីប្រឆាំងការរីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលជាកង្វល់របស់ពិភពលោក៕ 
 

Tag:
 អាមេរិក
  សត្វឆ្កែ
© រក្សាសិទ្ធិដោយ thmeythmey.com