ជាតិ
មន្ទីរកសិកម្មកំពង់ធំជំរុញឲ្យអ្នកដាំស្វាយចន្ទីចងក្រងជាសហគមន៍ ដើម្បីពង្រីកការនាំចេញទៅទីផ្សារអន្តរជាតិ
21, Jun 2021 , 8:29 am        
រូបភាព
ដោយ:
កំពង់ធំ ជាខេត្តដែលមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបចំនួន ១០ម៉ឺនហិកតា និងអាចប្រមូលផល ៦.៥ម៉ឺនតោន ក្នុងមួយឆ្នាំ។ ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទី មិនទាន់មានស្ថិរភាពនៅឡើយ។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បានជំរុញឲ្យកសិករដាំស្វាយចន្ទីទាំងអស់ ចងក្រងជាបណ្ដុំ ឬបង្កើតជាសហគមន៍ ដើម្បីធានានូវស្ថិរភាពតម្លៃគ្រាប់ស្វាយចន្ទី និងជាឱកាសអាចនាំគ្រាប់ស្វាយចន្ទី ទៅកាន់ទីផ្សារអន្តរជាតិ។

 
បើតាមលោក ប៉ែន វណ្ណរិទ្ធ បច្ចុប្បន្នខេត្តកំពង់ធំ មានសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទីចំនួន ២ប៉ុណ្ណោះ។ លោក វណ្ណរិទ្ធ បន្ថែមថា សហគមន៍កែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មានលទ្ធភាពផលិតគ្រាប់ស្វាយចន្ទីសម្រាប់នាំចេញទៅប្រទេសជប៉ុន ដោយមានការគាំទ្រពីក្រុមហ៊ុន Top Planning Japan។ ដោយឡែកសហគមន៍កែច្នៃគ្រាប់ស្វាយចន្ទីមួយទៀត ច្នៃគ្រាប់ស្វាយចន្ទីនៅមានចំនួនតិចនៅឡើយ។
 
«ជាទូទៅតម្លៃគ្រាប់ស្វាយចន្ទី តែងឡើងចុះ ទៅតាមរដូវ។ នៅរដូវប្រមូលផល ជាមធ្យមគ្រាប់ស្វាយចន្ទី មានតម្លៃ១ ០០០ដុល្លារ ក្នុងមួយតោន។ នៅរដូវ មិនសូវសម្បូរ គ្រាប់ស្វាយចន្ទី អាចមានតម្លៃ រហូត ១ ៨០០ដុល្លារ ទៅ ២ ០០០ដុល្លារ ក្នុងមួយតោន»។ នេះជាការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ។


សកម្មភាពការកែច្នៃគ្រាប់ស្វាយចន្ទីរបស់សិប្បកម្ម ជ័យ សំបូរ (រូបភាពពីហ្វេសប៊ុក លោក វេង សាខុន) 
ចាប់ពីចុងខែតុលា ដល់ចុងខែវិច្ឆិកា ជារដូវគ្រាប់ស្វាយចន្ទីឡើងថ្លៃ ដោយសារមិនមែនជារដូវប្រមូលផលចន្ទី។ កសិករដែលដាំស្វាយចន្ទី ក្នុងខេត្តកំពង់ធំ មានចំនួនតិចតួចនៅឡើយ ដែលបានចងក្រងជាបណ្ដុំ ឬបង្កើតជាសហគមន៍ ដែលភាគច្រើនជាលក្ខណៈឯកជន។ លោកបានរៀបរាប់បែបនេះ៖«យើងដឹងហើយថា បច្ចុប្បន្នយើងស្ថិតក្នុងទីផ្សារសេរី ដូច្នេះតម្លៃកសិផលមិនស្ថិតថេរនោះទេ។ មន្ទីរកសិកម្មកំពុងជំរុញឲ្យកសិករចងក្រងជាបណ្ដុំ ឬបង្កើតជាសហគមន៍ ដើម្បីអាចធានាតម្លៃគ្រាប់ស្វាយចន្ទី និងមានឱកាសនាំចេញ»។
 
លោក ប៉ែន វណ្ណរិទ្ធ បានបញ្ជាក់ថា ក្រុមហ៊ុនជប៉ុន កំពុងសិក្សាគម្រោងពង្រីកការកែច្នៃគ្រាប់ស្វាយចន្ទី បន្ថែមចំនួន៤ទៀត ក្នុងខេត្តកំពង់ធំ ដែលជាឱកាសល្អសម្រាប់កសិករដាំស្វាយចន្ទី។ លោកបន្តថា ដ្បិតគម្រោងនេះស្ថិតក្នុងការសិក្សា តែការសាងសង់រោងកែច្នៃ និងកន្លែងហាលគ្រាប់ស្វាយចន្ទី សម្រេចបាន ៧០ភាគរយហើយ។
 
ពាក់ព័ន្ធបញ្ហានេះត្រូវបាន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មើលឃើញថា ក្រៅពីកសិករចងក្រងជាបណ្ដុំ និងបង្កើតជាសហគមន៍ កសិករត្រូវស្វែងរកដៃគូសហការ ដើម្បីបង្កើនផលិតភាពនាំចេញគ្រាប់ស្វាយចន្ទី។ លោក វេង សាខុន បានលើកឡើងបែបនេះ ក្នុងដំណើរទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ នៅថ្ងៃទី១៣ ខែមិថុនា ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
បច្ចុប្បន្នសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ មានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ១០តោន ក្នុងមួយខែ។ ជប៉ុន ជាទីផ្សារធំរបស់សហគមន៍ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទី។  លោករដ្ឋមន្រ្តីកសិកម្ម បានរៀបរាប់ដូច្នេះ៖«សហគមន៍ស្វាយចន្ទី សិប្បកម្មកែច្នៃផ្សេងៗទៀត ត្រូវស្វែងរកដៃគូ ដើម្បីទទួលបានបច្ចេកទេសដាំដុះ បច្ចេកទេសកែច្នៃ និងទីផ្សារនាំចេញ»។


សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ស្ថិតនៅខេត្តកំពង់ធំ (រូបភាពពីហ្វេសប៊ុក លោក វេង សាខុន) 
 
លោកស្រី អ៊ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ គ្រោងពង្រីកការផលិតគ្រាប់ស្វាយចន្ទីឲ្យបាន ២០តោនក្នុងមួយខែ និងបង្កើនការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដូចជា សហរដ្ឋអាមេរិក កាណាដា ចិន និងអូស្រ្តាលី។
 
ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Top Planning Japan សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុន ប្រមាណ១៦តោន។ ដោយលើកទី១ បាននាំចេញនៅអំឡុងខែឧសភា ចំនួន ៧ ៦៩៦គីឡូក្រាម និងលើកទី២ នៅអំឡុងខែមិថុនា មានចំនួន ៩ ២៤០គីឡូក្រាម។ ក្រៅពីការនាំចេញទៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុន Top Planning Japan សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ ក៏បានផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅតាមបណ្ដាទីផ្សារក្នុងស្រុកដូចជា រាជធានីភ្នំពេញ,សៀមរាប,កំពង់ចាម និងស្ទឹងត្រែង។
 
បើតាមរបាយការណ៍លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីសរុបចំនួន ៨០១,៧៣២តោន ទៅកាន់ទីផ្សារអន្តរជាតិ៕
 
 

Tag:
 កំពង់ធំ
 ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com