COVID-19
ជាតិ
អភិបាលខេត្តរតនគិរី សម្រេចអនុវត្តបម្រាមគោចរ១៤ថ្ងៃ ក្រោយមានការឆ្លងកូវីដ-១៩ទ្រង់ទ្រាយធំ លោក ថង សាវុន អភិបាលខេត្តរតនគិរី
× លោក ថង សាវុន អភិបាលខេត្តរតនគិរី សម្រេចអនុវត្តវិធានការរដ្ឋបាលចំនួន១៤ថ្ងៃ ក្រោយមានផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ក្នុងទ្រង់ទ្រាយធំ កាលពីថ្ងៃទី១៩មិថុនា ដែលមានមនុស្សរហូតដល់១០៤នាក់ បានឆ្លងជំងឺនេះ។ វិធានការរដ្ឋបាលនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២១មិថុនា តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
វិធានការរដ្ឋបាលដែលលោក ថង សាវុន សម្រេចអនុវត្តនោះ មាន ការដាក់បម្រាមគោចរ ចំពោះការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់នានាក្នុងភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ។ ក្នុងអំឡុងពេលអនុវត្តវិធានការរដ្ឋបាល គឺត្រូវផ្អាកជាបណ្តោះអាសន្ន នូវការប្រមូលផ្តុំ ឬជួបជុំគ្នា នៅតាមតូបអាហារ ភោជនីយដ្ឋានតាមសណ្ឋាគារ ហាងកាហ្វេ និងតាមទីសាធារណនានា។
សេចក្តីប្រកាសព័ត៌មានរបស់លោក ថង សាវុន នាល្ងាចថ្ងៃទី២០មិថុនា បានបន្តរៀបរាប់ថា ក្នុងអំឡុងពេលអនុវត្តវិធានការរដ្ឋបាល រហូតដល់ថ្ងៃទី៤កក្កដា ឆ្នាំ២០២១ សកម្មភាពមុខរបរ ឬអាជីវកម្មទាំងឡាយណាដែលមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩ គឺត្រូវផ្អាកជាបណ្តោះអាសន្ន ផងដែរ។
កាលពីថ្ងៃទី១៩មិថុនា រដ្ឋបាលខេត្តរតនគិរី ប្រកាសរកឃើញមនុស្សរហូតដល់១០៤នាក់ បានឆ្លងកូវីដ-១៩ នាថ្ងៃទី១៩មិថុនា ដោយភាពច្រើន គឺជាពលរដ្ឋនៅរស់នៅក្រុងបានលុង។ ការរកឃើញវិជ្ជមានកូវីដ-១៩ ដ៏ច្រើនករណីនេះ គឺជាការឆ្លងទ្រង់ទ្រាយធំក្នុងសហគមន៍សម្រាប់ខេត្តរតនគិរី។
លោក ញ៉ែម សំអឿន អភិបាលរងខេត្តរតនគិរី បានប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តរតនគិរី ពិសេសនៅក្នុងក្រុងបាលុងនេះ គឺជាការផ្ទុះឡើងនូវការចម្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ដែលកន្លងមក ការរកឃើញវិជ្ជមានកូវីដ-១៩នៅខេត្តរតនគិរី គឺសុទ្ធសឹងជាករណីនាំចូលពីបណ្តាខេត្តដទៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com