កីឡាអន្តរជាតិ
អន្តរជាតិ
តួកគីហាលអាវ ខណៈវេលស៍ឡើងទៅវគ្គបន្តជាមួយអ៊ីតាលី រីឯស្វីសចាំអ៊ុតលេខ៣ឆ្នើម
21, Jun 2021 , 7:59 am        
រូបភាព
តួកគីចាញ់ទាំង​៣ប្រកួតនៅក្នុងពូល A ដោយធ្លាយចំណាញ់ទី៨គ្រាប់ និងស៊ុតបញ្ចូលទីគេវិញតែ១គ្រាប់។ រូបថត UEFA
តួកគីចាញ់ទាំង​៣ប្រកួតនៅក្នុងពូល A ដោយធ្លាយចំណាញ់ទី៨គ្រាប់ និងស៊ុតបញ្ចូលទីគេវិញតែ១គ្រាប់។ រូបថត UEFA
ដោយ: រួបរួម
អ៊ីតាលីក្លាយជាក្រុមលេខ១ពូល A នៃពានរង្វាន់ Euro 2020 បន្ទាប់ពីបានយកឈ្នះវេលស៍ ១-០ ដែលជាជ័យជម្នះ៣ប្រកួតជាប់គ្នាដោយមិនមានធ្លាយគ្រាប់បាល់។ ទោះបីជាយ៉ាងណាក៏ដោយ វេលស៍នៅតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ដោយមាន៤ពិន្ទុ។ ស្របពេលជាមួយគ្នា ស្វីសបានយកឈ្នះតួកគី ៣-១ ដើម្បីទទួលបាន៤ពិន្ទុស្មើវេលស៍ ប៉ុន្តែចាញ់ចំនួនគ្រាប់ស៊ុតបញ្ចូលទី។ ខណៈស្វីសបន្តចាំអ៊ុតលេខ៣នៃពូលផ្សេងទៀត តួកគីអស់ការប្រកួតរបស់ខ្លួនហើយក្នុងព្រឹត្តិការណ៍នេះ។

 
បន្ទាប់ពីបានយកឈ្នះតួកគី ៣-០ និងស្វីស ៣-០ អ៊ីតាលីបន្តយកឈ្នះវេលស៍ ១-០ ដែលសម្រេចបានដោយ Matteo Pessina នៅនាទី៣៩។ វេលស៍បានបាត់សមាជិកម្នាក់នៅនាទី៥៦ ដោយ Ethan Ampadu បានទទួលកាតក្រហម។
 
 
ខ្សែបម្រើវេលស៍ Aaron Ramsey (ឆ្វេង) ដណ្តើមបាល់ជាមួយខ្សែបម្រើអ៊ីតាលី Giacomo Raspadori។ រូបថត UEFA

ជ័យជម្នះនេះ នាំឲ្យអ៊ីតាលីទទួលបាន៩ពិន្ទុពេញ ខណៈវេលស៍មាន៤ពិន្ទុ (+១) ក្រោយស្មើស្វីស ១-១ និងឈ្នះតួកគី ២-០។ 
 
នាការប្រកួតម៉ោងដូចគ្នា ស្វីសបានយកឈ្នះតួកគី ៣-១ ប៉ុន្តែមិនទាន់ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយឡើយ ដោយរង់ចាំអ៊ុតមើលពូលផ្សេងទៀត សម្រាប់តំណែងក្រុមលេខ៣ឆ្នើម។ ស្វីសមាន៤ពិន្ទុ (-១) ខណៈតួកគីចាញ់ទាំង៣ប្រកួតជាប់គ្នា ត្រូវហាលអាវ។

Xherdan Shaqiri រកបាន២គ្រាប់ក្នុងជ័យជម្នះ ៣-១ របស់ស្វីសលើតួកគី។ រូបថត UEFA

៣គ្រាប់របស់ស្វីសសម្រេចបានដោយ Haris Seferovic ១គ្រាប់ និង Xherdan Shaqiri ២គ្រាប់ ដែលជាការបញ្ជូនទាំងអស់របស់ Steven Zuber រីឯគ្រាប់បាល់តែមួយគ្រាប់គត់របស់តួកគី រកបានដោយ Irfan Kahveci។
 
កីឡាករឆ្នើមប្រចាំការប្រកួត Star of the Match នៃការប្រកួតចុងក្រោយនេះ មាន ខ្សែបម្រើអ៊ីតាលី Federico Chiesa និងខ្សែបម្រើស្វីស Xherdan Shaqiri។
 
សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ អ៊ីតាលី ត្រូវតទល់ជាមួយក្រុមលេខ២ពូល C ខណៈវេលស៍ត្រូវប៉ះលេខ២ពូល B៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com