កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូតួកគី សារភាពថាក្រុមលោក «មិនល្អគ្រប់គ្រាន់ទេ» ក្រោយធ្លាក់ពី Euro 2020 ត្រឹមវគ្គសន្សំពិន្ទុ
21, Jun 2021 , 8:44 am        
រូបភាព

គ្រូបង្វឹកក្រុមជម្រើសជាតិតួកគីលោក Senol Gunes សារភាពថាក្រុមលោក «មិនល្អគ្រប់គ្រាន់ទេ» បន្ទាប់ពីធ្លាក់ចេញពី Euro 2020 ដោយបរាជ័យទាំង៣ប្រកួតនៅវគ្គសន្សំពិន្ទុតាមពូល។ ជំនួបចុងក្រោយពូល A តួកគីចាញ់ស្វ៊ីស ៣-១។



តួកគីហាលអាវតាំងពីក្រោយចាញ់វេលស៍នៅជំនួបលើកទីពីរក្នុងលទ្ធផល ២-០ ម្លេះ។ ឯជំនួបដែលចាញ់ស្វ៊ីស ៣-១ ជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។
ក្រោយបញ្ចប់ការប្រកួតដោយស្គាល់តែពាក្យចាញ់ គ្រូតួកគីលោក Gunes សារភាពថាតួកគីនឹងមិនអាចធ្វើបានល្អឡើយតាំងពីក្រោយបរាជ័យក្នុងលទ្ធផល ៣-០ ក្រោយថ្វីជើងជើងអ៊ីតាលីនៅជំនួបបើកឆាក។

«យើងដឹងថាយើងមិនល្អគ្រប់គ្រាន់ទេ។ ការប្រកួតលើកដំបូងមានឥទ្ធិពលអវិជ្ជមានបែបនេះទៅលើកីឡាករយុវជនរបស់ខ្ញុំ។ ប៉ុន្តែកីឡាករយុវជនទាំងនោះនឹងជួយតួកគីជោគជ័យដូចពីមុន នៅប៉ុន្មានឆ្នាំខាងមុខ»។ នេះជាការអះអាងរបស់លោក Gunes មុនសង្កត់ធ្ងន់ថាលោកជ្រើសយកកីឡាករក្មេងៗច្រើនមកលេងនៅ Euro 2020 នេះ។
លោក Senol Gunes គ្រូបង្វឹកក្រុមជម្រើសជាតិតួកគី

ដោយឡែកវេលស៍ បើទោះចាញ់អ៊ីតាលី ១-០ តែពួកគេនៅតែមានសិទ្ធិគ្រប់គ្រាន់ដើម្បីបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020។ Matteo Pessina ជាអ្នកសម្រេចគ្រាប់បាល់ជ័យជម្នះឱ្យអ៊ីតាលីយកឈ្នះវែលស៍នៅជំនួបចុងក្រោយពូល A និងជាការឈ្នះទាំង៣ប្រកួតក្នុងវគ្គជម្រុះតាមពូល។ អ៊ីតាលី ដែលបានកៅអីទៅវគ្គបន្តតាំងពីប្រកួតលើកទី២ ឈរលេខ១ពូល A មាន៩ពិន្ទុពេញ។

វេលស៍ ឈរចំណាត់ថ្នាក់ទី២ ក្រោយការប្រកួត៣លើកស្មើ១ ឈ្នះ១ និងចាញ់១ ដោយរកបាន៤ពិន្ទុ ស្មើស្វ៊ីសដែលឈរលេខ៣។ វែលស៍ បានកៅអីទៅវគ្គខ្វែង ដ្បិតមានសំណល់គ្រាប់បាល់ល្អជាងស្វ៊ីស។

យ៉ាងណាក៏ដោយ ៤ពិន្ទុរបស់ស្វ៊ីស ទំនងជាពួកគេក៏បានបានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយផងដែរ សម្រាប់ជម្រើសក្រុមលេខ៣ល្អបំផុតក្នុងចំណោមពូលទាំង៦ ដែលត្រូវយក៤ក្រុម។ ជំនួបចុងក្រោយពូល A ស្វ៊ីសយកឈ្នះក្រុមបាតតារាងតួកគី ៣-១ ដោយ Haris Seferovic ១គ្រាប់ និង Xherdan Shaqiri ២គ្រាប់ ឯតួកគីសម្រេចទីដោយ Irfan Kahveci៕


 

© រក្សាសិទ្ធិដោយ thmeythmey.com