អន្តរជាតិ
វៀតណាមទទួលវ៉ាក់សាំងរបស់ Sinopharm ចំនួន៥សែនដូសពីចិន
21, Jun 2021 , 9:57 am        
រូបភាព
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៥០ម៉ឺនដូសទៅដល់វៀតណាម។ រូបថត Xinhua
វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៥០ម៉ឺនដូសទៅដល់វៀតណាម។ រូបថត Xinhua
ដោយ៖ចាន់ ស៊ីណា
 
វៀតណាម បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Sinopharm ចំនួន៥០ម៉ឺនដូសដែលចិនបានបរិច្ចាគ ខណៈវៀតណាមកំពុងបង្កើនការចាក់វ៉ាក់សាំងឱ្យប្រជាជនរបស់ខ្លួនដើម្បីប្រយុទ្ធនឹងការរីករាលដាលកាន់តែខ្លាំងនៃជំងឺកូវីដ-១៩។ 

 
វ៉ាក់សាំង៥០ម៉ឺនដូសដែលចិនផ្ដល់ឱ្យវៀតណាម ទៅដល់អាកាសយានដ្ឋានក្រុងហាណូយនៅថ្ងៃទី២០ ខែមិថុនា។ រដ្ឋមន្ត្រីសុខាភិបាលវៀតណាម Nguyen Thanh Long បញ្ជាក់ថា វ៉ាក់សាំងនេះនឹងចាក់ឱ្យក្រុមមនុស្សគោលដៅបីរួមមានពលរដ្ឋចិនដែលរស់នៅវៀតណាម ប្រជាជនវៀតណាមដែលគ្រោងនឹងទៅរៀន ឬធ្វើការនៅចិន និងប្រជាជនវៀតណាមដែលរស់នៅក្បែរព្រំដែនចិន។
 
រដ្ឋាភិបាលវៀតណាម ផ្ដល់ការអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងរបស់ Sinopharm កាលពីដើមខែមិថុនាកន្លងទៅ។ វៀតណាម ចាប់ផ្តើមចាក់វ៉ាក់សាំងឱ្យប្រជាជនក្នុងខែមីនាដោយពឹងផ្អែកលើវ៉ាក់សាំងប្រមាណ៤លានដូសរបស់ក្រុមហ៊ុន AstraZeneca។ ប្រជាជនវៀតណាមជិត ២,៤ លាននាក់បានទទួលវ៉ាក់សាំងបង្ការជំងីកូវីដ-១៩ ជាលើកទីមួយ ខណៈប្រជាជន ១១៤,៣១៥ នាក់បានទទួលវ៉ាក់សាំងពេញលេញ។
 
មុនទទួលវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ដែលចិនបានផ្តល់ឱ្យនេះ វៀតណាមក៏ទទួលបានការផ្ដល់ជំនួយពីរដ្ឋាភិបាលជប៉ុនចំនួនជិត១លានដូសនៅថ្ងៃទី១៦ ខែមិថុនាផងដែរ។
 
សព្វថ្ងៃ វៀតណាមកំពុងដោះស្រាយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ទទួលជោគជ័យនៅដំណាក់កាលដំបូង។ អាជ្ញាធរវៀតណាមបានបង្ខំចិត្តបិទតំបន់មួយចំនួនក្នុងក្រុងហូជីមិញនៅថ្ងៃទី២០ ខែមិថុនា និងបានចេញវិធានហាមឃាត់ការប្រមូលផ្តុំគ្នាលើសពី៣នាក់ព្រោះដែលងាយបង្កឱ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង។
 
តាមការបញ្ជាក់របស់រដ្ឋាភិបាលវៀតណាម ការផ្ទុះឡើងខ្លាំងនៃការឆ្លងជំងឺកូវីដ-១៩ ពេលនេះ ក៏មានវត្តមានវីរុសបំប្លែងខ្លួនដែលតា ដែលត្រូវបានរកឃើញមុនគេនៅឥណ្ឌា។ គិតត្រឹមថ្ងៃទី២០ ខែមិថុនា វៀតណាមមានករណីឆ្លងជាង១ម៉ឺននាក់ និងស្លាប់ ៦៦ នាក់៕
 
 

Tag:
 ចិន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com