ការដ្ឋានចម្រាញ់«រ៉ែមាស»ដំបូងនៅកម្ពុជា បើកដំណើរការហើយ
ជាតិ
សេដ្ឋកិច្ច
ការដ្ឋានចម្រាញ់«រ៉ែមាស»ដំបូងនៅកម្ពុជា បើកដំណើរការហើយ
21, Jun 2021 , 10:22 am        
រូបភាព
ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល។
ទិដ្ឋភាពទូទៅនៃការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ។ រូបថត៖ ក្រសួងរ៉ែ និងថាមពល។
ភ្នំពេញ៖ ការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបើកដំណើរការនៅថ្ងៃទី២១មិថុនា ឆ្នាំ២០២១នេះ។ ដំណើរការនៃរោងចក្រចម្រាញ់រ៉ែមាសនេះ គឺអនុវត្តដោយក្រុមហ៊ុន  រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited របស់ប្រទេសអូស្ត្រាលី ក្រោយចំណាយពេលរុករកធនធានធម្មជាតិនេះ អស់១៤ឆ្នាំមក។


ពិធីបើកការដ្ឋានចម្រាញ់មាសលើកដំបូងរបស់កម្ពុជា ដោយក្រុមហ៊ុន Renaissance Minerals នាព្រឹកថ្ងៃទី២១មិថុនានេះ មានការចូលរួមពីសំណាក់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ នេះបើយោងតាមការចុះផ្សាយទូរទស្សន៍ជាតិ។ ការបើកការដ្ឋានចម្រាញ់រ៉ែមាសនេះ គឺធ្វើឡើងស្របតាមលិខិតប្រកាសរបស់សម្តេចហ៊ុន សែន កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២១។
 
សម្តេច ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា តាមរយៈរោងចក្រចម្រាញ់រ៉ែមាសនេះ គឺអាចផលិតមាសសុទ្ធបានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ប្រមុខរដ្ឋាភិបាលរូបនេះ រំពឹងថា ការផលិតមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វោវ ស្រុកកែវសីមា ដោយក្រុមហ៊ុនRenaissance Mineralsនោះ នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុងមួយឆ្នាំ។  «ក្នុងចំណោមចំណូលដុលនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ»។ សម្តេច ហ៊ុន សែន បានបន្តអះអាងថា ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ 
 
 
 
 
 
 
 
 

Tag:
 រ៉ែមាស
  មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com