អន្តរជាតិ
ឧត្តម​សេនីយ៍ មីន​ អ៊ុងឡាំង ទៅ​រុស្ស៊ី ដែលជាទស្សនកិច្ចនៅបរទេសលើកទីពីរក្រោយរដ្ឋប្រហារ
21, Jun 2021 , 11:22 am        
រូបភាព
ដោយ៖ ជា ​ពេជ្រដាឡែន
 
មេ​ដឹក​នាំរបប​យោធា​មីយ៉ាន់ម៉ា ឧត្តម​សេនីយ៍ មីន​ អ៊ុងឡាំង​ បានទៅដល់ទីក្រុងមូស្គូ នៅថ្ងៃទី២០ ខែ​មិថុនា ដើម្បីចូលរួមសន្និសីទសន្តិសុខអន្តរជាតិមួយ។ នេះជាលើកទីពីរហើយដែលលោក មីន​ អ៊ុងឡាំង​ បានធ្វើដំណើរទៅកាន់បរទេសចាប់តាំងពីលោកឡើងកាន់តំណែងតាមរយៈរដ្ឋប្រហារ កាលពីដើមខែកុម្ភៈ។

 
លោក មីន​ អ៊ុងឡាំង​ ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសន្និសីទទីក្រុងមូស្គូសម្រាប់សន្តិសុខអន្តរជាតិ (MCIS) នៅទីក្រុងមូស្គូ។ លោក ចាកចេញពីរដ្ឋធានីណៃពិដោតតាមរយៈជើងយន្តហោះពិសេសនៅ ថ្ងៃទី២០ ខែមិថុនា។ នេះបើតាមការផ្សាយរបស់ស្ថានីយទូរទស្សន៍ រដ្ឋ MRTV ។ ទូរទស្សន៍ MRTV មិនបានបញ្ជាក់ព័ត៌មានលម្អិតពីរយៈពេលដែលលោក​ មីន​ អ៊ុងឡាំង ត្រូវស្នាក់នៅរុស្ស៊ីនោះទេ។
 
ដំណើរទស្សនកិច្ចរបស់លោកមីន​ អ៊ុងឡាំង​ ធ្វើឡើង ខណៈដែលរបបសឹករងសម្ពាធខ្លាំងពីអន្តរជាតិ។ ដុំថ្មចុងក្រោយធ្លាក់មកពីមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានអនុម័តសេចក្ដី សម្រេចស្នើឱ្យផ្អាកលំហូរអាវុធទាំងអស់ទៅកាន់មីយ៉ាន់ម៉ា។ ប្រទេស១១៩ បានបោះឆ្នោតគាំទ្រ, ៣៧ ប្រទេសបោះអនុប្បវាទដែលក្នុងនោះរួមមានចិន និងរុស្ស៊ី និង៣៧ប្រទេសមិនបោះឆ្នោត។ បេឡារុសជាប្រទេសតែមួយគត់ដែលបានបោះឆ្នោតប្រឆាំង។
 
ទំនាក់ទំនងរវាងរុស្ស៊ី និងភូមា ត្រូវមើលឃើញថា​ កាន់តែជិតដិតមួយកម្រិតទៀតក្រោយរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ។ រុស្ស៊ី ជាដៃគូផ្គត់ផ្គង់អាវុធដ៏សំខាន់សម្រា​ប់មីយ៉ាន់ម៉ា ហើយមន្រ្តីយោធាជាន់ខ្ពស់រុស្ស៊ី ក៏មានមុខក្នុងពិធីខួបកងទ័ពមីយ៉ាន់ម៉ា ស្របពេលប្រទេសរងការរិះគន់ខ្លាំងលើការបង្ក្រាបការតវ៉ារបស់ប្រជាជន។ បន្ថែមពីនេះ កាលពីខែឧសភា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មេបញ្ជាការ កងទ័ពអាកាសមីយ៉ាន់ម៉ា បានចូលរួមការតាំងពិព័រណ៍ឧទ្ធម្ភាគចក្រយោធានៅទីក្រុងមូស្គូផងដែរ។
 
ស្ថានភាពនៅភូមា នៅតែមានសភាពវឹកវរ ហើយមកទល់បច្ចុប្បន្នប្រជាជនប្រមាណ ៨៧០នាក់ត្រូវបានសម្លាប់ដោយរដ្ឋាភិបាលរបបយោធា៕
 
 

Tag:
 មីយ៉ាន់ម៉ា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com