អន្តរជាតិ
ប្រេសិតអាមេរិក៖ អាមេរិក ត្រៀមខ្លួនសម្រាប់ជំនួបជាមួយកូរ៉េខាងជើងនៅគ្រប់កន្លែង គ្រប់ពេលវេលា
21, Jun 2021 , 1:00 pm        
រូបភាព
លោក សុង គីម កាលជាអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅហ្វីលីពីន ក្នុងឆ្នាំ២០១៧។ រូបភាព៖ AFP
លោក សុង គីម កាលជាអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅហ្វីលីពីន ក្នុងឆ្នាំ២០១៧។ រូបភាព៖ AFP
ប្រេសិតពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង លោក សុង គីម នៅថ្ងៃទី២១ ខែមិថុនា បានបង្ហាញជំហរយ៉ាងច្បាស់ៗថា អាមេរិក បានត្រៀមខ្លួនជាសេចក្តី ក្នុងការជួបជាមួយកូរ៉េខាងជើង នៅគ្រប់កន្លែង និងគ្រប់ពេលវេលា ដោយគ្មានការកំណត់លក្ខខណ្ឌមុនឡើយ។ មិនតែប៉ុណ្ណោះ លោក សុង គីម សង្ឃឹមថា កូរ៉េខាងជើង នឹងឆ្លើយតបជាវិជ្ជមានទៅនឹងជំហររបស់អាមេរិកដែលចង់ផ្ដើមការចរចាឡើងវិញ។


 
 
 
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃទី១៨ ខែមិថុនាកន្លងទៅ បានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈមជ្ឈិមបក្សពលករកូរ៉េខាងជើងថា កូរ៉េខាងជើងត្រូវត្រៀមទាំងកិច្ចពិភាក្សា និងការប្រឈមមុខជាមួយរដ្ឋបាលថ្មីរបស់អាមេរិក។
 
ជាការឆ្លើយតប រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ថា ខ្លួនក៏ត្រៀមចរចា និងប្រឈមមុខជាមួយក្រុងព្យុងយ៉ាងដូចគ្នា។ ក្នុងជំនួបត្រីភាគីជាមួយប្រេសិតអាវុធនុយក្លេអ៊ែរកូរ៉េខាងត្បូង និងជប៉ុននៅទីក្រុងសេអ៊ូលនៅថ្ងៃទី២១ ខែមិថុនា លោក សុង គីម ប្រេសិតពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា អាមេរិក នឹងត្រៀមខ្លួនសម្រាប់ការជជែកជាមួយកូរ៉េខាងជើង 
 
យ៉ាងណាមិញ ប្រេសិតអាមេរិករូបនេះ សង្ឃឹមថា ខ្លួននឹងទទួលបានការឆ្លើយតបជាវិជ្ជមានពីមេដឹកនាំកូរ៉េខាងជើង ជាជាងការប្រឈមមុខដាក់គ្នា។
 
«យើងនៅតែសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបជាវិជ្ជមានលើសំណើសម្រាប់កិច្ចប្រជុំ»។ លោក សុង គីម បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា អាមេរិក បានត្រៀមខ្លួនរួចហើយ ដើម្បីជួបជាមួយកូរ៉េខាងជើងនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានលក្ខខណ្ឌភ្ជាប់។ យ៉ាងណាមិញ ក្រុងវ៉ាស៊ីនតោន នៅតែបន្តអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ (UNSC) ដែលបានដាក់ទណ្ឌកម្ម និងគំនាបលើក្រុងព្យុងយ៉ាង។ 
 
នេះគឺជាជំហានដ៏សំខាន់មួយ សម្រាប់កូរ៉េខាងជើង និងអាមេរិក ដើម្បីឈានទៅចូលតុចរចាជាថ្មី បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០១៩ ដោយសារតែក្រុងវ៉ាស៊ីនតោន មិនធ្វើសម្បទានឱ្យក្រុងព្យុងយ៉ាង។ 
 
គួររំលឹកថា កន្លងមក ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានចាត់ទុកការតែងតាំងប្រេសិតពិសេសសម្រាប់ទំនាក់ទំនងកូរ៉េខាងជើងរបស់អាមេរិក លោកសុង គីម គឺជាសារវិជ្ជមានមួយ ដើម្បីឈានទៅកិច្ចចរចាជាមួយកូរ៉េខាងជើង ទាក់ទិននឹងការរំសាយកម្មវិធីនុយក្លេអ៊ែរ៕ 
 

Tag:
 អាមេរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com