កីឡាអន្តរជាតិ
អន្តរជាតិ
UEFA ស៊ើបរកអ្នករើសអើងនៅកីឡដ្ឋាន Puskas ក្រោយមានពាក្យបណ្ដឹងពីអ្នកស្រឡាញ់ភេទដូចគ្នា
21, Jun 2021 , 2:43 pm        
រូបភាព
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានបើកការស៊ើបអង្កេតលើអ្នកគាំទ្រដែលបង្ហាញឥរិយាបថរើសអើងអ្នកស្រឡាញភេទដូចគ្នា អំឡុងការប្រកួត២លើកក្នុងព្រឹត្តិការណ៍ Euro 2020 នៅកីឡដ្ឋាន Puskas Arena ក្នុងក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។



ប៊ុយដាប៉ែស ជាទីក្រុងមួយដែលត្រូវជ្រើសធ្វើជាសហម្ចាស់ផ្ទះសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុុបឆ្នាំ២០២០ ។ រដ្ឋធានីរបស់ហុងគ្រីមួយនេះ បានប្រើកីឡដ្ឋាន Puskas Arena សម្រាប់ការប្រកួត២លើករួចមកហើយក្នុងពូល F ក្នុងនោះជំនួបដែលហុងគ្រីចាញ់ម្ចាស់ការពារតំណែងជើងឯកព័រទុយហ្កាល់ ៣-០ និងស្មើបារាំង ១-១។ 
 
ក្នុងប្រកួតបើកឆាកទល់នឹងព័រទុយហ្កាល់ មានការរាយការណ៍ថា អ្នកគាំទ្រមួយចំនួនបានលើកបដាសរសេរជាភាសារហុងគ្រីថា «ANTI LMBTQ» ដែលបង្ហាញពីការប្រឆាំងនឹងអ្នកស្រឡាញ់ភេទដូចគ្នា និងអ្នកប្តូរភេទ។ ករណីនេះ ត្រូវបានក្រុមប្រឆាំងការរើសអើងប្តឹងទៅ UEFA។
 
បន្ទាប់មកក្នុងជំនួបហុងគ្រី និងបារាំង អ្នកគាំទ្រហុងគ្រីក៏បានចូលរួមក្នុងការដង្ហែរក្បួនមុនការប្រកួតនៅក្រុងប៊ុយដាប៉ែស និងបានដាក់បង្ហាញផ្ទាំងបដាដែលប្រឆាំងនឹងការលុតជង្គង់របស់កីឡាករនៅមុនការប្រកួត។ ការលុតជង្គង់របស់កីឡាករមុនការប្រកួត ជាការតវ៉ាប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលក្រុមជាច្រើនបានចូលរួម។


 
ហេតុការណ៍មិនប្រក្រត្តី២ករណីនៅក្រៅកីឡដ្ឋាន Puskas Arena នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់ស្ថាបន័បគ្រប់គ្រងកីឡាបាល់ទាត់តំបន់អឺរ៉ុប ដែលជាស្ថាប័នមួយចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងការរើសអើងគ្រប់រូបភាព។
 
«យោងតាមមាត្រា៣១ នៃបទប្បញ្ញត្តិស្តីពីវិន័យរបស់ UEFA អ្នកត្រួតពិនិត្យក្រមសីលធម៌ និងអធិការកិច្ច បើកការស៊ើបអង្កេតវិន័យទាក់ទងនឹងឥរិយាបថរើសអើងដែលអាចកើតមាននៅកីឡដ្ឋាន Puskas អំឡុងការប្រកួតវគ្គសន្សំពីន្ទុ នៅ Euro 2020 រវាងក្រុមជម្រើសជាតិហុងគ្រីនិងព័រទុយហ្កាល់នៅថ្ងៃទី១៥ ខែមិថុនា និងរវាងក្រុមជម្រើសជាតិហុងគ្រីជាមួយបារាំងនៅថ្ងៃទី ១៩ ខែមិថុនាឆ្នាំ ២០២១»។ UEFA ប្រកាសដូច្នេះនៅថ្ងៃទី២០ ខែមិថុនា ដោយបញ្ជាក់ថា ស្ថាប័នខ្លួននឹងស៊ើបឱ្យបានដឹងការពិតក្នុងរយៈពេលឆាប់ៗ។
 
ឆ្លងការការប្រកួត២លើកដូចគ្នានៅពូល F ហុងគ្រី ដែលជាក្រុមមានសមត្ថភាពទាបជាងគេក្នុងចំណោម៤ក្រុម ស្ថិតនៅបាតតារាងមាន១ពិន្ទុ។ បារាំងឈរកំពូលតារាងមាន៤ពិន្ទុ តាមពីក្រោយដោយអាល្លឺម៉ង់ និងព័រទុយហ្កាល់ដែលមាន៣ពិន្ទុដូចគ្នា។
 
ក្រុមទាំង៤សុទ្ធតែមានឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ តាមរយៈការកាត់សេចក្តីនៅជំនួបចុងក្រោយ ដែលក្នុងនោះហុងគ្រីត្រូវជួបអាល្លឺម៉ង់ ខណៈព័រទុយហ្កាល់ តតាំងជាមួយបារាំងនៅ Puskas Arena តែម្តង៕
 

Tag:
 UEFA
  LMBTQ
  Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com