កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ ជំនួបចុងក្រោយពូល C នៅម៉ោង១១យប់ និងពូល B នៅម៉ោង២រំលងអាធ្រាត្រ
21, Jun 2021 , 6:29 pm        
រូបភាព
រូបភាព៖ UEFA.com
រូបភាព៖ UEFA.com
ដោយ៖ជា យូគៀង 

ព្រឹត្តិការណ៍ Euro 2020 នារាត្រីនេះ ឈានដល់ជំនួបចុងក្រោយពូល C នៅម៉ោង១១យប់ រវាងម៉ាសេដ្វានខាងជើងជាមួយហូឡង់ អ៊ុយក្រែនតទល់ជាមួយអូទ្រីស។ នៅក្នុងពូល B វេលាម៉ោង២អាធ្រាត្រ ហ្វាំងឡង់ត្រូវជួបក្រុមជាប់លេខ១ពិភពលោកបែលហ្ស៊ិក ចំណែករុស្ស៊ីប៉ះដាណឺម៉ាក។

 
ពូល c វេលាម៉ោង១១យប់

ម៉ាសេដ្វានខាងជើងជួបហូឡង់នាកីឡដ្ឋាន Johan Cruijff Arena 
ម៉ាសេដ្វានខាងជើងគឺជាក្រុមដែរឈរបាតតារាងក្នុងពូល C ដោយមិនទាន់រកបានពិន្ទុ នៅឡើយក្រោយចាញ់ អូទ្រីស ៣-១ និងអ៊ុយក្រែន ២-១។ ជំនួបចុងក្រោយជាមួយក្រុមលេខ១ក្នុងពូល ហូឡង់ នឹងកាន់តែពិបាក ហើយក្តីសង្ឃឹមការក្លាយជាក្រុមលេខ៣ឆ្នើម រឹតតែឆ្ងាយសម្រាប់ម៉ាសេដ្វានខាងជើង។ 
   
ក្រុមទាំងពីធ្លាប់បានជួបគ្នាចំនួន៤ដង រួចមកហើយដោយ ម៉ាសេដ្វានខាងជើង មិនដែលស្គាល់ជ័យជម្នះឡើយ។ ហូឡង់ឈ្នះការប្រកួតបាន ២លើក និងស្មើ២ លើក។ 
 

រូបភាព៖ UEFA.com 

អ៊ុយក្រែនប៉ះអូទ្រីសនាកីឡាដ្នាន Arena Nationala ប្រទេសរូម៉ានី
អ៊ុយក្រែន បច្ចុប្បន្នកំពុងតែឈរលេខ២ក្នុងពូល C ដោយមាន៣ពិន្ទុ និងគ្រាប់បាល់ចំណេញ៤គ្រាប់ ក្រោយចាញ់ហូឡង់ ៣-២ ប៉ុន្តែបានយកឈ្នះម៉ាសេដ្វានខាងជើង ២-១ វិញ ដើម្បី ឈរលើអូទ្រីសដែល មាន៣ពិន្ទុដូចគ្នា។ 
 
សម្រាប់ការប្រកួតនារាត្រីនេះ លទ្ធផលត្រឹមស្មើនឹងនាំឲ្យអ៊ុយក្រែនមានកៅអីទៅកាន់វគ្គ ១៦ក្រុមដោយស្វ័យប្រវត្តិ។ 
 

រូបភាព៖ UEFA.com 

ចំណែកអូទ្រីសគឺជាក្រុមដែរត្រូវការពិន្ទុខ្លាំងក្នុងការរើខ្លួនចេញផុតពីដំណែងលេខ៣ក្នុងពូលត្បិតពួកគេចាញ់ហូឡង់ ២-០ តែបានឈ្នះលើម៉ាសេដ្វាន ៣-១វិញ ។ ក្នុងករណីត្រឹមស្មើ អូទ្រីសត្រូវរង់ចាំអ៊ុតពូលផ្សេងទៀតសម្រាប់តំណែងក្រុមលេខ៣ឆ្នើម។ 
 
ក្រុមទាំង២ធ្លាប់បានជួបប្រកួតមិត្តភាពជាមួយគ្នាឆ្នាំ២០១១ និង២០១២ ចំនួន២ដង ដោយក្នុងនោះឈ្នះ១ និងចាញ់១ដូចគ្នា។
 
ជំនួបពូល B វេលាម៉ោង ២អាធ្រាត្រ

ហ្វាំងឡង់ជួបបែលហ្ស៊ិកនាកីឡដ្ឋាន Saint Peterburg Stadium ប្រទេសរុស្ស៊ី
ហ្វាំងឡង់ស្ថិតនៅលេខ៣ក្នុងពូលក្រោយឈ្នះក្រុមដាណឺម៉ាក ១-០ រួចបែរមកចាញ់រុស្ស៊ី១-០។ ចំណែក បែលហ្ស៊ិកដែលស្ថិតឈរលេខ១ក្នុងពូល មានកៅអីរួចជាស្រេចនៅវគ្គ១៦ក្រុមចុងក្រោយ តាមរយៈជ័យជម្នះលើ រុស្ស៊ី ៣-០ និងឈ្នះដាណឺម៉ាក ២-១។
 
 ហ្វាំងឡង់ នារាត្រីនេះ បើអាចទប់ស្មើជាមួយបែលហ្ស៊ិក ពួកគេ ត្រូវចាំអ៊ុតមើលក្រុមនៅក្នុងពូលផ្សេង ក្នុងការប្រជែងយកក្រុមលេខ៣ល្អ។
 

រូបភាព៖ UEFA.com 

រុស្ស៊ីតទល់ជាមួយដាណឺម៉ាកនាកីឡដ្ឋាន Parken Venue 
រុស្ស៊ីគឺជាក្រុមទី២ក្នុងពូល B ក្រោយចាញ់បែលហ្ស៊ិក៣-០ តែមកឈ្នះហ្វាំងឡង់១-០ វិញ សម្រាប់ ការប្រកួតចុងក្រោយនេះ ពួកគេត្រូវជួបដាណឺម៉ាកដែលកំពុងស្រេកឃ្លានជ័យជម្នះយ៉ាងខ្លាំង។ ឱកាសរបស់ដាណឺម៉ាក ទំនងជាត្រូវប្រកួតចុងក្រោយក្នុងព្រឹត្តិការណ៍ Euro 2020 នេះ ព្រោះពួកគេបានចាញ់ទាំង២ប្រកួតដំបូង។
 
ក្រុមទាំងពីរធ្លាប់ជួបគ្នាតែម្តងប៉ុណ្ណោះ ជាការប្រកួតមិត្តភាពកាលឆ្នាំ២០១២ ដោយដាណឺម៉ាកចាញ់រុស្សី ២-០៕
 
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com