COVID-19
រថយន្ត
អន្តរជាតិ
រោងចក្រផលិតរថយន្តនៅឥណ្ឌាអាចដំណើរការពេញលេញឡើងវិញ ទោះអ្នកចាក់វ៉ាក់សាំងមានតិចតួច
21, Jun 2021 , 7:19 pm        
រូបភាព
សកម្មការងារនៅរោងចក្រ Ford នាតំបន់ Chengalpattu ក្រុង Chennai។ រូបថត Reuters
សកម្មការងារនៅរោងចក្រ Ford នាតំបន់ Chengalpattu ក្រុង Chennai។ រូបថត Reuters
ដោយ: ធីតា
រោងចក្រផលិតរថយន្តនៅក្នុងប្រទេសឥណ្ឌា ក្នុងនោះមានដូចជា Renault-Nissan, Hyuandai និង Ford ជាដើម អាចដំណើរការពេញលេញឡើងវិញបាន បើទោះបីជាកម្លាំងពលកម្មប្រមាណ៧៥ភាគរយ មិនទាន់ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដោយ។

 
រដ្ឋ Tamil Nadu ជាពិសេសនៅក្នុង Chennai ភាគខាងត្បូងក្នុងប្រទេសឥណ្ឌា ដែលជាតំបន់ឧស្សាហកម្មយានយន្តដ៏ធំ បានអនុញ្ញាតឲ្យប្រតិបត្តិការ១០០ភាគរយឡើងវិញ លើការផលិតរថយន្តដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារសកល។
 
តាមការផ្សាយរបស់ Reuters ការព្រួយបារម្ភពីការរាលដាលកូវីដ-១៩ នៅតែបន្តមាន ខណៈរបាយការណ៍បង្ហាញថា កម្មករ៣នាក់ក្នុងចំណោម៤នាក់ដែលបម្រើការនៅរោងចក្រ Ford, Hyundai និង Rnault-Nissan ក្បែរក្រុង Chennai មិនទានបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។
 
របាយការណ៍បានបន្ថែមថា កម្មករម្នាក់ក្នុងចំណោម៧នាក់នៅក្រុមហ៊ុនទាំងនោះ មានវិជ្ជមានកូវីដ-១៩ និង២១នាក់ហើយដែលបានទទួលមរណភាព។ ដូច្នេះបែបបទការងារតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការអនុវត្តគម្លាតសុវត្ថិភាព។
 
ករណីកូវីដ-១៩ថ្មីនៅរដ្ឋ Tamil Nadu បានថយចុះពីជាង៣ម៉ឺនក្នុង១ថ្ងៃក្នុងខែឧសភា មកត្រឹម៨០០០ករណីក្នុង១ថ្ងៃ ប៉ុន្តែនៅតែជាចំនួនដ៏ខ្ពស់បំផុតមួយនៅឥណ្ឌា។ 
 
យុទ្ធនាការចាក់វ៉ាក់សាំងក៏ត្រូវបានជំរុញផងដែរសម្រាប់អ្នកបម្រើការនៅរោងចក្រផលិតរថយន្ត ដោយសារតែចំនួនអ្នកចាក់នៅមានកម្រិតទាបនៅឡើយ។ របាយការណ៍ក៏បង្ហាញផងដែរថា ក្នុងចំណោមអ្នកបម្រើការជាង២៣០០០នាក់នៅរោងចក្ររថយន្តទាំង៣ មានតែជិត៦០០០នាក់ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំង។
 
បច្ចុប្បន្នឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩ ជិត៣០លាននាក់ ដោយស្ថិតនៅលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក។ អ្នកស្លាប់ដោយសារកូវីដ-១៩ នៅឥណ្ឌាមានជាង៣៨,៨ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com