អន្តរជាតិ
កាសែតហុងកុង Apple Daily អាចបិទក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ
21, Jun 2021 , 5:01 pm        
រូបភាព
អ្នកដំណើរម្នាក់អានកាសែត Apple Daily ។ រូបថត AFP
អ្នកដំណើរម្នាក់អានកាសែត Apple Daily ។ រូបថត AFP
ទីប្រឹក្សារបស់លោក Jimmy Lai នៅថ្ងៃទី២១ ខែមិថុនា បានបង្ហើបថា កាសែតហុងកុង Apple Daily នឹងត្រូវបិទក្នុងរយៈពេលឆាប់ៗខាងមុខ បន្ទាប់ពីអាជ្ញាធរហុងកុង បានបង្កកទ្រព្យសម្បត្តិ។ ការបិទកាសែតហុងកុងមួយនេះ ត្រូវបានក្រុមអ្នកគាំទ្រប្រព័ន្ធផ្សព្វផ្សាយយល់ថា នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ទីក្រុង។



 
ទ្រព្យសម្បត្តិក្រុមហ៊ុន Apple Daily ត្រូវបានបង្កក នៅថ្ងៃទី១៧ ខែមិថុនា ដោយអាជ្ញាធរហុងកុងបានចោទថាមានពាក់ព័ន្ធជាមួយបរទេស ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិហុងកុង។ ក្រុមហ៊ុន Next Digital ត្រូវ កិច្ចប្រជុំនៅក្នុងថ្ងៃទី២១ ខែមិថុនានេះ ដើម្បីពិភាក្សាពីដំណើរការរបស់កាសែត Apple Daily ស្របពេលប្រព័ន្ធហិរញ្ញវត្ថុរបស់កាសែតវ័យជាង ២០ឆ្នាំនេះ ជួបបញ្ហារកលុយបើកឱ្យបុគ្គលិកមិនបាន។ 
 
ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានReuters លោក Mark Simon ទីប្រឹក្សារបស់លោក Jimmy Lai បានអះអាងថា អ្នកលក់កាសែត បានព្យាយាមដាក់លុយក្នុងគណនីធនាគារបស់ក្រុមហ៊ុន Apple Daily ដែរ ប៉ុន្តែត្រូវបានបដិសេធ ហើយពេលនេះ កាសែតហុងកុង Apple Daily កំពុងស្ថិតក្នុងស្ថានភាពលំបាកដោយសារបញ្ហាហិរញ្ញវត្ថុ។ 
 
«យើងគិតថា យើងអាចដំណើរការបានដល់ដំណាច់ខែ។ ប៉ុន្តែវាកាន់តែពិបាកទៅៗ។ វាប្រហែលជាអាចដំណើរការបានប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ»។ លោក Simon បានបន្ថែមបែបនេះ ដោយបន្ថែមថា បុគ្គលិករបស់ Apple Daily ក៏កំពុងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនដែរ ព្រោះពួកគេបានរងការគំរាមកំហែងតាមរកប្រព័ន្ធទូរសព្ទ ដែលមិនដឹងប្រភព។ 
 
នៅថ្ងៃទី២០ ខែមិថុនា កាសែតApple Daily បានអះអាងថា ហិរញ្ញវត្ថុដែលខ្លួនមាន អាចដំណើរការបាន ២ ឬ៣សប្តាហ៍ខាងមុខប៉ុណ្ណោះ ហើយស្ថិតក្នុងលក្ខខណ្ឌប្រតិបត្តិធម្មតាប៉ុណ្ណោះ។ ក្នុងថ្ងៃបង្កកទ្រព្យសម្បត្តិកាសែតហុងកុងមួយនេះ អ្នកកាសែតApple Daily ចំនួន ៥រូប ដោយក្នុងនោះរួមមាននិពន្ធនាយកផងនោះ ត្រូវបានប៉ូលិសហុងកុងចាប់ខ្លួន និងចុះរឹបអូសសម្ភារនៅទីស្នាក់កណ្តាលApple Daily។ 
 
ទន្ទឹមនេះ ក្រុមហ៊ុនចំនួន ៣ផ្សេងទៀត ដែលមានទាក់ទិននឹងកាសែត Apple Daily ក៏ត្រូវបានតុលាការបង្កកទ្រព្យសម្បត្តិ ដែលមានទំហំ ២,៣លានដុល្លារផងដែរ។ 
 
ទាក់ទិននឹងបញ្ហាកាសែតដំណើរការជាង២០ឆ្នាំ ត្រូវបានបង្ខំចិត្តបិទនេះ បានរងការរិះគន់ពីសំណាក់ក្រុមអ្នកគាំទ្រប្រព័ន្ធផ្សព្វផ្សាយយ៉ាងខ្លាំង។ បើតាមក្រុមអ្នកគាំទ្រប្រព័ន្ធផ្សព្វផ្សាយ ការបិទកាសែត Apple Daily នឹងធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះក្រុងហុងកុង ជាទីក្រុងបើកចំហរ និងមានសេរីភាព។
 
គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០២០ លោក  Jimmy Lai ស្ថាបនិកកាសែត Apple Daily និងជាសកម្មជនគាំទ្រប្រជាធិបតេយ្យ ត្រូវបានចាប់ខ្លួន និងចោទពីបទគប់គិតជាមួយបរទេស ដែលមានចែងក្នុងច្បាប់សន្តិសុខជាតិ៕ 
 

Tag:
 Apple Daily
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com