ជាតិ
សេដ្ឋកិច្ច
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃជាង២ពាន់លានដុល្លារ សម្រេចការសាងសង់បាន ៥៥%ហើយ
21, Jun 2021 , 5:29 pm        
រូបភាព
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ_ដែលក្រុមហ៊ុន កំពុងសាងសង់។ រូបថត៖ MPWT
ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ_ដែលក្រុមហ៊ុន កំពុងសាងសង់។ រូបថត៖ MPWT
ការសាងសង់ផ្លូវល្បឿនលឿនទៅមកភ្នំពេញ-ព្រះសីហនុ ដែលមានតម្លៃប្រមាណ២,០០០លានដុល្លារនោះ គឺសម្រេចបាន៥៥ភាគរយហើយ។​ ផ្លូវមួយខែ្សប្រវែង១៩០គីឡូម៉ែត្រ នឹងគ្រោងបញ្ចប់ការសាងសង់​ នៅចុងខែឧសភា ឆ្នាំ២០២៣។​ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

 
ក្នុងដំណើរចុះពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២១ មិថុនា លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា​ ការសាងសង់ផ្លូវល្បឿនលឿននេះ ប្រើរយៈពេល៤៨ខែ ដោយអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០១៩។ គិតត្រឹមថ្ងៃទី១១មិថុនា ឆ្នាំ២០២១ ផ្លូវនេះ សម្រេចការសាងសង់បាន៥៥,០៥ភាគរយ។ ផ្លូវល្បឿនលឿននេះ កំពុងសាងសង់ដោយ ក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន​​(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN.BHD។
 
ផ្លូវល្បឿនលឿនមួយខ្សែនេះ មានគន្លងផ្លូវចំនួន៤ដែលមានប្រវែងទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ និងមានផ្លូវបំបែកទិស៧កន្លែង។ បើតាមលោក ស៊ុន ចាន់ថុល ផ្លូវនេះក្រៅពីមានផ្លូវបំបែកទិសហើយ ក៏មានកន្លែងឈប់សម្រាកចំនួន៣កន្លែង, ចំណតរថយន្ត១កន្លែង, មណ្ឌលប្រតិបត្តិការនិងថែទាំ៤កន្លែង រួមទាំងមានស្ពានធំ-មធ្យមចំនួន៤០កន្លែង nនិងស្ពានតូចចំនួន៥កន្លែង ផងដែរ។  តាមរយៈផ្លូវល្បឿនលឿនេះ  នឹងធ្វើដំណើរឆ្លងកាត់ខេត្តចំនួន៤ ដោយក្នុងនោះ មានខេត្តកណ្តាល, កំពង់ស្ពឺ, កោះកុង  និងខេត្តព្រះសីហនុ។ 
 
ការសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទីមួយ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្ម(Logistics) ផងដែរ។ នេះជាការអះអាងបន្ថែមរបស់លោក ស៊ុន ចាន់ថុល៕ 
 

Tag:
 ផ្លូវល្បឿនលឿន
  ព្រះសីហនុ
 ​​ លោក​ ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com