អន្តរជាតិ
អាមេរិក សាកល្បងនាវាចម្បាំងថ្មី ដោយប្រើកម្លាំងបំផ្ទុះជិត២ម៉ឺនគីឡូក្រាមនៅមហាសមុត្រអាត្លង់ទិក
21, Jun 2021 , 9:29 pm        
រូបភាព
នាវាដឹកយន្តហោះ USS Gerald R. Ford ។ រូបថត US Navy
នាវាដឹកយន្តហោះ USS Gerald R. Ford ។ រូបថត US Navy
ដោយ៖ ជា ពេជ្រដាឡែន

កងទ័ពជើងទឹកអាមេរិក បានសាកល្បងសមត្ថភាពនាវាដឹកនាំយន្តហោះចម្បាំងថ្មី USS Gerald R Ford ជាមួយនិងការបំផ្ទុះដ៏សម្បើមនៅមហាសមុទ្រអាត្លង់ទិកដែលនៅក្នុងរដ្ឋ Florida ។ ការសាកល្បងនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមិថុនា។

 
USS Gerald R Ford ជានាវាដឹកយន្តហោះដ៏ធំ និងថ្មីបំផុតមួយរបស់អាមេរិក។ កងទ័ពជើងទឹក អាមេរិក ចាប់ផ្ដើមសាកល្បងសមត្ថភាពនាវានេះដើម្បីប្រាកដថាបានត្រៀមរួចរាល់សម្រាប់ប្រតិបត្តិការសង្រ្គាម។
 
ក្នុងការសាកល្បងនាវាទាំងមូល (Full Ship Shock Trials) ដែលជាតេស្តសមត្ថភាពដំបូង យោធាអាមេរិក រៀបចំការបំផ្ទុះដ៏ខ្លាំងក្លាមួយនៅក្បែរនាវា USS Gerald R. Ford នៅថ្ងៃទី១៨ ខែមិថុនានៅមហាសមុទ្ទអាត្លង់ទិក។ នេះបើតាមសេចក្ដីប្រកាសរបស់កងទ័ពជើងទឹកអាមេរិក។ការសាកល្បងនេះ ជាការពិសោធសមត្ថភាពនាវាចម្បាំងអាមេរិកថា អាចទប់ទល់ស្ថានភាពលំបាកខ្លាំងដែលអាចនឹងជួប ប្រទះនៅក្នុងសមរភូមិឬអត់។
 
រូបភាព និងវីដេអូនានាបានបង្ហាញពីការផ្ទុះទឹកដ៏ធំសម្បើមចេញពីមហាសមុទ្រដែលជាលទ្ធផលនៃ ការបំផ្ទុះដ៏សម្បើម។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានហៅការផ្ទុះនោះថា មានកម្លាំងដល់ទៅ៤ម៉ឺនផោន ស្មើនឹងជាង១៨,១៤៤ គីឡូក្រាម។ ចំណែកទីភ្នាក់ងារភូគព្ភសាស្ត្រអាមេរិកបាននិយាយថា កម្លាំងផ្ទុះធ្វើឱ្យមានរញ្ជួដីកម្រិត៣,៩រ៉ិចទ័រ។ 
 
ក្នុងសេចក្ដីប្រកាសរបស់ខ្លួន កងទ័ពជើងទឹកអាមេរិកក៏អះអាងថា ការសាកល្បងនេះធ្វើឡើងដោយអនុលោមច្បាប់បរិស្ថានត្រឹមត្រូវ និងមិនប៉ះពាល់ដល់សត្វក្រោមសមុទ្រផ្សេងៗឡើយ៕
 

Tag:
 អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com