អន្តរជាតិ
លោក បៃឌិន សុំទោសអ្នកសារព័ត៌មាន CNN ក្រោយប្រើសម្តីធ្ងន់ក្នុងសន្និសីទនៅហ្សឺណែវ
21, Jun 2021 , 10:29 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក។ រូបភាព៖ AP
លោកចូ បៃឌិន ប្រធានាធិបតីអាមេរិក។ រូបភាព៖ AP
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានចេញមុខសុំទោសប្រធានអ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមានរបស់ទូរទស្សន៍ CNN លោកស្រីKaitlan Collins បន្ទាប់ពីប្រើពាក្យសម្តីធ្ងន់ៗនៅក្នុងសន្និសីទសារព័ត៌មាន នាក្រុងហ្សឺណែវ។


 
ក្នុងសន្និសីទសារព័ត៌មានក្នុងក្រុងហ្សឺណែវ ប្រទេសស៊្វីស បន្ទាប់ពីកិច្ចប្រជុំជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅថ្ងៃទី១៦ ខែមិថុនា លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក បានផ្ទុះកំហឹងលើលោកស្រី Kaitlan Collins អ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមានរបស់ទូរទស្សន៍ CNN បន្ទាប់ពីឈ្លេចសួរសំណួរទាក់ទិននឹងការផ្លាស់ប្តូរជំហរលោកពូទីន លើបញ្ហាការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត សិទ្ធិមនុស្ស និងបញ្ហាទាក់ទងកិច្ចប្រជុំរវាងមេដឹកនាំទាំងពីរ។ 
 
ពេលនោះ លោក បៃឌិន បានអះអាងថា លោក មិនមានទុកចិត្តឡើយថា លោកពូទីននឹងផ្លាស់ប្តូរជំហររបស់ខ្លួនទាក់ទិននឹងបញ្ហាសិទ្ធិមនុស្ស ប៉ុន្តែអ្វីដែលធ្វើឱ្យមេដឹកនាំរុស្ស៊ីផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន គឺដោយសារតែពិភពលោកប្រតិកម្មលើរុស្ស៊ី។ បើតាមលោកបៃឌិន លោកមិនមានទំនុកចិត្តអ្វីទាំងអស់ ហើយលោកគ្រាន់តែថ្លែងពីការពិតប៉ុណ្ណោះ។ 
 
បន្ថែមពីលើនេះ លោកប្រធានាធិបតីអាមេរិក ក៏បានប្រាប់ទៅប្រធានអ្នកឆ្លើយឆ្លងសារព័ត៌មានសេតវិមានរបស់ CNN ផងដែរថា ប្រសិនបើមិនយល់ពីបញ្ហាទាំងនោះទេ លោកស្រីស្ថិតក្នុងការងារខុសហើយ។ បន្ទាប់ពីចម្លើយមួយនេះ មេដឹកនាំអាមេរិកបានបិទបញ្ចប់សន្និសីទសារព័ត៌មាន និងមិនឆ្លើយសំណួរអ្វីឡើយ។ 
 
យ៉ាងណាមិញ មុនត្រលប់ទៅអាមេរិកតាមរយៈយន្តហោះ Air Force One វិញ លោកបៃឌិន បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា លោកបានជំពាក់ពាក្យសំទោស លោកស្រី Collins។ ក្នុងន័យនេះ លោក បៃឌិន បានទទួលស្គាល់កំហុសរបស់ខ្លួនថា លោកមិនគួរជាបុគ្គលមានយល់ដឹងឡើយចំពោះចម្លើយដែលលោកផ្តល់ឱ្យចុងក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍CNN។ 
 
ចំណែកលោកស្រី Collins វិញ បានបញ្ជាក់ថា លោកប្រធានាធិបតីមិនគួរប្រើពាក្យសំទោសឡើយ ហើយការចោទសួរប្រធានាធិបតី វាមិនមែនមានន័យថា វាត្រូវតែមានការយល់ឃើញបែបវិជ្ជមាន ឬអវិជ្ជមានឡើយ៕ 
 

Tag:
 អាមេរិក
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com