ជាតិ
សូមមេត្តាកុំចាក់សំរាមចូលទន្លេ!
22, Jun 2021 , 8:29 am        
រូបភាព
គំនរសំរាម ដែលអ្នករស់នៅតាមដងទន្លេ បានយកមកចាក់ចោលនៅមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកសំបូរ ចម្ងាយប្រហែល ៣៦គីឡូម៉ែត្រី ខាងជើងទីរួមខេត្តក្រចេះ។ រូបភាព៖ ឈុត ឈាណា
គំនរសំរាម ដែលអ្នករស់នៅតាមដងទន្លេ បានយកមកចាក់ចោលនៅមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងស្រុកសំបូរ ចម្ងាយប្រហែល ៣៦គីឡូម៉ែត្រី ខាងជើងទីរួមខេត្តក្រចេះ។ រូបភាព៖ ឈុត ឈាណា
ដោយ:
ខេត្តក្រចេះ ស្ថិតនៅតំបន់ខ្ពង់រាបប៉ែកឦសាន នៃប្រទេសកម្ពុជា ដែលទន្លេមេគង្គហូរឆ្លងកាត់ ប្រវែងប្រហែល ១៤០គីឡូម៉ែត្រ សម្បូរទៅដោយកោះ និងអន្លង់ជ្រៅៗ ដែលជាទីជម្រកលាក់ខ្លួន និងពង-កូន នៃពពួកត្រីមេពូជតូច-ធំ ជាច្រើនប្រភេទ។ ក្នុងនោះ ក៏ជាទីជម្រករបស់សត្វផ្សោត ដែលជាប្រភេទសត្វផ្សោតកម្រទាំងក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។

 
ជារៀងរាល់ឆ្នាំ ត្រីគ្រប់ប្រភេទ រាប់កោដិលានក្បាល ត្រូវបានភ្ញាស់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះនេះ  ហើយបណ្តែតតាមទឹកជំនន់ ចូលទៅតាមតំបន់វាលទំនាបលិចទឹក ជាពិសេស បឹងទន្លេសាប។ ត្រីទាំងនោះ បានផ្តល់ជាសុន្តិសុខស្បៀង និងការងារដល់ប្រជាជនកម្ពុជារាប់លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប។ 
 
ប៉ុន្តែ គួរឱ្យសោកស្តាយ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជនមួយចំនួន ដែលរស់នៅតាមដងទន្លេមេគង្គ ពុំសូវខ្វល់ខ្វាយចំពោះទុកដាក់កាកសំណល់ផ្សេងៗឡើយ។ ពួកគាត់ បានយកទន្លេមេគង្គជាទីលានចាក់សំរាម ដូចក្នុងរូបភាពបង្ហាញស្រាប់ គឺជាគំនរសំរាម ដែលអ្នករស់នៅតាមដងទន្លេ បានយកមកចាក់ចោលនៅមាត់ទន្លេមេគង្គ ជិតវត្តសសរ ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ចម្ងាយប្រហែល ៣៦គីឡូម៉ែត្រី ខាងជើងទីរួមខេត្តក្រចេះ។ សំរាមទាំងនេះ អាចនឹងធ្លាក់ចូលទៅក្នុងទឹកទន្លេបានយ៉ាងងាយ ទីដែលវាអាចបំបែកខ្លួនជាបំណែកតូចៗ និងអាចត្រូវស៊ីដោយត្រី និងសត្វដទៃទៀត។ ការបំពុលបែបនេះ ក៏អាចបង្កគ្រោះថ្នាក់ដល់ទាំងសត្វ និងមនុស្សផងដែរ។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជាជន ដែលរស់តាមដងទន្លេមេគង្គទាំងអស់ មេត្តាគិតគូរដល់សកម្មភាពផ្សេងៗ របស់យើង ដែលអាចនាំទៅដល់ការបំពុលបរិស្ថានទឹកទន្លេ និងបង្កគ្រោះថ្នាក់ដល់ត្រី ដែលរស់នៅទីនោះ។ សូមចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ និងការពារផលស្តុកត្រី ព្រមទាំងរក្សាសុខុមាលភាពទន្លេមេគង្គផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com