កីឡាអន្តរជាតិ
អន្តរជាតិ
Euro 2020៖ អូទ្រីស, ដាណឺម៉ាក, ស្វីស, ឆែក, អង់គ្លេស, ស៊ុយអែត, បារាំង ឡើងទៅវគ្គបន្ត
22, Jun 2021 , 6:28 am        
រូបភាព
ប្រភពរូបថត៖ UEFA
ប្រភពរូបថត៖ UEFA
ដោយ: រួបរួម
លទ្ធផលនៃការប្រកួតពូល A, B និងពូល C នាំឲ្យព្រឹត្តិការណ៍ Euro 2020 រកឃើញ១១ក្រុមហើយដែលទទួលបានកៅអីនៅវគ្គ១៦ក្រុមចុងក្រោយ។ ក្រុមទាំងនោះមាន អ៊ីតាលី, បែលហ្ស៊ិក, ហូឡង់, វេសល៍, ដាណឺម៉ាក, អូទ្រីស, ស្វីស, សាធារណរដ្ឋឆែក, អង់គ្លេស, ស៊ុយអែត និងបារាំង។

 
ក្នុងការប្រកួតពូល B ដាណឺម៉ាកបានយកឈ្នះរុស្ស៊ី ៤-១ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់កៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមលេខ១ក្នុងពូល បែលហ្ស៊ិក បន្តយកឈ្នះហ្វាំងឡង់ ២-០។ បែលហ្ស៊ិកមាន៩ពិន្ទុពេញ ខណៈដាណឺម៉ាក មាន៣ពិន្ទុ (+១), ហ្វាំងឡង់ ៣ពិន្ទុ (-២), រុស្ស៊ី ៣ពិន្ទុ (-៥)។
 
 
បែលហ្ស៊ិក និងដាណឺម៉ាក ឈានទៅកាន់វគ្គបន្ត ហ្វាំងឡង់រង់ចាំអ៊ុតលទ្ធផលក្រុមលេខ៣នៃពូលដែលនៅសេសសល់ រីឯរុស្ស៊ី ហាលអាវយ៉ាងខកចិត្ត។
 
ចំណែកឯលទ្ធផលនៃការប្រកួតពូល C អូទ្រីស បានយកឈ្នះអ៊ុយក្រែន ១-០ សម្រាប់ចំណាត់ថ្នាក់លេខ២ ខណៈលេខ១ក្នុងពូល ហូឡង់ បន្តទទួលបាន៣ពិន្ទុជាមួយនឹងជ័យជម្នះ ៣-០ លើម៉ាសេដ្វានខាងជើង។ ហូឡង់មាន៩ពិន្ទុពេញ ខណៈអូទ្រីសមាន៦ពិន្ទុ, អ៊ុយក្រែន៣ពិន្ទុ និងម៉ាសេដ្វានខាងជើង គ្មានពិន្ទុ។
 
 

ហូឡង់ និងអូទ្រីស បានកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈអ៊ុយក្រែនដែលមាន៣ពិន្ទុ (-១) ក្នុងដៃ រង់ចាំអ៊ុតឱកាសក្នុងចំណោមលេខ៣ឆ្នើម ស្របពេលម៉ាសេដ្វានខាងជើងវិលត្រឡប់ទៅផ្ទះវិញ។
 
លទ្ធផលនៃជំនួបទាំងពីរពូលនេះ នាំឲ្យស្វីសក្លាយជាក្រុមចំណាត់ថ្នាក់លេខ៣មួយដែលល្អបំផុតក្នុងចំណោម៤ក្រុម។ ស្វីសលេខ៣ពូល A មាន៤ពិន្ទុ (-១) ដែលមានប្រៀបជាងអ៊ុយក្រែននៅពូល C  និងហ្វាំងឡង់ នៅពូល B។
 
 

រីឯសាធារណរដ្ឋឆែក, អង់គ្លេស នៅពូល D, ស៊ុយអែត នៅពូល E និងបារាំងនៅពូល F ក៏ទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិផងដែរ បើទោះបីជាលទ្ធផលនៃជំនួបចុងក្រោយក្នុងពូលរបស់ពួកគេបែបណាក៏ដោយ។ 
 
ក្នុងករណីមិនបានលេខ១ ឬលេខ២ ទេនោះ សាធារណរដ្ឋឆែក, អង់គ្លេស, ស៊ុយអែត និងបារាំង ក៏អាចក្លាយយ៉ាងហោចណាស់ក៏ក្នុងចំណោមក្រុមលេង៣ល្អបំផុតផងដែរ ដោយផ្អែកលើពិន្ទុរបស់ពួកគេរៀងៗខ្លួនក្នុងពូល ពោលគឺមិនអាចធ្លាក់ដល់ចំណាត់ថ្នាក់លេខ៤នោះឡើយ។
 
សម្រាប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ អ៊ីតាលីត្រូវជួបអូទ្រីស  ដាណឺម៉ាកប៉ះវេលស៍ ខណៈបែលហ្ស៊ិក ហូឡង់ និងស្វីស ត្រូវរង់ចាំរហូតរកឃើញក្រុមលេខ៣ល្អបំផុតគ្រប់ចំនួន៕
 

Tag:
 Euro 2020
© រក្សាសិទ្ធិដោយ thmeythmey.com