ជាតិ
ប្រទះឃើញស្ថានីយកុលាលភាជន៍បុរាណនៅជាប់ត្រពាំងនាងសណ្តាយក្នុងស្រុកបន្ទាយស្រី
22, Jun 2021 , 9:29 am        
រូបភាព
បំណែកកុលាលភាជន៍ រកឃើញពេលឈូសឆាយ។ រូបភាពពី៖ ទំព័រហ្វេសប៊ុក ឃឹម ហ្វីណង់
បំណែកកុលាលភាជន៍ រកឃើញពេលឈូសឆាយ។ រូបភាពពី៖ ទំព័រហ្វេសប៊ុក ឃឹម ហ្វីណង់
ស្ថានីយផលិតកុលាលភាជន៍បុរាណមួយ ត្រូវបានប្រទះឃើញក្នុងភូមិសាស្ត្រឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប នាអំឡុងពេលដែលពលរដ្ឋឈូសឆាយផ្លូវចូលក្នុងសហគមន៍របស់ខ្លួន កាលពីពេលថ្មីៗកន្លងមកនេះ។

 
ស្ថានីយផលិតកុលាលភាជន៍មួយនេះ ស្ថិតនៅជើងភ្នំគូលែន ជាប់នឹងត្រពាំងបុរាណមួយឈ្មោះ «ត្រពាំងនាងសណ្តាយ» ដែលជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដ៏ធំមួយនាដើមសម័យអង្គរ។ អាជ្ញាធរជាតិអប្សរាសហការជាមួយអាជ្ញាធរស្រុក បានចុះត្រួតពិនិត្យ និងរៀបចំបោះបង្គោល ព្រំការពារបុរាណដ្ឋាន ដើម្បីបញ្ជៀសការឈូសឆាយបន្តទៀត។
 
តាមការពិនិត្យជាក់ស្តែង ការឈូសឆាយនេះមិនទាន់ប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ និងគ្រឿងបង្គុំ នោះឡើយ ហើយក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងអាជ្ញាធរជាតិអប្សរា បានដាក់ របាំងការពារ ហាមឃាត់ការឈូសឆាយដីបន្ត និងកាយប្រមូលដីដែលបានយក ចេញពីជើងទួលមកពូនបិទកន្លែងខូចខាតទ្បើងវិញ។ 


 
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់  Thmeythmey25 តាមទូរសព្ទ ដូច្នេះថា ៖«មិន មានការខូចខាតអ្វីធំពេកទេ ហើយប្រវែងដែលខូចខាតប្រហែល ១ម៉ែត្រកន្លះ ដែលជាជើងខាងក្រោមនៃឡ ដែលពលរដ្ឋឈូសលើកផ្លូវ។ ប៉ុន្តែអ្វីដែលពលរដ្ឋគាត់មិនដឹងនោះ គឺគាត់គិតថាវាគ្រាន់តែជាទីទួលធម្មតា គាត់ក៏បានឈូសយកជម្រាលជើងទេនៅខាងក្រៅនៃឡ ដើម្បីយកមកក្រាលលើផ្លូវចាស់ធ្វើជាផ្លូវចូលភូមិ»។ 
 
លោកអភិបាលស្រុកបានបន្តថាក្រៅពីឡផលិតកុលាលភាជន៍មួយនេះ ក៏មានឡបុរាណ ផ្សេងៗដែល ជាទីទួលស្ថិតនៅក្នុងភូមិជិតកន្លែងពលរដ្ឋរស់នៅដែរ។ យ៉ាងណាមិញ បើពលរដ្ឋចង់លើកផ្លូវ ត្រូវថយគម្លាតពីឡ និងមិនត្រូវប៉ះពាល់សូម្បីបរិវេណជុំវិញឡបុរាណនេះឡើយ ទោះបីកុលាលភាជន៍បុរាណទាំងនោះបែកបាក់យ៉ាងណាក្តី ក៏វានៅមានតម្លៃខាងផ្នែកបុរាណវិទ្យាក្នុងការសិក្សាស្រាវជ្រាវដែរ។ 


 
កន្លងមក ទីតាំងឡបុរាណនេះធ្លាប់ត្រូវបានសិក្សាបុរាណវិទ្យាដែរ និងត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយ ប៉ុន្តែកង្វះខាតនៃថវិកាទ្រទ្រង់មិនទាន់អនុញ្ញាតឱ្យការងារអភិរក្សធ្វើទៅបាននៅឡើយទេ។ នេះបើតាមទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
 
លោក ឡុង កុសល អ្នកនាំពាកក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា អ្វីដែលត្រូវធ្វើបន្ទាប់ពីនេះ គឺត្រូវកំណត់រៀបចំទីកន្លែងនេះឡើងវិញឲ្យបានត្រឹមត្រូវ និងត្រូវអប់រំពលរដ្ឋឲ្យយល់ដឹង ហើយបញ្ឈប់រាល់សកម្មភាពឈូសឆាយទាំងឡាយ។ 
 
អាជ្ញាធរជាតិអប្សរា នឹងរៀបចំជួសជុលឡបុរាណមួយនេះឡើងវិញ ប៉ុន្តែលោក ឡុង កុសល មិនទាន់អាចបញ្ជាក់លម្អិតឡើយ ព្រោះអ្នកជំនាញត្រូវសិក្សាស្រាវជ្រាវបន្ថែម៕








 
 

Tag:
 ស្រុកបន្ទាយស្រី
  កុលាលភាជន៍
© រក្សាសិទ្ធិដោយ thmeythmey.com