អន្តរជាតិ
សហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របបសឹកមីយ៉ាន់ម៉ា
22, Jun 2021 , 9:54 am        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែមិថុនា បានដាក់ទណ្ឌកម្មបន្ថែមទៀត លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាចំនួន ៨រូប និងក្រុមហ៊ុន ចំនួន៣ ដែលមានទំនាក់ទំនងជាមួយយោធា។ មិនខុសពីលើកមុនៗ ទណ្ឌកម្មនេះ ធ្វើឡើងក្រោមហេតុផលដើម្បីឆ្លើយតបនឹងការបង្រ្កាបលើក្រុមបាតុករ និងរដ្ឋប្រហារកាលពីខែកុម្ភៈកន្លងទៅ។



 
មិនខុសពីទណ្ឌកម្មរាល់ដងឡើយ សហភាពអឺរ៉ុប បានសម្រេចបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការផ្តល់ទិដ្ឋាការចូលទៅក្នុងទឹកដីសហភាពអឺរ៉ុប ចំពោះរដ្ឋមន្រ្តីមហាផ្ទៃ, រដ្ឋមន្រ្តីសន្តិសុខ, រដ្ឋមន្រ្តីហិរញ្ញវត្ថុ, រដ្ឋមន្រ្តីធនធានធម្មជាតិ, រដ្ឋមន្រ្តីដឹកជញ្ជូន និងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់របបយោធាមីយ៉ាន់ម៉ា។ 
 
ស្របគ្នាដែរ ទណ្ឌកម្មថ្មីនេះ បានដាក់លើក្រុមហ៊ុនចំនួន៣ ដែលមានពាក់ព័ន្ធជាមួយយោធាមីយ៉ាន់ម៉ា ក្នុងនោះមានដូចជាក្រុមហ៊ុនត្បូង, សហគ្រាសឈើ និងអង្គការអតីតយុទ្ធជនសង្រ្គាមមីយ៉ាន់ម៉ា។ មកទល់ពេលនេះ សហភាពអឺរ៉ុប បានដាក់បុគ្គល និងក្រុមហ៊ុនចំនួន ៣៥ ហើយ ទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន។
 
ទណ្ឌកម្មចុងក្រោយរបស់សហភាពអឺរ៉ុប បានដាក់ចេញក្នុងថ្ងៃអង់គ្លេស បានដាក់លើក្រុមហ៊ុនខាងលើ និងសមាជិករដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងបញ្ជីខ្មៅ។ 
 
ក្រុមអ្នកឃ្លាំមើលក្នុងស្រុកមីយ៉ាន់ម៉ា បានគាំទ្រចំណាត់ការថ្មីយ៉ាងខ្លាំង ប៉ុន្តែជំរុញឱ្យដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីរឹតត្បិតចំណូលយោធា។ លោកស្រី  Anna Roberts នាយកប្រតិបត្តិក្រុម Burma Campaign UK បានអះអាងថា វាជាការដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ប៉ុន្តែសហភាពអឺរ៉ុប ត្រូវតែពិនិត្យទណ្ឌកម្មលើប្រេង និងឧស្ម័នធម្មជាតិ ដែលជាប្រភពដ៏សំខាន់មួយសម្រាប់របបសឹក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ការដាក់គំនាបរបស់សហភាពអឺរ៉ុប និងអង់គ្លេស ធ្វើឡើងស្របពេលប្រមុខយោធាមីយ៉ាន់ម៉ា លោកមីន អ៊ុងឡាំង ធ្វើទស្សនកិច្ចនៅរុស្ស៊ី ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខអន្តរជាតិ។ ក្នុងអំឡុងទស្សនកិច្ចនោះ មេដឹកនាំយោធា និងលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានប្តេជ្ញារួមគ្នាពង្រឹងសន្តិសុខបន្ថែម និងរឹតចំណងទំនាក់ទំនងទ្វេភាគី។
 
គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារមក មីយ៉ាន់ម៉ា បានរងទណ្ឌកម្មជាច្រើនពីអាមេរិក សហភាពអឺរ៉ុប អង់គ្លេស កាណាដា និងប្រទេសផ្សេងទៀត។ វិបត្តិនយោបាយនៅក្នុងប្រទេសកាន់តែស្មុគ្រស្មាញ ដោយសារការប៉ះទង្គិចរវាងយោធា ជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច, បាតុកម្ម និងវិបត្តិមនុស្សធម៌ជាដើម៕ 
 

Tag:
 សហភាពអឺរ៉ុប
  មីយ៉ាន់ម៉ា
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com