COVID-19
ជាតិ
ស្វាយរៀង​មាន​៦២​នាក់ និង​ស្លាប់​១​នាក់​ទៀត ខណៈ​បន្ទាយមានជ័យ​មាន​៤៧​ករណី​បន្ថែម​
22, Jun 2021 , 10:32 pm        
រូបភាព
មន​សុ្ស ៦២​នាក់ បាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២១ មិថុនា នៅ​ខេត្តស្វាយរៀង ខណៈ​អ្នកជា​សះស្បើយ មាន​៣៧​នាក់ ហើយ​ក៏មាន​អ្នកជំងឺ​១​នាក់​ទៀត​បាន​ស្លាប់​ផងដែរ​។ ចំណែក​ខេត្តបន្ទាយមានជ័យ ក៏បាន​បន្ត​រកឃើញ​ក​រ​ណី​ថ្មី​ចំនួន ៤៧​នាក់​បន្ថែម​។​

 
​ស្វាយរៀង​៖ មាន​៦២​នាក់​ទៀត ជា​៣៧​នាក់ និង​ស្លាប់​១​នាក់​

​នៅ​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​២១ មិថុនា បាន​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ បន្ថែម ៦២​នាក់​ទៀត ខណៈ​អ្នកជា​សះស្បើយ​មាន ៣៧​នាក់​បន្ថែម និង​អ្នកស្លាប់​១​នាក់​ផងដែរ​។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត អ្នកស្លាប់​១​នាក់​នោះ​គឺជា​ស្ត្រី​វ័យ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយរៀង​។ ក្រុមគ្រូពេទ្យ​សន្និដ្ឋានថា អ្នកជំងឺ​ស្លាប់​ព្រោះតែ​រលាក​សួត និង​ខ្សោយ​សួត​ធ្ងន់ធ្ងរ​ទាំងសងខាង ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ 
 
​ចំណែក​ករណី​ថ្មី​ទាំង ៦២​នាក់ ភាគច្រើន​គឺជា​កម្មករ​រោងចក្រ​ដែល​ក្នុងនោះ​មាន​ពលរដ្ឋ​ដែល​រស់នៅ​ក្រុង​ស្វាយរៀង ,​ក្រុង​បាវិត​, ស្រុក​រំដួល ស្វាយជ្រំ ស្វាយទាប ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍​។ ត្រឹម​ថ្ងៃទី​២១​មិថុនា ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១៦៣២​នាក់ ក្នុងនោះ​១១១២​នាក់​បានជា​សះស្បើយ ស្លាប់​១២​នាក់ និង​៥០៧​នាក់ កំពុង​សម្រាក​ព្យាបាល​។ 

​បន្ទាយមានជ័យ​៖ មាន​៤៧​នាក់ ក្នុងនោះ​ភាគ​ច្រើ​នៅ​ក្រុង​ប៉ោយប៉ែត​

​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង ៤៧​នាក់​នេះ ភាគច្រើន​ជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​។ ក្រៅពីនេះ មាន​អ្នកជំងឺ​៣​នាក់ ជា​អ្នក​នៅ​ក្រុង​សិរីសោភ័ណ , ១​នាក់​នៅ​ស្រុក​ម៉ាឡៃ និង​១​នាក់​ទៀត នៅ​ស្រុក​ព្រះនេត្រព្រះ​។ ក្នុងចំណោម​អ្នក​ដែល​ទើបនឹង​រកឃើញ​នេះ មាន​កម្មករ​រោងចក្រ​, មេផ្ទះ​, សិស្ស​, អា​ជីករ​, អ្នករត់​តាក់ស៊ី​,​ប្រជា​ការពារ និង​គ្រូពេទ្យ​។ 


​ព្រៃវែង​៖ មាន​៣៣​នាក់​ទៀត និង​ស្លាប់​១​នាក់​ជា​ព្រះសង្ឃ​ព្រះជន្ម ២៣ ព្រះវស្សា​

​ក្នុងចំណោម​មនុស្ស ដែលមាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៣៣​នាក់​នោះ មាន ១៩​នាក់​នៅ​ស្រុក​ព្រះស្តេច និង​៧​នាក់​នៅ​ពារាំង​។ ក្រុង​ព្រៃវែង ស្រុក​ស្វាយ​អ​ន្ទ​រ ស៊ីធរ​កណ្តាល ពាម​រក៍ បាភ្នំ និង​ស្រុក​ពោធិ៍​រៀង សុទ្ធតែ​រកឃើញ​ករណី​ថ្មី​១​នាក់​រៀងខ្លួន​។ ចំណែក​អ្នកជំងឺ ១​នាក់​ទៀត គឺជា​អ្នក​ខេត្តកណ្តាល​។ ខេត្តព្រៃវែង ក៏​ប្រកាស​ករណី​ស្លាប់ ១​នាក់​បន្ថែម​ដែរ នៅ​ថ្ងៃទី​២១ មិថុនា លើ​ព្រះសង្ឃ​មួយអង្គ ព្រះ​ជន្ន ២៣​ព្រះវស្សា គង់នៅ​វត្ត​ពោធិ៍​ស្នាយ ដែល​ស្ថិត​ក្នុងភូមិ​គ្រួស ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេសាង​។  ក្រុមគ្រូពេទ្យ​សន្និដ្ឋានថា ព្រះ​តេជគុណ​អង្គ អស់ព្រះជន្ម ដោយសារ​វិបត្តិ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​រលាក​សួត​ទាំងសងខាង ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ គិត​មក​ថ្ងៃទី​២១ ខែមិថុនា ខេត្តព្រៃវែង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ១,២២៣​នាក់ ក្នុងនោះ ៧៥១​នាក់​បានជា​សះស្បើយ​ចំនួន ៧៥១​នាក់​, ស្លាប់​១១​នាក់ និង​៤៥៥​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​។ 

​កំពត​៖ ឆ្លង​ថ្មី​២៨​នាក់ ជា​៩៤​នាក់ និង​ស្លាប់​១​នាក់ 

​មនុស្ស ២៨​នាក់​បន្ថែមទៀត មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន​៩៤​នាក់​។ ជាមួយគ្នានេះ នៅ​ខេត្តកំពត ក៏មាន​អ្នកជំងឺ​១​នាក់​បន្ថែមទៀត បាន​ស្លាប់បាត់​បង់ជីវិត​ផងដែរ​។  តាម​រដ្ឋបាលខេត្ត ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ២៨​នាក់​នោះ ភាគច្រើន​ជា​កសិករ ហើយ​អ្នក​វិជ្ជមាន​ទាំងនោះ រស់នៅ​ស្រុក​កំពង់ត្រាច​, ស្រុក​ជុំ​គិរី​, ស្រុក​អង្គរជ័យ ,​ស្រុក​ដងទង់ និង​ស្រុក​ទឹកឈូ ខេត្តកំពត​។ អ្នកជំងឺ​ម្នាក់ ជា​អ្នកស្រុក​ត្រាំកក់ ខេត្តតាកែវ និង​ម្នាក់ទៀត​អ្នកស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។  ចំពោះ​ករណី​ស្លាប់​ម្នាក់​បន្ថែម​នោះ គឺជា​ស្ត្រី​វ័យ ៦០​ឆ្នាំ រស់នៅ​ភូមិ​ពញា​អង្គរ ឃុំ​វត្ត​អង្គ​ខាងជើង ស្រុក​បន្ទាយមាស ខេត្តតាកែវ​។ ក្រុមគ្រូពេទ្យ​សន្និដ្ឋានថា អ្នកជំងឺ​ស្លាប់​ដោយសារ វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាវ និង​រលាក​សួត​ធ្ងន់ធ្ងរ ដោយសារ​កូ​វីដ​-១៩​។  បច្ចុប្បន្ន ខេត្តកំពត មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ១០៥៩​នាក់ ក្នុងនោះ​៦៧៤​នាក់​បានជា​សះស្បើយ ១១​នាក់​ស្លាប់ និង​៣៧៤​នាក់ កំពុង​សម្រាក​ព្យាបាល​។ 

​បាត់ដំបង​៖ ឆ្លង​ថ្មី ២៤​នាក់ ជាសះស្បើយ​២២​នាក់ និង​២​នាក់​ទៀត​ស្លាប់​

​ខេត្តបាត់ដំបង​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន ២៤​នាក់​បន្ថែមទៀត នៅ​ថ្ងៃទី​២១ ខែមិថុនា និង​មាន​អ្នកជា​សះស្បើយ​ចំនួន ២២​នាក់ និង​មាន​អ្នកស្លាប់​២​នាក់​បន្ថែមទៀត​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី ២៤​នាក់​នោះ មាន​១១​នាក់​ជា​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​។ អ្នកជំងឺ​១១​នាក់​មាន​ទីលំនៅ​ក្នុង​ក្រុង​បាត់ដំបង​, ៤​នាក់​នៅ​ស្រុក​ថ្មគោល ខណៈ​ស្រុក​មោងឫស្សី និង​ស្រុក​រុក្ខ​គិរី មាន​២​នាក់​រៀងខ្លួន​។ ចំណែក​អ្នកស្លាប់​ទាំង ២​នាក់ គឺជា​ស្ត្រី ដោយ​ម្នាក់ មាន​អាយុ ៧៣​ឆ្នាំ រស់នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង និង​ម្នាក់ទៀត អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង​។ បច្ចុប្បន្ន ខេត្តបាត់ដំបង មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប ៦៦៨​នាក់ ក្នុងនោះ​៣៦៦​នាក់ បានជា​សះស្បើយ ៦​នាក់​ស្លាប់ និង​អ្នកជំងឺ​ចំនួន ២៩៦​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​។ 

​កំពង់ធំ​៖ រកឃើញ​១៩​នាក់​ទៀត ខណៈ​៧​នាក់​បានជា​សះស្បើយ​

​មនុស្ស​ចំនួន ១៩​នាក់​មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ និង​អ្នកជំងឺ​៧​នាក់​បន្ថែម​បានជា​សះស្បើយ​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង ១៩​នាក់​នោះ មាន​១០​នាក់​ជា​ពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​។ អ្នក​វិជ្ជមាន​ទាំងនោះ ជា​ពលរដ្ឋ​នៅ​ក្រុង​ស្ទឹងសែន នៅ​ស្រុក​បារាយណ៍​, តាំងគោក​, ស្ទោង​,​សណ្តាន់​,​ប្រាសាទ​សំបូរ និង​ស្រុក​ប្រាសាទ​បា​ល្ល័​ង​។ បច្ចុប្បន្ន ខេត្តកំពង់ធំ មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ៦៧០​នាក់ ក្នុងនោះ​៣១១​នាក់​បានជា​សះស្បើយ ៥​នាក់​ស្លាប់ និង​អ្នកជំងឺ ៣៥៤​នាក់ បន្ត​ការព្យាបាល​។ 

​មណ្ឌលគិរី​៖ រកឃើញ​១៦​នាក់​ទៀត ភាគច្រើន​នៅ​ក្រុង​សែន​មនោ​រម្យ​

​ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង​១៦​នាក់​នោះ មាន​១៣​នាក់​ជា​ពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ស្ពាន​មានជ័យ សង្កាត់រ​មនា សង្កាត់​សុខដុម និង​សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ទី​រួម​ខេត្តមណ្ឌលគិរី​។ ចំណែក ៣​នាក់​ទៀត ដែល​ក្នុងនោះ​មាន​កុមារ​២​នាក់​ផង គឺជា​ពលរដ្ឋ​រស់នៅ​ភូមិ​ពូ​ឆប ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​។ 

​ត្បូងឃ្មុំ​៖ ករណី​ថ្មី ១២​នាក់ និង​ជាសះស្បើយ ១២​នាក់​

​មនុស្ស​១២​នាក់ មាន​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ក៏មាន​អ្នកជំងឺ ១២​នាក់​វិញ​ដែរ បានជា​សះស្បើយ​។ តាម​រដ្ឋបាលខេត្ត ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​១២​នាក់​នោះ​មាន ៧​នាក់​ជា​ពលរដ្ឋ​រស់នៅ​ឃុំ​ក្រែក និង​ឃុំ​កណ្តោលជ្រុំ ស្រុក​ពញាក្រែក​។ អ្នក​ជំ​ងឹ ៤​នាក់​ទៀត​រស់នៅ​ឃុំ​ដារ ស្រុក​មេមត់ និង​១​នាក់​ទៀត​រស់នៅ​ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​។​

​ឧ​ត្ត​រ​មានជ័យ​៖ ឆ្លង​ថ្មី ១០​នាក់ ក្នុងនោះ​៤​នាក់​នាំចូល​ពី​ថៃ និង​១០​នាក់​បានជា​សះស្បើយ​

​ក្នុងចំណោម​ករណី​ថ្មី​ទាំង ១០​នាក់​នោះ មាន​៤​នាក់​ជា​ពលរដ្ឋ​ខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​។ អ្នកជំងឺ​៤​នាក់​គឺជា​ពលរដ្ឋ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ , ៣​នាក់​នៅ​បាត់ដំបង​, ២​នាក់​នៅ​បន្ទាយមានជ័យ និង​១​នាក់​ទៀត​នៅ​ខេត្ត​ត្បូងឃ្មុំ​។ ទន្ទឹម​ការរកឃើញ​អ្នក​ឆ្លង​ថ្មី​១០​នាក់ អាជ្ញាធរខេត្ត ក៏បាន​បញ្ជាក់ដែរថា មាន​អ្នកជំងឺ​ចំនួន ១០​នាក់ បានជា​សះស្បើយ​។ សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២១ មិថុនា ខេត្ត​ឧ​ត្ត​រ​មានជ័យ រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ចំនួន ១៨៩​នាក់ ក្នុងនោះ ១៥៤​នាក់​ជា​ករណី​នាំចូល​។ អ្នកជំងឺ ៨៧​នាក់​បានជា​សះស្បើយ​ហើយ ដោយឡែក​១០០​នាក់​ទៀត កំពុង​បន្ត​ការព្យាបាល ខណៈ​អ្នកជំងឺ ២​នាក់​បាន​ស្លាប់​។​
 
 កោះកុង៖ឆ្លងថ្មី៩៩នាក់ ភាគច្រើននៅក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
 
ខេត្តកោះកុង បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៩៩នាក់ទៀត ដោយក្នុងនោះ ៥២នាក់ជាពលរដ្ឋនៅឃុំប៉ាក់ខ្លង ឃុំពាមក្រសោប និងឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខណៈ៤០នាក់ជាពលរដ្ឋនៅសង្កាត់ដងទង់ សង្កាត់ស្ទឹងវែង និងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ពលរដ្ឋ៦នាក់ ជាពលរដ្ឋនៅឃុំបឹងព្រាវ និងឃុំដងពែង ស្រុកស្រែអំបិល និង១នាក់ទៀត ជាអ្នករស់នៅឃុំប្រឡាយ ស្រុកថ្មបាំង។
 
កំពង់ចាម៖ មាន៥០នាក់ និង៥០នាក់ជាសះស្បើយ
 
ខេត្តកំពង់ចាម ​មានអ្នកឆ្លងកូវីដ-១៩ ចំនួន៥០នាក់បន្ថែមទៀត ខណៈអ្នកដែលបានជាសះស្បើយ ក៏មាន៥០នាក់ផងដែរ។ ​ ក្នុងចំណោមអ្នកវិជ្ជមានទាំង​៥០នាក់នេះ មាន១៥នាក់នៅស្រុកព្រៃឈរ, ១០នាក់នៅស្រុកកំពង់សៀម, ៨នាក់នៅស្រុកបាធាយ ខណៈស្រុកជើងព្រៃ និងស្រុកស្រីសន្ធរ មាន៧នាក់រៀងខ្លួន។ អ្នកវិជ្ជមានក ២នាក់ទៀត ជាអ្នកស្រុកចំការលើ និង១នាក់ទៀតជាអ្នកនៅក្រុងកំពង់ចាម។ 
 
រតនគិរី៖ មាន៤៣នាក់បន្ថែម ភាគច្រើនជាពលរដ្ឋនៅក្រុងបានលុង
 
មនុស្សចំនួន ៤៣នាក់ទៀត មានតេស្តវិជ្ជមានកូវីដ-១៩ ក្នុងនោះ ៣៤នាក់ជាគឺជាពលរដ្ឋដែលរស់នៅក្នុងក្រុងបានលុង, ៦នាក់ នៅស្រុកបរកែវ និង៣នាក់ទៀតនៅស្រុកលំផាត់។ គួរបញ្ជាក់ថា នៅក្នុងរយៈ៤ថ្ងៃចុងក្រោយនេះពោលគឺចាប់ពីថ្ងៃទី១៨ មិថុនាមក ខេត្តភាគឦសានមួយនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រមាណ១៦០នាក់។ ​ 
 
សៀមរាប៖ ឆ្លងថ្មី ៣៨នាក់ និង១នាក់ស្លាប់
 
ក្នុងចំណោមករណីថ្មីទាំង ៣៨នាក់នោះ មាន៧នាក់ ជាពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ហើយសុទ្ធតែអ្នកស្រុកក្រឡាញ់។ ពលរដ្ឋ២៣នាក់ជាអ្នកនៅសង្កាត់ស្លក្រាម ,សាលាកំរើក, គោកចក ,ស្វាយដង្គំ និងសង្កាត់ស្រង៉ែ នៃក្រុងសៀមរាប។ ៣ករណីនៅស្រុកសូទ្រនិគម និង៣ករណីនៅស្រុកជីក្រែង ខណៈស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី មាន១ករណីរៀងខ្លួន។ ចំណែកករណីស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ម្នាក់ទៀតនោះ គឺជាស្ត្រីវ័យ ៨០ឆ្នាំ ដែលរស់នៅ​ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ក្រុមគ្រូពេទ្យសន្និដ្ឋានថា អ្នកជំងឺស្លាប់ដោយសារជំងឺរលាកសួត បង្កដោយ​កូវីដ-១៩។ បច្ចុប្បន្ន ខេត្តសៀមរាប មានអ្នកវិជ្ជមាន​កូវីដ-១៩ សរុប ៦២៥នាក់ ក្នុងនោះ១៦៦នាក់បានជាសះស្បើយ ស្លាប់៦នាក់ និង​៤៥៣នាក់ទៀត កំពុងសម្រាកព្យាបាល។
 
សរុបទូទាំងប្រទេស៖ ឆ្លង​ថ្មី​៦៧៨​នាក់ ជា​​៧៦៣​នាក់ អ្នកស្លាប់មាន១៨នាក់ទៀត​
 
​ក្រសួងសុខាភិបាលប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី ចំនួន​៦៧៨​នាក់ និង៧៦៣នាក់បន្ថែមបាន​ជាសះស្បើយ ខណៈ​១៨​នាក់​ទៀត បានស្លាប់នៅកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា​។ ​បច្ចុប្បន្ន កម្ពុជា មានអ្នក​ឆ្លងកូវីដ-១៩  សរុប ​៤៤ ១២៤​នាក់ អ្នកជា​សះស្បើយ មាន​ ៣៨ ៧៦៦ នាក់ និង​៤៥៩នាក់បានស្លាប់៕
 
 
 

Tag:
 ស្វាយរៀង
 បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com