ជាតិ
គណៈកម្មការ​ទន្លេ​មេគង្គ ព្រមានពីការកើនឡើងទឹកភ្លៀងនៅទន្លេមេគង្គ
22, Jun 2021 , 3:12 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ គណៈកម្មការ​ទន្លេ​មេគង្គ​ (MRC)​ បានព្យាករណ៍ថា ទឹកភ្លៀង នឹងធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គឡើង 0.៦០ម៉ែត្រនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនានេះ។




លោក Lam Hong Son ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតប្រចាំតំបន់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី១៨ ខែមិថុនា បាននិយាយថា ជំនន់ទឹកភ្លៀងជាមធ្យម ដែលតំបន់នេះទទួលបានគឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ និង ២០២០ ប្រហែល ៦០ ភាគរយ។
 
លោក ​Lam Hong Son អះអាងដូច្នេះ​៖«តំបន់​មេគង្គ​នេះ នឹង​មាន​ទឹកភ្លៀង​ប្រមាណ​៦០ភាគរយ​ច្រើន​ជាង​មធ្យម​ក្នុង​ខែនេះ​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៩ ​និង​ឆ្នាំ ២០២០។ ទឹក​ភ្លៀង​នឹង​ទាប​ជាង​មធ្យម​ក្នុង​ខែកក្កដា​និង​ប្រហែល​កម្រិត​មធ្យម​នៅ​ខែ​សីហា​ និង​កញ្ញា»។
 
លោក ​Lam Hong Son ​បន្ថែមថា នៅប្រទេសកម្ពុជា កម្រិតទឹកនៅលាតសន្ធឹងចាប់ពីខេត្តស្ទឹងត្រែង ដល់អ្នកលឿងក្នុងខេត្តព្រៃវែង នឹងកើនឡើង ០.៦៥ម៉ែត្រក្នុងរយៈពេលដូចគ្នា។ ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់កម្រិតត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ០.៦០ មទៀត។
 
ប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញជាច្រើន ព្រួយបារម្ភពីការប្រែប្រួលទឹកទន្លេមេគង្គមិនទៀងទាត់។ អ្នកជំនាញ ធ្លាប់ព្រមានថា បញ្ហានេះកើតឡើងដោយសារការដឹកជញ្ជូនតាមទន្លេ ការសាងសង់​ទំនប់​វា​រី​អគ្គស​នី​នៅ​ផ្នែក​ខាងលើ ​និងការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ ។
 
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មិថុនា បញ្ជាក់ថា ចាប់ពីថ្ងៃ២៣-២៩ មិថុនា កម្ពុជា នឹងរងឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម៕
 
 
 
 
 
 
 

Tag:
 ទន្លេមេគង្គ
  ជំនន់
  ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com